អេសាយ 25:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គ ហើយព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គសង្គ្រោះយើង!»។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ អាល់គីតាប នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃយើង យើងបានផ្ញើជីវិតលើទ្រង់ ហើយទ្រង់សង្គ្រោះយើង យើងបានផ្ញើជីវិតលើអុលឡោះតាអាឡាមែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតទ្រង់សង្គ្រោះយើង!»។ |
យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជម្នះ យើងនឹងលើកទង់ជ័យឡើង ក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។ សូមព្រះអម្ចាស់សម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះរាជាទូលសូម។
ព្រះអម្ចាស់អើយ ព្រះរាជាមានអំណរណាស់ ព្រោះព្រះអង្គប្រទានកម្លាំង ព្រះរាជាមានអំណររីករាយជាខ្លាំង ព្រោះព្រះអង្គប្រទានឲ្យមានជ័យជម្នះ។
ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ចុះ!។
យើងមានអំណរសប្បាយ ដោយរួមជាមួយព្រះអង្គ យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ។
ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។ ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមយាងមកកុំបង្អង់ឡើយ!
ដើម្បីឲ្យទូលបង្គំថ្លែងគ្រប់ពាក្យ សរសើរតម្កើងព្រះអង្គនៅមាត់ទ្វារក្រុងស៊ីយ៉ូន និងឲ្យទូលបង្គំត្រេកអរសប្បាយបំផុត ព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ។
សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់! ចូរស្រែកច្រៀងដោយអំណរ ថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផង យើងខ្ញុំសង្ឃឹមលើព្រះអង្គហើយ រៀងរាល់ព្រឹក សូមព្រះអង្គធ្វើជាកម្លាំងដល់យើងខ្ញុំ។ នៅពេលមានអាសន្ន សូមសង្គ្រោះយើងខ្ញុំផង!
ព្រះអម្ចាស់គ្រប់គ្រងលើយើង ព្រះអង្គប្រទានច្បាប់ទម្លាប់មកយើង ព្រះអង្គជាព្រះមហាក្សត្ររបស់យើង មានតែព្រះអង្គទេដែលសង្គ្រោះយើង។
វាលរហោស្ថាន និងដីហួតហែង ចូររីករាយឡើង! រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ ហើយមានផ្ការីកស្គុសស្គាយឡើង!
ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។
ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតព្រះអម្ចាស់ប្រទានឲ្យទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញ សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា: ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គយាងមកសងសឹក ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺព្រះអង្គផ្ទាល់ យាងមកសង្គ្រោះអ្នករាល់គ្នា។
ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ឥឡូវនេះ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែព្រះអង្គមួយប៉ុណ្ណោះដែលជាព្រះអម្ចាស់!»។
ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅលើភ្នំខ្ពស់! ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ ចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ! ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា: មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា!
អ្នកកម្ចាត់កម្ចាយពួកគេឲ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់ អ្នកនឹងខ្ពស់មុខ ព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រិយ៍ ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក ឱនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាព្រះអម្ចាស់ អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។
មែនហើយ! ព្រះអម្ចាស់សម្រាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ព្រះអង្គសម្រាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺព្រះអង្គនឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ព្រះអង្គនឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់ព្រះអម្ចាស់។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសម្រែកសប្បាយរីករាយ ព្រមទាំងមានបទចម្រៀងអរព្រះគុណ និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។
ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធ របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា ព្រះសង្គ្រោះរបស់អ្នក គឺព្រះអម្ចាស់ ព្រះដែលលោះអ្នក គឺព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធិបារមី។
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែព្រះអម្ចាស់ ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែព្រះរបស់ខ្ញុំ ដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។ ព្រះអង្គបានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
ព្រះអង្គតែងតែប្រណីសន្ដោសអស់អ្នកដែល ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីករាយ គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ព្រះអង្គ។ ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញ ព្រះអង្គនឹងសង្គ្រោះយើងខ្ញុំ។ ផ្ទុយទៅវិញ ព្រះអង្គទ្រង់ព្រះពិរោធ នៅពេលណាយើងខ្ញុំងាកចេញពី មាគ៌ារបស់ព្រះអង្គ។
ចូរអរសប្បាយឡើង ចូរសប្បាយរីករាយរហូតតទៅ ចំពោះអ្វីៗដែលយើងបង្កើតមក គឺយើងបង្កើតក្រុងយេរូសាឡឹម ដែលមានអំណរសប្បាយរីករាយ យើងបង្កើតប្រជាជននៅក្រុងនេះ ដែលមានអំណរ។
ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។
រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅព្រះអម្ចាស់ ខ្ញុំសង្ឃឹមលើព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះរបស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។
រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ ហើយមានអំណរដ៏លើសលុប ដោយព្រះជាម្ចាស់សង្គ្រោះខ្ញុំ។
អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ ពេលឃើញដូច្នេះ កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ ព្រោះតែព្រះអម្ចាស់។
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ ព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមក ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់នៅលើខ្នងលា គឺព្រះអង្គគង់នៅលើខ្នងកូនលា។
នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត* គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធ*សណ្ឋិតលើគាត់
មួយវិញទៀត បងប្អូនអើយ ចូរមានអំណរសប្បាយ ដោយបានរួមជាមួយព្រះអម្ចាស់។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះមកបងប្អូនឡើយ ខ្ញុំសរសេរដូច្នេះ ដើម្បីពង្រឹងជំនឿរបស់បងប្អូន។
ដ្បិតយើងឯណេះវិញទេដែលជាអ្នកកាត់ស្បែកពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមព្រះវិញ្ញាណ យើងអួតអាងលើព្រះគ្រិស្ត*យេស៊ូ យើងមិនពឹងផ្អែកលើលោកីយ៍ទេ។
ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រិស្ត ជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះសង្គ្រោះនៃយើង យាងមកប្រកបដោយសិរីរុងរឿង។
ហេតុនេះហើយបានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗក្នុងមួយរយៈពេលខ្លីក៏ដោយ។
បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្ដី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន
ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែង ធ្វើឲ្យថ្ងៃដែលព្រះជាម្ចាស់ត្រូវយាងមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។
មើល៍! ព្រះអង្គយាងមកនៅកណ្ដាលពពក*។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅ ព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។
ព្រះអង្គដែលបានបញ្ជាក់សេចក្ដីទាំងនេះ ទ្រង់មានព្រះបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ!»។ អាម៉ែន! ព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! ។