ទំនុកតម្កើង 20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ពាក្យទូលអង្វរសុំជ័យជម្នះ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះរាជា នៅថ្ងៃដែលស្ដេចមានអាសន្ន សូមព្រះនាមព្រះរបស់លោកយ៉ាកុប ការពារព្រះរាជា!។ 2 សូមព្រះអង្គជួយព្រះរាជា ពីព្រះវិហាររបស់ព្រះអង្គ សូមព្រះអង្គគាំទ្រព្រះរាជាពីភ្នំស៊ីយ៉ូន!។ 3 សូមឲ្យព្រះអង្គនឹកឃើញតង្វាយ ទាំងប៉ុន្មានរបស់ព្រះរាជា ហើយសូមឲ្យព្រះអង្គគាប់ព្រះហឫទ័យ នឹងយញ្ញបូជាដែលស្ដេចយកមកថ្វាយ!។ - សម្រាក 4 សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជា តាមតែទ្រង់ប្រាថ្នា និងធ្វើឲ្យគម្រោងការ របស់ព្រះរាជាបានសម្រេចទាំងអស់!។ 5 យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជម្នះ យើងនឹងលើកទង់ជ័យឡើង ក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។ សូមព្រះអម្ចាស់សម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះរាជាទូលសូម។ 6 ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់សង្គ្រោះ ព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក ព្រះអង្គឆ្លើយតបនឹងព្រះរាជា ពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខ គឺព្រះអង្គប្រទានឲ្យព្រះរាជាមានជ័យជម្នះ ដោយសារឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ។ 7 អ្នកខ្លះពឹងផ្អែកលើរទេះចម្បាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង។ 8 អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។ 9 ព្រះអម្ចាស់អើយ សូមសង្គ្រោះព្រះរាជាផង! ពេលយើងខ្ញុំអង្វររកព្រះអង្គ សូមឆ្លើយតបមកយើងខ្ញុំវិញផង! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies