សាការី 10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលសង្គ្រោះអ៊ីស្រាអែល 1 ចូរទូលសូមព្រះអម្ចាស់ប្រទាន ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ! ព្រះអម្ចាស់នឹងធ្វើឲ្យមានខ្យល់ព្យុះ ព្រះអង្គប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌ ព្រះអង្គធ្វើឲ្យដំណាំលូតលាស់ នៅតាមចម្ការរបស់អ្នករាល់គ្នា។ 2 រីឯរូបព្រះក្លែងក្លាយ ដែលអ្នករាល់គ្នាទៅសាកសួរ ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ ពាក្យលើកទឹកចិត្តរបស់ពួកគេ ក៏ឥតបានការដែរ។ ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀមគ្មានគង្វាល។ 3 «យើងខឹងនឹងពួកគង្វាលខ្លាំងណាស់ យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ ប្រជារាស្ត្ររបស់យើង»។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងយាងមករំដោះ កូនចៅយូដាដែលជាហ្វូងចៀមរបស់ព្រះអង្គ។ ព្រះអង្គប្រោសប្រទានឲ្យពួកគេ ទទួលកិត្តិយស ដូចសេះចម្បាំងដ៏ចំណាន។ 4 មេដឹកនាំទាំងអស់នឹងកើតចេញ ពីកុលសម្ព័ន្ធយូដា ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់ រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចម្បាំង។ 5 ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។ ពួកគេវាយសម្រុកទៅលើខ្មាំង ដ្បិតព្រះអម្ចាស់គង់នៅជាមួយពួកគេ។ រីឯទ័ពសេះរបស់ខ្មាំងសត្រូវ នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ 6 «យើងនឹងពង្រឹងកម្លាំងកូនចៅយូដា យើងនឹងសង្គ្រោះកូនចៅយ៉ូសែប យើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញ ដ្បិតយើងនឹងអាណិតអាសូរពួកគេ។ ពួកគេនឹងប្រៀបដូចជាប្រជាជន ដែលយើងមិនបានបោះបង់ចោលសោះ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងឆ្លើយតបទៅពួកគេវិញ។ 7 អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ ពេលឃើញដូច្នេះ កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ ព្រោះតែព្រះអម្ចាស់។ 8 យើងនឹងហៅប្រជារាស្ត្ររបស់យើង ឲ្យមកជួបជុំគ្នា ដ្បិតយើងបានរំដោះពួកគេ។ ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។ 9 យើងនឹងកម្ចាត់កម្ចាយពួកគេ ទៅនៅក្នុងចំណោមប្រជាជាតិនានា ពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើង ពួកគេនឹងបង្កើតកូនចៅ ហើយនាំគ្នាវិលត្រឡប់មកវិញ។ 10 យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី យើងនឹងនាំពួកគេទៅនៅ ស្រុកកាឡាដ និងស្រុកលីបង់ រហូតទាល់តែចង្អៀតទឹកដី។ 11 ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ យើងនឹងវាយរលកសមុទ្រ ហើយសូម្បីតែបាតទន្លេនីលក៏រីងស្ងួតដែរ។ យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។ 12 យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies