ទំនុកតម្កើង 95 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់! 1 សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់! ចូរស្រែកច្រៀងដោយអំណរ ថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។ 2 ចូរយើងនាំគ្នាចូលមកចំពោះព្រះភ័ក្ត្រព្រះអង្គ ទាំងអរព្រះគុណ និងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ 3 ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ព្រះអង្គជាព្រះមហាក្សត្រ ដ៏ខ្ពង់ខ្ពស់លើសព្រះនានា។ 4 ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ។ 5 សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។ 6 ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដែលបានបង្កើតយើងមក 7 ដ្បិតព្រះអង្គជាព្រះនៃយើង យើងជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។ ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ 8 មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ 9 គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការ ដែលយើងធ្វើក៏ដោយ។ 10 ក្នុងអំឡុងពេលសែសិបឆ្នាំ មនុស្សនៅជំនាន់នោះ បានធ្វើឲ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា: ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។ 11 ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies