Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 24 - អាល់គីតាប

1 បាឡាម​យល់​ឃើញ​ថា អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល គាត់​មិន​បាន​ចេញ​ទៅ​សួរ​អុលឡោះ​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោ‌ស្ថាន។

2 គាត់​សម្លឹង​មើល​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្រ‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ រស​របស់​អុលឡោះ​ក៏​មក​សណ្ឋិត​លើ​បាឡាម

3 គាត់​ថ្លែង​ដូច​ត​ទៅ​នេះ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់

4 នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​បន្ទូល របស់​អុលឡោះ អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។

5 កូន​ចៅ​យ៉ាកកូប​អើយ ជំរំ​របស់​អ្នក​ស្អាត​ណាស់! កូន​ចៅ​អ៊ីស្រ‌អែល​អើយ ទី​លំនៅ​របស់​អ្នក ក៏​ស្អាត​ដែរ!

6 គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ ដូច​ដើម​ក្រឹស្នា ដែលអុលឡោះ‌តាអាឡា​បាន​ដាំ ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។

7 ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌ គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់ ព្រោះ​សំបូរ​ទឹក ស្តេច​របស់​គេ​នឹង​មាន​ជ័យ​ជំនះ​លើ​ស្តេច​អកាក់ នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។

8 អុលឡោះ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ ពួក​គេ​កំទេច​ប្រជា​ជាតិនានា​ដែល​ជា​បច្ចាមិត្ត ហើយ​បំបាក់​ឆ្អឹង និង​បាញ់​ព្រួញ​ប្រហារ អ្នក​ទាំង​នោះ​ទៀត​ផង។

9 ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហ តើ​នរណា​ហ៊ាន​ដាស់​ពួក​គេ? អ្នក​ណា​ឲ្យ​ពរ​អ៊ីស្រ‌អែល អ្នក​នោះ​នឹង​ទទួលពរ អ្នក​ណា​ដាក់​បណ្តាសា​អ៊ីស្រ‌អែល អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!»។

10 ពេល​នោះ ស្តេច​បាឡាក់​ខឹង​នឹង​បាឡាម ស្តេច​ទះ​ដៃ​ខ្លាំងៗ ទាំង​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ហៅ​អ្នក​មក ដើម្បី​ឲ្យ​អ្នក​ដាក់​បណ្តាសា​ខ្មាំង​សត្រូវ​របស់​យើង តែ​អ្នក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​ទៅ​បី​ដង​ទៅ​វិញ!។

11 ឥឡូវ​នេះ ចូរ​អ្នក​រត់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ទៅ! យើង​មាន​បំណង​ផ្តល់​កិត្តិយស​ឲ្យ​អ្នក តែអុលឡោះ‌តាអាឡា​រារាំង​អ្នក​មិន​ឲ្យ​ទទួល​កិត្តិយស​នេះ​ទេ!»។

12 បាឡាម​ជម្រាប​ស្តេច​វិញ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អស់​អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ​ជួប​ខ្ញុំ រួច​ហើយ​ថា

13 “ទោះ​បី​ស្តេច​បាឡាក់​ឲ្យ​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្តី ក៏​ខ្ញុំ​ពុំ​អាច​សម្រេច​ការ​ល្អ ឬ​អាក្រក់​ដោយ​ខ្លួន​ឯង ខុស​នឹង​បញ្ជា​របស់អុលឡោះ‌តាអាឡា​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្តី​ណា​ដែលអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​ខ្ញុំ។

14 ឥឡូវ​នេះ មុន​ពេល​ខ្ញុំ​វិល​ទៅ​ជួប​ជុំ​នឹង​ប្រជា‌ជន​របស់​ខ្ញុំ​វិញ សូម​ស្តេច​មក​ជិត​ខ្ញុំ ដើម្បី​ខ្ញុំ​ប្រាប់​អំពី​ការ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​របស់​ស្តេច នៅ​ពេល​ខាង​មុខ»។

15 បាឡាម​ថ្លែង​ដូច​ត​ទៅ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់

16 នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​បន្ទូល របស់​អុលឡោះ អ្នក​ដែល​ស្គាល់​តំរិះ​របស់​ទ្រង់​ដ៏​ខ្ពង់​ខ្ពស់​បំផុត អ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។

17 ខ្ញុំ​ឃើញ​ស្តេច​ម្នាក់ តែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ស្តេច​នោះ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកកូប មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រ‌អែល ស្តេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់ ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។

18 ស្តេច​នឹង​កាន់​កាប់​ស្រុក​អេដុម នឹង​កាន់​កាប់​ស្រុក​សៀរ ដែល​ជា​សត្រូវ ពេល​នោះ​អ៊ីស្រ‌អែល​ពង្រឹង​កម្លាំង​របស់​ខ្លួន។

19 ស្តេច​ដែល​ចេញ​ពី​យ៉ាកកូប​នឹង​គ្រង​រាជ្យ​លើ​ស្តេច​ទាំង​អស់។ ស្តេច​នឹង​កំទេច​អស់​អ្នក​ដែល​នៅ​សេស‌សល់​ក្នុង​ទី​ក្រុង»។

20 ពេល​ឃើញ​ជន‌ជាតិ​អាម៉ា‌ឡេក បាឡាម ថ្លែង​ថា៖ «អាម៉ា‌ឡេក​ជា​ប្រជា​ជាតិ​មួយ​ធំ​ជាង​គេ​មែន ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​អន្តរាយ»។

21 ពេល​ឃើញ​ជន‌ជាតិ​កែន គាត់​ថ្លែង​ថា៖ «អ្នក​មាន​ទីលំនៅ​ដ៏​រឹង​មាំ ដូច​សត្វ​ធ្វើ​សំបុក​នៅ​លើ​ថ្ម​ដា។

22 ក៏​ប៉ុន្តែ កែន​នឹង​ត្រូវ​ភ្លើង​ឆាប​ឆេះ អាស‌ស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។

23 គាត់​ថ្លែង​ទៀត​ថា៖ «ពេល​អុលឡោះ​វិនិច្ឆ័យ​ទោស តើ​នរណា​អាច​រស់​រាន​បាន!

24 មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម ពួក​គេ​នឹង​បង្ក្រាប​អាស‌ស៊ើរ និង​ហេប៊ើរ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។

25 បាឡាម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ រីឯ​ស្តេច​បាឡាក់​ក៏​ចាក​ចេញ​ទៅ​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម