២ សាំយូអែល 1 - អាល់គីតាបរាជ្យរបស់ទត ណាពីទតទទួលដំណឹងអំពីការស្លាប់របស់ស្តេចសូល 1 កាលស្តេចសូលស្លាប់ទៅ ទតដែលបានវាយឈ្នះជនជាតិអាម៉ាឡេក ក៏វិលត្រឡប់មកក្រុងស៊ីគឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។ 2 នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្តេចសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបទតហើយ គាត់ក្រាបគោរព។ 3 ទតសួរថា៖ «អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំរត់ចេញពីជំរំអ៊ីស្រអែល»។ 4 ទតសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖ «ទាហានអ៊ីស្រអែលបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ហើយមានទាហានជាច្រើនត្រូវគេសម្លាប់ សូម្បីតែស្តេចសូល និងសម្តេចយ៉ូណាថានជាកូន ក៏ស្លាប់ដែរ»។ 5 ទតសួរយុវបុរសដែលនាំដំណឹងមកនោះថា៖ «ម្ដេចក៏អ្នកដឹងថាស្តេចសូល និងសម្តេចយ៉ូណាថានស្លាប់?»។ 6 យុវបុរសរៀបរាប់ថា៖ «ពេលកើតហេតុការណ៍នោះ ខ្ញុំក៏ស្ថិតនៅលើភ្នំគីលបោដែរ។ ខ្ញុំបានឃើញស្តេចសូលច្រត់នៅលើលំពែងរបស់គាត់ ហើយមានរទេះចំបាំង និងទ័ពសេះរបស់សត្រូវដេញតាមយ៉ាងប្រកិត។ 7 ស្តេចងាកមកឃើញខ្ញុំ ហើយហៅខ្ញុំ។ ខ្ញុំឆ្លើយថា “បាទលោក!”។ 8 ស្តេចសួរខ្ញុំថា “អ្នកជានរណា?” ខ្ញុំជម្រាបថា “ខ្ញុំជាជនជាតិអាម៉ាឡេក”។ 9 ពេលនោះ ស្តេចបង្គាប់មកខ្ញុំថា “ចូរមកជិតយើង សម្លាប់យើងទៅ! ទោះបីយើងនៅដឹងខ្លួនក្តី ក៏យើងកាន់តែល្វើយទៅៗ”។ 10 ខ្ញុំចូលទៅជិត ហើយសម្លាប់ស្តេចទៅ ដ្បិតខ្ញុំដឹងច្បាស់ថា ដោយស្តេចបរាជ័យដូច្នេះ គាត់មិនអាចរស់តទៅទៀតបានឡើយ។ ខ្ញុំដោះយកមកុដ និងខ្សែដៃរបស់ស្តេច ដែលខ្ញុំសូមយកមកជូនលោកម្ចាស់នៅទីនេះ»។ 11 ទតទាញសម្លៀកបំពាក់របស់គាត់មកហែក ហើយអស់អ្នកដែលនៅជាមួយគាត់ក៏ធ្វើដូចគាត់ដែរ។ 12 ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំលឹកដល់ស្តេចសូល សម្តេចយ៉ូណាថានជាកូន ព្រមទាំងកងទ័ពរបស់អុលឡោះតាអាឡា និងពូជពង្សអ៊ីស្រអែល ដែលបានបាត់បង់ជីវិតនៅលើសមរភូមិ។ 13 បន្ទាប់មក ទតមានប្រសាសន៍ទៅកាន់យុវបុរសដែលនាំដំណឹងមកជម្រាបគាត់នោះថា៖ «អ្នកជានរណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាកូនរបស់ជនជាតិអាម៉ាឡេកម្នាក់ ដែលរស់នៅក្នុងស្រុកនេះ»។ 14 ទតមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកហ៊ានលើកដៃសម្លាប់ស្តេច ដែលអុលឡោះតាអាឡាបានតែងតាំង?»។ 15 ទតហៅក្មេងបម្រើម្នាក់របស់គាត់មករួចបញ្ជាថា៖ «ចូរមកជិត ហើយសម្លាប់អ្នកនេះចោលទៅ!»។ អ្នកបម្រើនោះក៏សម្លាប់ជនជាតិអាម៉ាឡេក។ 16 ទតពោលថា៖ «អ្នកស្លាប់ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសំដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានសម្លាប់ស្ដេចដែលអុលឡោះតាអាឡាបានតែងតាំង»។ ទំនួញរបស់ទត 17 ទតបានលើកទំនុកមួយបទ ដើម្បីរំលឹកដល់ស្តេចសូល និងសម្តេចយ៉ូណាថានជាកូន។ 18 គាត់បានបញ្ជាឲ្យគេបង្រៀនទំនុកនេះដល់អ្នកស្រុកយូដា គឺ«ទំនុកធ្នូ» ដែលមានកត់ត្រាទុកក្នុងក្រាំង «ជនសុចរិត»។ 19 អ៊ីស្រអែលអើយ! ហេតុអ្វីបានជាវីរជនរបស់អ្នក ត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ? ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវបាត់បង់ជីវិតដូច្នេះ? 20 មិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះ នៅតាមផ្លូវក្នុងក្រុងអាសកាឡូនដែរ ក្រែងលោកូនស្រីរបស់ជនជាតិភីលីស្ទីន នាំគ្នាអរសប្បាយ ក្រែងលោកូនស្រីនៃសាសន៍ដទៃ នាំគ្នាត្រេកអរ។ 21 ជួរភ្នំគីលបោអើយ! សូមកុំឲ្យមានទឹកសន្សើម ឬភ្លៀង ធ្លាក់មកលើអ្នកឡើយ ហើយក៏កុំឲ្យមានចម្ការដែលផ្តល់ភោគផលទៀតដែរ។ ដ្បិតនៅទីនេះហើយដែលសត្រូវបាន បន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាច ហើយខែលរបស់ស្តេចសូល ក៏លែងបានលាបប្រេងតទៅទៀតដែរ។ 22 ធ្នូរបស់សម្តេចយ៉ូណាថានឥតរេថយឡើយ ហើយដាវរបស់ស្តេចសូល ក៏មិនស៊កចូលស្រោមវិញដែរ ដរាបណាមិនបានបង្ហូរឈាមសត្រូវ និងសម្លាប់ ទាហានដ៏ខ្លាំងពូកែរបស់ពួកគេទេនោះ។ 23 ស្តេចសូល និងសម្តេចយ៉ូណាថាន ជាមនុស្សគួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលរស់ គឺរស់ជាមួយគ្នា ហើយពេលស្លាប់ ក៏ស្លាប់ជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី ហើយខ្លាំងដូចសត្វសិង្ហ។ 24 ឱកូនស្រីនៃជនជាតិអ៊ីស្រអែលអើយ! ចូរយំស្រណោះស្តេចសូលទៅ ព្រោះគាត់តែងប្រទានឲ្យពួកនាង មានសម្លៀកបំពាក់ដ៏រុងរឿងត្រចះត្រចង់ ព្រមទាំងមានរំយោលមាសទៀតផង។ 25 ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់ ក្នុងពេលប្រយុទ្ធដូច្នេះ? ហេតុអ្វីបានជាសម្តេចយ៉ូណាថាន ត្រូវខ្មាំងចាក់ទម្លុះនៅលើកំពូលភ្នំដូច្នេះ?។ 26 បងយ៉ូណាថាន ជាទីស្រឡាញ់បំផុតអើយ ចិត្តខ្ញុំឈឺចាប់ខ្លោចផ្សា ដោយសារបាត់បង់រូបបង សេចក្តីស្រឡាញ់របស់បងវិសេសបំផុត គឺប្រសើរលើសសេចក្តីស្រឡាញ់ របស់ស្រីៗទៅទៀត។ 27 ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធ ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ? |
© 2014 United Bible Societies, UK.
United Bible Societies