ទំនុកតម្កើង 21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ពាក្យអរព្រះគុណចំពោះជ័យជម្នះ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់អើយ ព្រះរាជាមានអំណរណាស់ ព្រោះព្រះអង្គប្រទានកម្លាំង ព្រះរាជាមានអំណររីករាយជាខ្លាំង ព្រោះព្រះអង្គប្រទានឲ្យមានជ័យជម្នះ។ 2 ព្រះអង្គប្រទានឲ្យព្រះរាជា បានទទួលអ្វីៗដែលទ្រង់ប្រាថ្នាចង់បាន គឺព្រះអង្គពុំបានបដិសេធពាក្យទូលអង្វរ របស់ព្រះរាជាឡើយ។ - សម្រាក 3 ព្រះអង្គបានយាងមកជួបព្រះរាជា ទាំងនាំយកព្រះពរដ៏ប្រសើរមកជាមួយផង ព្រះអង្គបានយកមកុដមាសសុទ្ធ មកបំពាក់ព្រះសិរសារបស់ព្រះរាជា។ 4 ពេលព្រះរាជាទូលសូមជីវិត ព្រះអង្គប្រទានឲ្យស្ដេចមានជីវិត និងមានជន្មាយុយឺនយូរជាអង្វែងតរៀងទៅ។ 5 ដោយព្រះអង្គសង្គ្រោះ ព្រះរាជាបានទទួលសិរីរុងរឿងយ៉ាងខ្លាំង ព្រះអង្គប្រទានឲ្យទ្រង់បានថ្កុំថ្កើង ឧត្ដុង្គឧត្ដម។ 6 ព្រះអង្គប្រទានឲ្យទ្រង់ បានប្រកបដោយព្រះពរជានិច្ច ដោយព្រះអង្គគង់នៅជាមួយ នោះព្រះរាជាមានអំណរយ៉ាងបរិបូណ៌។ 7 ព្រះរាជាពឹងផ្អែកលើព្រះអម្ចាស់ ហើយដោយសារព្រះហឫទ័យសប្បុរស ស្មោះត្រង់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត រាជ្យរបស់ព្រះរាជានឹងមិនត្រូវរលំសោះឡើយ។ 8 ព្រះករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់ព្រះអង្គ ព្រះអង្គនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់ព្រះអង្គ។ 9 នៅថ្ងៃព្រះករុណាយាងមកដល់ ទ្រង់នឹងកម្ទេចពួកគេដូចភ្លើងឆេះសុស សូមព្រះអម្ចាស់រំលាយពួកគេចោល ដោយសារព្រះពិរោធរបស់ព្រះអង្គ ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។ 10 ព្រះករុណានឹងលុបបំបាត់ពូជពង្ស របស់ពួកគេឲ្យបាត់អស់ពីផែនដី ទ្រង់នឹងប្រហារពួកគេឲ្យផុតពូជ។ 11 ពួកគេឃុបឃិតគ្នាធ្វើបាបព្រះករុណា តែពួកគេគ្មានកម្លាំងអាចសម្រេច តាមគម្រោងការរបស់ខ្លួនបានឡើយ 12 ដ្បិតព្រះករុណាបានធ្វើឲ្យពួកគេបរាជ័យ ហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។ 13 ឱព្រះអម្ចាស់អើយ សូមតើនឡើងសម្តែងឫទ្ធិបារមី! យើងខ្ញុំសូមច្រៀង និងស្មូត្រលើកទំនុកតម្កើង ឫទ្ធានុភាពរបស់ព្រះអង្គ! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies