២ របាក្សត្រ 35 - អាល់គីតាបស្តេចយ៉ូសៀសរៀបចំពិធីបុណ្យរំលង 1 ស្តេចយ៉ូសៀសប្រារព្ធពិធីបុណ្យរំលង ជូនអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។ គេបានសម្លាប់កូនចៀម ធ្វើពិធីបុណ្យរំលងនៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។ 2 ស្តេចបានតែងតាំងក្រុមអ៊ីមុាំ ឲ្យបំពេញមុខងាររបស់ខ្លួន ហើយដាស់តឿនពួកគេឲ្យយកចិត្តទុកដាក់បម្រើការងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ 3 ស្តេចបង្គាប់ក្រុមលេវី ដែលគេញែកទុកដោយឡែកជូនអុលឡោះតាអាឡា ហើយមានភារកិច្ចប្រៀនប្រដៅប្រជាជន នៅស្រុកអ៊ីស្រអែលទាំងមូលថា៖ «ចូរដាក់ហិបដ៏វិសុទ្ធនៅក្នុងដំណាក់ដែលស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត ស្តេចស្រុកអ៊ីស្រអែលបានសង់។ អ្នករាល់គ្នាមិនត្រូវការសែងហិបនេះទៀតទេ ឥឡូវនេះចូរបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ហើយបម្រើអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ទៅ។ 4 ចូររៀបចំខ្លួនតាមក្រុមគ្រួសារ និងតាមជាន់ថ្នាក់របស់អ្នករាល់គ្នា ដូចទតជាស្តេចស្រុកអ៊ីស្រអែល និងស្តេចស៊ូឡៃម៉ាន ជាកូនបានចងក្រងជាក្បួនតម្រាទុកមកស្រាប់។ 5 ចូរនាំគ្នាឈរនៅក្នុងទីសក្ការៈតាមលំដាប់លំដោយ គឺក្រុមគ្រួសារលេវីនីមួយៗធ្វើជាតំណាងឲ្យក្រុមគ្រួសារផ្សេងៗនៃជនជាតិអ៊ីស្រអែល។ 6 ចូរសម្លាប់សត្វដែលត្រូវជូនសម្រាប់ពិធីបុណ្យរំលង ហើយញែកខ្លួនឲ្យបានបរិសុទ្ធ ដើម្បីរៀបចំពិធីបុណ្យរំលងជូនបងប្អូនរបស់អ្នករាល់គ្នា ស្របតាមបន្ទូលដែលអុលឡោះតាអាឡាថ្លែងតាមរយៈម៉ូសា»។ 7 ស្តេចយ៉ូសៀសយកកូនចៀម និងកូនពពែ ៣០ ០០០ ក្បាល និងគោ ៣ ០០០ ក្បាល ពីហ្វូងសត្វរបស់ស្តេចផ្ទាល់ ដើម្បីធ្វើជាគូរបានក្នុងពិធីបុណ្យរំលងសម្រាប់ប្រជាជនដែលនៅទីនោះ។ 8 ពួកមន្ត្រីរបស់ស្តេចក៏ស្ម័គ្រចិត្តយកសត្វរបស់ខ្លួនប្រគល់ជូនប្រជាជន ក្រុមអ៊ីមុាំ និងក្រុមលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការីយ៉ា និងលោកយេហ៊ីអែលជាអ្នកទទួលខុសត្រូវកិច្ចការក្នុងដំណាក់របស់អុលឡោះយកចៀម ២ ៦០០ ក្បាល ព្រមទាំងគោ ៣០០ ក្បាល ប្រគល់ជូនក្រុមអ៊ីមុាំសម្រាប់ពិធីបុណ្យរំលង។ 9 លោកកូណានា លោកសេម៉ាយ៉ា និងលោកនេថានេល ជាប្អូនរបស់លោក ព្រមទាំងលោកហាសាបយ៉ា លោកយីអែល និងលោកយ៉ូសាបាដ ជាអ្នកដឹកនាំក្រុមលេវី យកចៀម ៥ ០០០ ក្បាល ព្រមទាំងគោ ៥០០ ក្បាល ប្រគល់ជូនក្រុមលេវី សម្រាប់ពិធីបុណ្យរំលង។ 10 ពិធីបុណ្យចាប់ផ្តើមដូចតទៅ: ក្រុមអ៊ីមុាំឈរតាមកន្លែងរបស់គេរៀងៗខ្លួន ហើយក្រុមលេវីក៏ឈរតាមជាន់ថ្នាក់របស់ខ្លួន ស្របតាមបញ្ជារបស់ស្តេច។ 11 គេសម្លាប់សត្វដែលត្រូវធ្វើក្នុងឱកាសបុណ្យរំលង។ ក្រុមលេវីប្រគល់ឈាមសត្វទៅក្រុមអ៊ីមុាំ ហើយអ៊ីមុាំក៏ធ្វើពិធីប្រោះឈាមនោះនៅលើអាសនៈ។ បន្ទាប់មក ក្រុមលេវីនាំគ្នាបកស្បែកសត្វ។ 12 គេដាក់សាច់ដែលត្រូវធ្វើជាគូរបានដុតដោយឡែក សម្រាប់ប្រគល់ទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីឲ្យពួកគេជូនអុលឡោះតាអាឡា ដូចមានចែងទុកក្នុងគីតាបរបស់ម៉ូសា។ ចំពោះសាច់គោក៏គេធ្វើដូច្នោះដែរ។ 13 គេអាំងសាច់កូនចៀមដែលធ្វើសម្រាប់ពិធីបុណ្យរំលងនៅលើភ្លើង ស្របតាមវិន័យ រីឯចំណែកសាច់ដ៏សក្ការៈវិញ គេចំអិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។ 14 បន្ទាប់មកក្រុមលេវីចំអិនសាច់ដែលជាចំណែករបស់ពួកគេ និងចំណែករបស់ក្រុមអ៊ីមុាំ ដ្បិតក្រុមអ៊ីមុាំជាប់រវល់ធ្វើគូរបានដុត និងខ្លាញ់រហូតដល់យប់។ ហេតុនេះហើយបានជាក្រុមលេវីរៀបចំអាហារសម្រាប់ខ្លួនឯងផង និងសម្រាប់ក្រុមអ៊ីមុាំ ដែលជាពូជពង្សរបស់ហារូនផង។ 15 ក្រុមចំរៀងជាពូជពង្សរបស់លោកអេសាភ បំពេញមុខងារតាមកន្លែងរបស់គេរៀងៗខ្លួន ដូចស្តេចទត លោកអេសាភ លោកហេម៉ាន និងលោកយេឌូថិន ជាអ្នកទាយរបស់ស្តេចបានបង្គាប់ទុក។ រីឯឆ្មាំទ្វារក៏ឈរនៅតាមកន្លែងរបស់ខ្លួនដែរ គ្មាននរណាចាកចេញពីកន្លែងរបស់ខ្លួនឡើយ ព្រោះក្រុមលេវីរៀបចំអាហារជូនពួកគេ។ 16 នៅថ្ងៃនោះគេបានចាត់ចែងពិធីបុណ្យជូនអុលឡោះតាអាឡាតាមរបៀបនេះឯង គឺគេប្រារព្ធធ្វើពិធីបុណ្យរំលង ដោយធ្វើគូរបានដុតចំពោះអុលឡោះតាអាឡា នៅលើអាសនៈ ស្របតាមបញ្ជារបស់ស្តេចយ៉ូសៀស។ 17 ប្រជាជនអ៊ីស្រអែលដែលនៅទីនោះ នាំគ្នាប្រារព្ធពិធីបុណ្យរំលង និងពិធីបុណ្យនំបុ័ងឥតមេអស់រយៈពេលប្រាំពីរថ្ងៃ។ 18 តាំងពីជំនាន់ណាពីសាំយូអែល គេមិនដែលប្រារឰបុណ្យរំលងរបៀបនេះនៅស្រុកអ៊ីស្រអែលទេ ហើយក៏ពុំមានស្តេចស្រុកអ៊ីស្រអែលណា ប្រារឰបុណ្យរំលងដូចស្តេចយ៉ូសៀស ក្រុមអ៊ីមុាំ ក្រុមលេវី រួមជាមួយនឹងអ្នកស្រុកយូដា និងស្រុកអ៊ីស្រអែល ព្រមទាំងអ្នកក្រុងយេរូសាឡឹមនៅពេលនោះដែរ។ 19 គេប្រារឰពិធីបុណ្យរំលងនេះ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលស្តេចយ៉ូសៀស។ ដំណាក់ចុងក្រោយនៃរាជ្យស្តេចយ៉ូសៀស 20 ក្រោយព្រឹត្តិការណ៍ទាំងនោះមក គឺក្រោយពេលស្តេចយ៉ូសៀសជួសជុលដំណាក់របស់អុលឡោះតាអាឡា ស្តេចនេកោជាស្តេចស្រុកអេស៊ីប បានលើកទ័ពទៅវាយក្រុងកើកេមីស នៅតាមដងទន្លេអឺប្រាត ស្តេចយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ។ 21 ប៉ុន្តែ ស្តេចនេកោចាត់អ្នកនាំសារឲ្យមកជម្រាបស្តេចយ៉ូសៀសថា៖ «សូមជម្រាបស្តេចស្រុកយូដា តើខ្ញុំ និងស្តេចមានរឿងអ្វីនឹងគ្នា? ខ្ញុំលើកទ័ពមកថ្ងៃនេះ មិនមែនដើម្បីច្បាំងនឹងស្តេចទេ គឺខ្ញុំទៅច្បាំងជាមួយខ្មាំងសត្រូវរបស់ខ្ញុំទេតើ។ អុលឡោះបង្គាប់ខ្ញុំឲ្យទៅយ៉ាងរូតរះ។ ដូច្នេះសូមកុំជំទាស់នឹងអុលឡោះដែលនៅជាមួយខ្ញុំឡើយ ក្រែងលោទ្រង់ធ្វើឲ្យស្តេចវិនាស»។ 22 ប៉ុន្តែ ស្តេចយ៉ូសៀសនៅតែចង់តទល់នឹងស្តេចនេកោ គឺស្តេចមិនព្រមស្តាប់ពាក្យរបស់ស្តេចនេកោ ដែលជាពាក្យមកពីអុលឡោះឡើយ។ ស្តេចក៏ក្លែងខ្លួនចូលច្បាំងនឹងស្តេចស្រុកអេស៊ីប នៅជ្រលងភ្នំមេគីដោ។ 23 ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីប បានបាញ់ចំស្តេចយ៉ូសៀស។ ស្តេចបញ្ជាទៅអ្នកបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។ 24 អ្នកបម្រើលើកស្តេចចេញពីរទេះដែលស្តេចជិះ ដាក់ក្នុងរទេះមួយទៀត ដឹកទៅក្រុងយេរូសាឡឹម។ ស្តេចក៏ស្លាប់ ហើយគេបញ្ចុះសពស្តេចក្នុងផ្នូររបស់រាជវង្ស។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាកាន់ទុក្ខស្តេចយ៉ូសៀស។ 25 លោកយេរេមាបានតែងបទទំនួញមួយ រំលឹកដល់ស្តេចយ៉ូសៀស។ អ្នកចំរៀងប្រុសស្រីនាំគ្នាច្រៀងទំនួញរំលឹកដល់ស្តេចយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។ 26 កិច្ចការផ្សេងទៀតរបស់ស្តេចយ៉ូសៀស និងភក្តីភាពដែលស្តេចសំដែងចំពោះបន្ទូលដែលមានចែងទុកក្នុងហ៊ូកុំរបស់អុលឡោះតាអាឡា 27 គឺកិច្ចការផ្សេងៗដែលស្តេចបានធ្វើតាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកអ៊ីស្រអែល និងស្តេចស្រុកយូដា។ |
© 2014 United Bible Societies, UK.
United Bible Societies