យេរេមា 14 - អាល់គីតាបបន្ទូលរបស់អុលឡោះនៅគ្រារាំងស្ងួត 1 នេះជាសេចក្ដីដែលអុលឡោះតាអាឡា មានបន្ទូលមកកាន់ យេរេមានៅគ្រារាំងស្ងួត។ 2 ប្រជាជននៅស្រុកយូដានាំគ្នាកាន់ទុក្ខ ទីក្រុងរបស់គេធ្លាក់ដុនដាប ហើយកាន់តែទ្រុឌទ្រោមទៅៗ។ សំរែកថ្ងូររបស់អ្នកក្រុងយេរូសាឡឹម លាន់ឮឡើង។ 3 ពួកអ្នកធំប្រើអ្នកតូចតាចឲ្យទៅរកទឹក ពេលអ្នកទាំងនោះទៅដល់ស្រះ ពុំឃើញមានទឹកសោះ។ គេត្រឡប់មកវិញ ក្អមទទេ ហើយខកចិត្ត អាម៉ាស់ និងអស់សង្ឃឹមទៀតផង។ 4 អ្នកស្រែចម្ការខកចិត្តជាខ្លាំង ហើយអស់សង្ឃឹម ដោយឃើញដីបែកក្រហែង ព្រោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះទេ។ 5 សូម្បីតែប្រើសនៅតាមព្រៃក៏បោះបង់ចោល កូនរបស់វាដែលទើបនឹងកើតមកនោះដែរ ព្រោះគ្មានស្មៅសម្រាប់ជាចំណីឡើយ។ 6 សត្វលាព្រៃនាំគ្នាឈរនៅតាមកំពូលភ្នំ ហើយហិតខ្យល់ដូចឆ្កែព្រៃ ភ្នែកវាស្លក់អស់ ព្រោះគ្មានស្មៅស៊ី។ 7 ឱអុលឡោះតាអាឡាជាម្ចាស់អើយ យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតមេត្តាដល់យើងខ្ញុំផង ដោយយល់ដល់នាមរបស់ទ្រង់! យើងខ្ញុំបានក្បត់ទ្រង់ជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងទ្រង់។ 8 ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល ទ្រង់តែងតែសង្គ្រោះយើងខ្ញុំ នៅពេលមានអាសន្ន។ ហេតុដូចម្ដេចបានជាទ្រង់នៅព្រងើយ ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ? 9 ហេតុអ្វីបានជាទ្រង់ធ្វើហាក់ដូចជា មនុស្សគ្មានកម្លាំងកំហែង ឬដូចវីរបុរសដែលពុំអាចជួយសង្គ្រោះ អ្នកដទៃទៀតដូច្នេះ? ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់នៅ កណ្ដាលចំណោមយើងខ្ញុំស្រាប់ហើយ យើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ សូមកុំបោះបង់ចោលយើងខ្ញុំឡើយ។ 10 អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីប្រជាជននេះថា ពួកគេមិនចេះនៅស្ងៀមទេ គឺគេចូលចិត្តរត់ទៅរកព្រះនានា។ អុលឡោះតាអាឡាមិនពេញចិត្តនឹងពួកគេទេ ទ្រង់នឹកឃើញកំហុសរបស់ពួកគេ ហើយទ្រង់ដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។ 11 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «កុំអង្វរយើង ឲ្យត្រាប្រណីប្រជាជននេះធ្វើអ្វី! 12 ទោះបីពួកគេតមអាហារក្ដី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេជូនគូរបានដុត និងជំនូនផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេឲ្យវិនាស ដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។ 13 ខ្ញុំជម្រាបទ្រង់ថា៖ «អុលឡោះតាអាឡាជាម្ចាស់ ពួកណាពីប្រាប់ពួកគេថា “អ្នករាល់គ្នានឹងមិនជួបសង្គ្រាម មិនជួបទុរ្ភិក្សទេ! ផ្ទុយទៅវិញ អុលឡោះតាអាឡានឹងប្រទានឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្តដ៏ពេញលេញ ក្នុងស្រុកនេះ”»។ 14 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំវិញថា៖ «ណាពីទាំងនោះថ្លែងសេចក្ដីមិនពិត ពួកគេយកឈ្មោះយើងមកប្រើ ដោយយើងមិនបានចាត់ ឬបង្គាប់ពួកគេឲ្យថ្លែងពាក្យរបស់យើងឡើយ។ សេចក្ដីដែលគេថ្លែងប្រាប់អ្នករាល់គ្នា សុទ្ធតែជានិមិត្តហេតុដ៏អស្ចារ្យក្លែងក្លាយ ពាក្យទស្សន៍ទាយប្រឌិត និងពាក្យឥតបានការ ដែលជាការបោកប្រាស់។ 15 ហេតុនេះហើយបានជាយើងដែលជាអុលឡោះតាអាឡា យើងសុំប្រកាសថា ណាពីដែលនាំគ្នាថ្លែងសេចក្ដីក្នុងនាមយើង ដោយយើងមិនបានប្រើ គឺប្រកាសថា គ្មានសង្គ្រាម ឬទុរ្ភិក្សនៅស្រុកនេះ មុខជាត្រូវវិនាសដោយសារសង្គ្រាម និងទុរ្ភិក្សមិនខាន។ 16 រីឯប្រជាជនដែលបានស្ដាប់ពាក្យរបស់ណាពីទាំងនោះ ក៏ត្រូវស្លាប់ដោយសារទុរ្ភិក្ស និងសង្គ្រាមដែរ ហើយសាកសពរបស់គេ នឹងត្រូវបោះបង់ចោលនៅតាមដងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ដ្បិតគ្មាននរណាកប់ខ្មោចពួកគេ ឬខ្មោចប្រពន្ធ និងខ្មោចកូនប្រុសស្រីរបស់គេឡើយ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។ 17 ចូរអ្នកប្រកាសពាក្យនេះថា: “ទឹកភ្នែករបស់យើងហូរទាំងយប់ទាំងថ្ងៃ ឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារី គឺក្រុងនៃប្រជាជនរបស់យើង ត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។ 18 ពេលចេញទៅស្រុកស្រែ យើងឃើញសុទ្ធតែសាកសព ដែលស្លាប់ដោយមុខដាវ ពេលចូលក្នុងទីក្រុង យើងឃើញសុទ្ធតែអ្នករងទុក្ខដោយទុរ្ភិក្ស។ ណាពី និងអ៊ីមុាំធ្វើដំណើរឆ្លងកាត់ស្រុក តែពុំយល់អ្វីឡើយ”»។ 19 ឱអុលឡោះតាអាឡាអើយ តើទ្រង់ពិតជាបោះបង់ចោលយូដាឬ? តើទ្រង់ស្អប់ក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាទ្រង់វាយយើងខ្ញុំឲ្យរបួស មើលមិនជាដូច្នេះ? យើងខ្ញុំសង្ឃឹមថាបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ យើងខ្ញុំសង្ឃឹមថាបានជាសះស្បើយ តែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។ 20 ឱអុលឡោះតាអាឡាជាម្ចាស់អើយ យើងខ្ញុំសូមសារភាពថា យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ហើយដូនតារបស់យើងខ្ញុំក៏បានប្រព្រឹត្ត អំពើទុច្ចរិតដែរ។ យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹង បំណងរបស់ទ្រង់។ 21 ដោយយល់ដល់នាមរបស់ទ្រង់ សូមមេត្តាកុំបំបាក់មុខយើងខ្ញុំ សូមកុំធ្វើឲ្យក្រុងយេរូសាឡឹម ដែលជាបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់ ត្រូវអាម៉ាស់។ សូមនឹកចាំពីសម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយយើងខ្ញុំ សូមកុំផ្ដាច់សម្ពន្ធមេត្រីនេះឡើយ។ 22 ក្នុងចំណោមព្រះដ៏ឥតបានការរបស់ ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចធ្វើឲ្យភ្លៀងធ្លាក់បានទេ! សូម្បីតែមេឃផ្ទាល់ ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។ ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ មានតែទ្រង់ទេដែលអាចបង្អុរភ្លៀងបាន យើងខ្ញុំសង្ឃឹមលើទ្រង់តែមួយប៉ុណ្ណោះ ត្បិតហេតុការណ៍ទាំងនេះកើតមកពីទ្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies