Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 51:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មែន​ហើយ! ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​សម្រាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់ គឺ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ បាន​ដូច​ជា​សួន​អេដែន។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន នឹង​មាន​ឮ​សូរ​សម្រែក​សប្បាយ​រីក‌រាយ ព្រម​ទាំង​មាន​បទ​ចម្រៀង​អរ​ព្រះ‌គុណ និង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​កម្សាន្តចិត្ត​ស៊ីយ៉ូន ព្រះអង្គ​ទ្រង់​កម្សាន្តចិត្ត​អស់ទាំង​ទីបាក់បែក​របស់នាង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​របស់នាង​បាន​ដូចជា​អេដែន ក៏​ធ្វើឲ្យ​វាលខ្សាច់​របស់នាង​បាន​ដូចជា​សួនច្បារ​របស់​ព្រះយេហូវ៉ា​ដែរ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​ត្រូវបាន​រកឃើញ​នៅក្នុង​នាង ព្រមទាំង​ការអរព្រះគុណ និង​សូរ​ទំនុកភ្លេង​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច‌បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ប្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន របស់​ព្រះ‌យេហូវ៉ា​ដែរ មាន​អំណរ និង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ និង​សំឡេង​តន្ត្រី​ពីរោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ទ្រង់​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច​បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ព្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន​របស់​ព្រះ‌យេហូវ៉ា​ដែរ នឹង​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ នឹង​សំឡេង​ពីរំ‌ពីរោះ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មែន​ហើយ! អុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន ទ្រង់​សំរាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ បាន​ដូច​ជា​សួន​អេដែន។ ទ្រង់​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់អុលឡោះ‌តាអាឡា។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន នឹង​មាន​ឮ​សូរ​សំរែក​សប្បាយ​រីក‌រាយ ព្រម​ទាំង​មាន​បទ​ចំរៀង​អរគុណ និង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 51:3
36 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឡុត​ងើប​មុខ​ឡើង សម្លឹង​មើល​ទៅ​ឃើញ​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល មាន​ទឹក​នៅ​គ្រប់​ទី​កន្លែង។ នៅ​មុន​ពេល​ដែលព្រះ‌អម្ចាស់​រំលាយ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ទឹក​ដី​នៅ​កន្លែង​នោះ រហូត​ដល់​ស្រុក​សូអារ ប្រៀប​បាន​ទៅ​នឹង​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ គឺ​ដូច​ទឹក​ដី​នៅ​ស្រុក​អេស៊ីប​ដែរ។


ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌ជា‌អម្ចាស់ មាន​ព្រះ‌បន្ទូល ដ្បិត​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​ប្រទាន សេចក្ដី​សុខ‌សាន្ត​មក​ប្រជា‌រាស្ត្រ ដែល​ជឿ​លើ ព្រះអង្គ គឺ​អស់​អ្នក​ដែល​មិន​បែរ​ចិត្ត​គំនិត ទៅ​រក​អំពើ​លេលា​របស់​ខ្លួន​វិញ។


នៅ​គ្រា​នោះ ប្រជា‌ជន​នឹង​ពោល​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ។ ពី​មុន ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ ឥឡូវ​នេះ ព្រះអង្គ​លែង​ព្រះ‌ពិរោធ​ទៀត​ហើយ គឺ​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ។


នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖ «ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ហើយ​ព្រះអង្គ​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ព្រះអង្គ​សង្គ្រោះ​យើង!»។


មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​មនុស្ស​គ​នឹង​ច្រៀង​យ៉ាង​រីក‌រាយ ដ្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​មាន​ទឹក​ជ្រោះ​ហូរ នៅ​វាល​ហួត‌ហែង។


អ្នក​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់ ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។ រីឯ​អ្នក​វិញ អ្នក​នឹង​រីក‌រាយ ព្រោះ​តែ​ព្រះ‌អម្ចាស់ អ្នក​នឹង​ខ្ពស់​មុខ ព្រោះ​តែ​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។


បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មាន ព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើង ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ នៅ​វាល​ហួត‌ហែង​ទៀត​ផង។


យើង​បំពេញ​តាម​ពាក្យ​សម្ដី​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​អស់​អ្នក​ដែល យើង​ចាត់​ឲ្យ​មក​នោះ បាន​សម្រេច។ យើង​ថ្លែង​អំពី​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ក្នុង​ក្រុង​នេះ​វិញ យើង​ថ្លែង​អំពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ថា ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ដែល​បាក់​បែក មាន​រូប​រាង​ឡើង​វិញ។


ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​អាណិត​មេត្តា​កូន​ចៅ​របស់​ព្រះអង្គ ដែល​រង​ទុក្ខ​វេទនា។


ក្រុង​ដែល​គេ​បំផ្លាញ​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ ហើយ​មាន​តែ​គំនរ​បាក់​បែក​នេះ មុខ​ជា​មាន​ប្រជា‌ជន​មក​រស់​នៅ​កក‌កុញ ឥត​សល់​កន្លែង​ទំនេរ​ឡើយ រីឯ​សត្រូវ​ដែល​បាន​លេប​ទឹក​ដី​អ្នក​កាល​ពី​មុន នឹង​ចាក​ចេញ​ឆ្ងាយ​ពី​ទី​នេះ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​ដែល​យើង​គាប់​ចិត្ត យើង​បាន​ឆ្លើយ​តប​មក​អ្នក ដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះ យើង​ក៏​បាន​ជួយ​អ្នក។ យើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ ដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជា‌ជន។ យើង​នឹង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ យើង​ចែក​ដី​ដែល​គេ​បាន​បោះ​បង់​ចោល ឲ្យ​ប្រជា‌ជន


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។


គំនរ​បាក់​បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ​ប្រជា‌ជន​របស់​ព្រះអង្គ ព្រះអង្គ​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ!


ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែ​ព្រះ‌អម្ចាស់ ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ព្រះ​របស់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ព្រះអង្គ​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។


ចូរ​អរ​សប្បាយ​ឡើង ចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក គឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡឹម ដែល​មាន​អំណរ​សប្បាយ​រីក‌រាយ យើង​បង្កើត​ប្រជា‌ជន​នៅ​ក្រុង​នេះ ដែល​មាន​អំណរ។


យើង​នឹង​ឲ្យ​ទឹក​ដល់​អ្នក​ដែល​ស្រេក ហើយ​ជួយ​អ្នក​ខ្សោះ​ល្វើយ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ»។


អ្នក​ស្ថិត​នៅ​ស្រុក​អេដែន ក្នុង​ឧទ្យាន​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ត្បូង​គ្រប់​មុខ​ជា​ជញ្ជាំង គឺ​ត្បូង​ទទឹម ត្បូង​ជម្ពូ‌រ័ត្ន ត្បូង​ពេជ្រ ត្បូង​ប៊ុត‌លឿង ត្បូង​ដៃ‌រគៀម ត្បូង​មណី‌រ័ត្ន ត្បូង​កណ្ដៀង ត្បូង​និល‌រ័ត្ន មរកត និង​មាស។ មាន​ស្គរ និង​ខ្លុយ នៅ​ចាំ​លេង​កំដរ​អ្នក​ជា​ស្រេច តាំង​តែ​ពី​ថ្ងៃ​ដែល​អ្នក​កើត​ម៉្លេះ។


យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស និង​ហ្វូង​សត្វ​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង ហើយ​បង្កើត​កូន​ពូន​ជា​ចៅ។ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​មាន​ចំនួន​ច្រើន ដូច​កាល​ពី​មុន យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន​លើស​ពី​មុន​ទៅ​ទៀត។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។


ពួក​គេ​នឹង​ពោល​ថា ស្រុក​ដែល​គេ​បោះ​បង់​ចោល​នេះ ត្រឡប់​ជា​មាន​សោភណ‌ភាព​ដូច​សួន​ឧទ្យាន​អេដែន ក្រុង​ដែល​បាក់​បែក ហើយ​ស្ងាត់​ជ្រងំ​នេះ​នឹង​ត្រូវ​សង់​ឡើង​វិញ ដោយ​មាន​កំពែង​រឹង‌មាំ ព្រម​ទាំង​មាន​ប្រជា‌ជន​រស់​នៅ​ផង។


នៅ​ពី​មុខ​ពួក​វា មាន​ដូច​ជា​ភ្លើង​ឆាប‌ឆេះ នៅ​ពី​ក្រោយ មាន​ដូច​ជា​អណ្ដាត​ភ្លើង​ដែល ឆេះ​បំផ្លាញ​ទាំង​អស់​នៅ​មុខ​ពួក​វា ស្រុក​ប្រៀប​ដូច​ជា​សួន​អេដែន លុះ​ពួក​វា​ឆ្លង​ផុត ស្រុក​នោះ​ប្រៀប​ដូច​ជា វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង គឺ​គ្មាន​អ្វី​គេច​ផុត​ពី​ពួក​វា​បាន​ទេ។


បងប្អូន​មិន​ដែល​បាន​ឃើញ​ព្រះអង្គ​ទេ តែ​បងប្អូន​ស្រឡាញ់​ព្រះអង្គ ទោះ​បី​បងប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​ព្រះអង្គ​ក្ដី ក៏​បងប្អូន​ជឿ​លើ​ព្រះអង្គ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុងរឿង​រក​ថ្លែង​ពុំ​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម