Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 65 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ត្រៀម​ខ្លួន​ឆ្លើយ​តប​ជានិច្ច តែ​គ្មាន​នរណា​សាក​សួរ​អ្វី​ពី​យើង​ទេ។ យើង​ត្រៀម​ជា​ស្រេច​នឹង​បង្ហាញ​ខ្លួន តែ​គ្មាន​នរណា​ស្វែង​រក​យើង​ឡើយ។ ប្រជា‌ជាតិ​នេះ​មិន​បាន​ហៅ​រក​នាម​យើង​សោះ ទោះ​បី​យើង​ត្រៀម​ខ្លួន​ចាំ​ជួយ​គេ​ក៏​ដោយ។

2 រៀង​រាល់​ថ្ងៃ យើង​លាត​ដៃ​ទៅ​ចង់​ជួយ​គេ តែ​ប្រជា‌រាស្ត្រ​នេះ​រឹង​ចចេស​ណាស់ គឺ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់ និង​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។

3 ជាតិ​សាសន៍​នេះ​ធ្វើ​ឲ្យ​យើង​ទាស់​ចិត្ត​ជានិច្ច ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​មុខ​យើង ពួក​គេ​ធ្វើ​យញ្ញ‌បូជា​នៅ​ក្នុង​សួន​ឧទ្យាន ហើយ​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​អាសនៈ​ធ្វើ​ពី​ឥដ្ឋ។

4 ពួក​គេ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោច ពេល​យប់ គេ​ដេក​នៅ​តាម​រូង​គុហា គេ​បរិភោគ​សាច់​ជ្រូក និង​ដាក់​ម្ហូប​មិន​បរិសុទ្ធ នៅ​ក្នុង​ចាន​របស់​ខ្លួន។

5 អ្នក​ទាំង​នោះ​តែង​ស្រែក​ប្រាប់​គេ​ឯង​ថា: “ចៀស! កុំ​ចូល​មក​ជិត​ខ្ញុំ ក្រែង​លោ​ភាព​វិសុទ្ធ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​ឯង​ស្លាប់!” ពេល​យើង​ឃើញ​ដូច្នេះ ធ្វើ​ឲ្យ​កំហឹង​របស់ យើង​កាន់​តែ​ឆេះ‌ឆួល​ឡើង​ថែម​ទៀត។

6 យើង​បាន​កត់‌ត្រា​ទាំង​អស់​ទុក យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ យើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់។

7 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​អ្នក​រាល់​គ្នា និង​កំហុស​ដូនតា​របស់​អ្នក​រាល់​គ្នា ដែល​បាន​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយ នៅ​តាម​ភ្នំ​ទាំង‌ឡាយ ហើយ​បាន​បំបាក់​មុខ​យើង​នៅ​តាម​ភ្នំ​នានា។ យើង​នឹង​ដាក់​ទោស​យ៉ាង​ធ្ងន់ ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​កាល​ពី​អតីតកាល។

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: ពេល​អ្នក​ចម្ការ​ឃើញ​ទំពាំង‌បាយជូរ​មាន​ផ្លែ​ល្អ គេ​ពោល​ថា “កុំ​បំផ្លាញ​ឲ្យ​សោះ ព្រោះ​ទំពាំង‌បាយជូរ​នេះ​នឹង​ផ្ដល់​ស្រា​ឆ្ងាញ់”។ ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​យើង យើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។

9 យើង​នឹង​ធ្វើ​ឲ្យ​មាន​ពូជ‌ពង្ស​មួយ កើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុប ហើយ​ឲ្យ​ម្នាក់​ដែល​គ្រប់‌គ្រង​លើ ភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ អ្នក​បម្រើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។

10 ប្រជា‌ជន​ដែល​ស្វែង​រក​យើង​នឹង​ទទួល វាល​ទំនាប​សារ៉ូន​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម ហើយ​ជ្រលង​ភ្នំ​អាកោរ​ជា​ជម្រក​សម្រាប់​ហ្វូង​គោ។

11 រីឯ​អ្នក​រាល់​គ្នា​ដែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ដែល​បំភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ហើយ​បែរ​ជា​ទៅ​រៀបចំ​ម្ហូប​សែន​ព្រះ​កាដ និង​ច្រួច‌ស្រា​សែន​ព្រះ‌មេនី

12 យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​មុខ​ដាវ អ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​ឲ្យ​គេ​អារ-ក ដ្បិត​យើង​បាន​ហៅ តែ​អ្នក​រាល់​គ្នា​មិន​ឆ្លើយ​ទេ យើង​បាន​និយាយ តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ ដែល​យើង​យល់​ថា​អាក្រក់ គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។

13 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​បម្រើ​របស់​យើង​នឹង​មាន​អាហារ​បរិភោគ តែ​អ្នក​រាល់​គ្នា​នឹង​ឃ្លាន អ្នក​បម្រើ​របស់​យើង​នឹង​មាន​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​នឹង​ស្រេក អ្នក​បម្រើ​របស់​យើង​នឹង​មាន​អំណរ​សប្បាយ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់។

14 អ្នក​បម្រើ​របស់​យើង​នឹង​ស្រែក​ហ៊ោ ព្រោះ​គេ​សប្បាយ​ចិត្ត តែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំ ព្រោះ​ឈឺ​ចុក​ចាប់​នៅ​ក្នុង​ចិត្ត អ្នក​រាល់​គ្នា​នឹង​សោក​សង្រេង បាក់​ទឹក​ចិត្ត។

15 ប្រជា‌ជន​ដែល​យើង​បាន​ជ្រើស​រើស នឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា​សម្រាប់​ដាក់​បណ្ដាសា ថា “សូម​ព្រះ‌ជា‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​ស្លាប់ ដូច​ជន​នេះ ឬ​ជន​នោះ”។ រីឯ​អ្នក​បម្រើ​របស់​យើង​វិញ គេ​នឹង​ជូន​ពរ​គ្នា ដោយ​ប្រើ​នាម​ថ្មី។

16 នៅ​ក្នុង​ស្រុក អ្នក​ណា​ចង់​ជូន​ពរ ត្រូវ​ជូន​ពរ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​នរណា​ចង់​ស្បថ ត្រូវ​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ដ៏​ពិត​ប្រាកដ។ ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​កាល​ពី​មុន នឹង​លែង​មាន​ទៀត​ហើយ យើង​ក៏​លែង​នឹក​នា​ពី​ការ​ទាំង​នោះ​ទៀត​ដែរ»។


ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី

17 យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន គេ​លែង​នឹក​នា​ទៀត​ហើយ គឺ​គ្មាន​នរណា​នឹង​ឃើញ​ទៀត​ទេ។

18 ចូរ​អរ​សប្បាយ​ឡើង ចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក គឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡឹម ដែល​មាន​អំណរ​សប្បាយ​រីក‌រាយ យើង​បង្កើត​ប្រជា‌ជន​នៅ​ក្រុង​នេះ ដែល​មាន​អំណរ។

19 ក្រុង​យេរូ‌សាឡឹម​នឹង​ធ្វើ​ឲ្យ​យើង សប្បាយ​រីក‌រាយ ប្រជា‌ជន​របស់​យើង​ក៏​ធ្វើ​ឲ្យ​យើង​រីក‌រាយ ក្នុង​ទីក្រុង គេ​លែង​ឮ​សូរ​សម្រែក​យំ​សោក​ទៀត​ហើយ

20 នៅ​ក្រុង​នោះ ក៏​លែង​មាន​ទារក​រស់​បាន​តែ បួន​ដប់​ថ្ងៃ​ទៀត​ដែរ ប្រជា‌ជន​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​វែង អ្នក​ដែល​ស្លាប់​ក្មេង​ជាង​គេ មាន​អាយុ​យ៉ាង​ហោច​ណាស់​មួយ​រយ​ឆ្នាំ រីឯ​មនុស្ស​ដែល​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំ គេ​ចាត់​ទុក​ថា​ជា​អ្នក​ត្រូវ​បណ្ដាសា។

21 ពេល​នោះ គេ​នឹង​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ គេ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ

22 គឺ​គេ​មិន​សង់​ផ្ទះ​ឲ្យ​អ្នក​ផ្សេង​មក​នៅ គេ​មិន​ដាំ​ដំណាំ​ទុក​ឲ្យ​អ្នក​ផ្សេង បរិភោគ​ផល​ឡើយ ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មាន​អាយុ​វែង ដូច​អាយុ​ដើម​ឈើ​ធំៗ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​ប្រើ‌ប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក​បង្កើត ។

23 គេ​នឹង​មិន​ធ្វើ​ការ​នឿយ‌ហត់​ជា​អសារ‌បង់ ហើយ​គេ​ក៏​មិន​បង្កើត​កូន​ចៅ​មក ដើម្បី​ឲ្យ​ត្រូវ​អន្តរាយ​ដែរ ដ្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​ពូជ‌ពង្ស​មួយ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ កូន​ចៅ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ជា​មួយ​គេ។

24 ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ មុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀត ពេល​ពួក​គេ​កំពុង​តែ​ទូល‌អង្វរ​នោះ យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។

25 ពេល​នោះ ចចក និង​កូន​ចៀម នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។ រីឯ​សត្វ​ពស់ វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។ គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម