២ កូរិនថូស 3:18 - ព្រះគម្ពីរខ្មែរសាកល ដោយត្រូវបានដោះស្បៃចេញពីមុខស្រាប់ហើយ យើងទាំងអស់គ្នាកំពុងបំប្លាតរស្មីរុងរឿងរបស់ព្រះអម្ចាស់ ហើយកំពុងត្រូវបានផ្លាស់ប្រែទៅជារូបរាងដូចព្រះអង្គ ពីសិរីរុងរឿងទៅសិរីរុងរឿង។ ការនេះបានចេញពីព្រះអម្ចាស់ដែលជាវិញ្ញាណ៕ Khmer Christian Bible ដូច្នេះយើងទាំងអស់គ្នាកំពុងឆ្លុះឲ្យឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយគ្មានស្បៃបាំងមុខ យើងត្រូវបានផ្លាស់ប្រែពីសិរីរុងរឿងទៅសិរីរុងរឿងឲ្យមានរូបរាងដូចព្រះអង្គ នេះគឺមកពីព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងទាំងអស់គ្នា ដែលគ្មានស្បៃបាំងមុខ កំពុងតែរំពឹងមើលសិរីល្អរបស់ព្រះអម្ចាស់ ដូចជារូបឆ្លុះនៅក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អមួយ ទៅសិរីល្អមួយ ដ្បិតនេះមកពីព្រះអម្ចាស់ ដែលជាព្រះវិញ្ញាណ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងទាំងអស់គ្នាដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់ព្រះអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចព្រះអង្គ គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាព្រះហស្ដរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយើងរាល់គ្នាទាំងអស់ ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអម្ចាស់ ទាំងមុខទទេ ដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។ អាល់គីតាប យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចអ៊ីសា គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាដៃរបស់រសនៃអ៊ីសាជាអម្ចាស់។ |
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
អេសាយមានប្រសាសន៍សេចក្ដីទាំងនេះ ពីព្រោះលោកបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ហើយក៏ថ្លែងអំពីព្រះអង្គ។
សិរីរុងរឿងដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ទូលបង្គំបានផ្ដល់ឲ្យពួកគេហើយ ដើម្បីឲ្យពួកគេរួមគ្នាតែមួយ ដូចដែលយើងជាអង្គមួយដែរ
ព្រះបិតាអើយ ទូលបង្គំចង់ឲ្យអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅជាមួយទូលបង្គំ ត្រង់កន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យពួកគេឃើញសិរីរុងរឿងរបស់ទូលបង្គំ ដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ដ្បិតព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំមុនកំណើតនៃពិភពលោក។
កុំត្រាប់តាមលោកីយ៍នេះឡើយ ផ្ទុយទៅវិញ ចូរឲ្យបានផ្លាស់ប្រែដោយការកែគំនិតជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចសម្គាល់បានថា អ្វីជាបំណងព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ ជាទីគាប់ព្រះហឫទ័យ និងគ្រប់លក្ខណ៍។
ផ្ទុយទៅវិញ ចូរបំពាក់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំធ្វើគម្រោងតាមតណ្ហាសាច់ឈាមឡើយ៕
ដ្បិតចំពោះពួកអ្នកដែលព្រះអង្គស្គាល់ជាមុន ព្រះអង្គបានកំណត់ទុកមុនឲ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះបុត្រាទៅជាកូនច្បងក្នុងចំណោមបងប្អូនជាច្រើន;
ដើម្បីឲ្យសេចក្ដីតម្រូវដ៏សុចរិតនៃក្រឹត្យវិន័យ ត្រូវបានបំពេញនៅក្នុងយើងដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ។
ដ្បិតគំនិតខាងសាច់ឈាមជាខ្មាំងសត្រូវនឹងព្រះ ពីព្រោះវាមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ហើយតាមពិតវាក៏មិនអាចចុះចូលបានផង។
ឥឡូវនេះ យើងឃើញព្រឹលៗដូចជាមើលក្នុងកញ្ចក់ ប៉ុន្តែគ្រានោះ យើងនឹងឃើញមុខទល់នឹងមុខ; ឥឡូវនេះ ខ្ញុំស្គាល់តែមួយផ្នែក ប៉ុន្តែគ្រានោះ ខ្ញុំនឹងស្គាល់ច្បាស់ ដូចដែលខ្ញុំត្រូវបានស្គាល់ច្បាស់ដែរ។
ដូចដែលយើងមានលក្ខណៈមនុស្សម្នាក់នៃធូលីដីយ៉ាងណា យើងក៏នឹងមានលក្ខណៈមនុស្សម្នាក់នៃស្ថានសួគ៌យ៉ាងនោះដែរ។
រីឯព្រះអម្ចាស់ជាវិញ្ញាណ ហើយកន្លែងណាដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅ កន្លែងនោះមានសេរីភាព។
ដ្បិតសម្រាប់ពួកគេ ព្រះខាងលោកីយ៍នេះបានធ្វើឲ្យចិត្តគំនិតរបស់ពួកគេដែលមិនជឿទៅជាខ្វាក់ ដើម្បីកុំឲ្យឃើញពន្លឺនៃដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះគ្រីស្ទដែលជារូបតំណាងរបស់ព្រះនោះឡើយ។
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់។
ដ្បិតការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺការត្រូវបានបង្កើតជាថ្មីវិញ ដែលសំខាន់។
ហើយបានបំពាក់ខ្លួនដោយបុគ្គលថ្មី ដែលកំពុងត្រូវបានធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់ការយល់ដឹងត្រឹមត្រូវ ស្របតាមរូបតំណាងរបស់ព្រះអង្គដែលបាននិម្មិតបង្កើតបុគ្គលថ្មីនោះ។
សេចក្ដីបង្រៀននេះ ស្របតាមដំណឹងល្អនៃសិរីរុងរឿងរបស់ព្រះដ៏មានពរ ជាដំណឹងល្អដែលខ្ញុំត្រូវបានផ្ទុកផ្ដាក់។
ព្រះអង្គបានសង្គ្រោះយើង មិនមែនដោយសារតែការប្រព្រឹត្តតាមរយៈសេចក្ដីសុចរិតដែលយើងបានប្រព្រឹត្តទេ គឺដោយសារតែសេចក្ដីមេត្តារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតនៃការកើតជាថ្មី និងការកែប្រែជាថ្មីដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
ដ្បិតប្រសិនបើអ្នកណាជាអ្នកស្ដាប់ព្រះបន្ទូល ប៉ុន្តែមិនមែនជាអ្នកធ្វើតាម អ្នកនោះប្រៀបដូចជាមនុស្សដែលមើលមុខខ្លួនឯងក្នុងកញ្ចក់។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ឥឡូវនេះយើងជាកូនរបស់ព្រះ ហើយយើងនឹងទៅជាយ៉ាងណានោះ មិនទាន់បានសម្ដែងមកនៅឡើយទេ។ ប៉ុន្តែយើងដឹងហើយថា កាលណាព្រះអង្គបានសម្ដែងអង្គទ្រង់ នោះយើងនឹងបានដូចព្រះអង្គ ដ្បិតព្រះអង្គជាយ៉ាងណា យើងនឹងឃើញព្រះអង្គជាយ៉ាងនោះឯង។