២ កូរិនថូស 3 - Khmer Christian Bible1 តើយើងចាប់ផ្ដើមលើកតម្កើងខ្លួនទៀតហើយឬ? ឬមួយយើងត្រូវការសំបុត្រណែនាំខ្លួនបង្ហាញអ្នករាល់គ្នា ឬពីអ្នករាល់គ្នា ដូចជាអ្នកខ្លះដែរឬ? 2 អ្នករាល់គ្នាទេតើជាសំបុត្ររបស់យើងដែលបានកត់ត្រាទុកនៅក្នុងចិត្ដរបស់យើង ដែលមនុស្សទាំងអស់បានអាន និងបានដឹងគ្រប់គ្នា 3 ទាំងបង្ហាញឲ្យឃើញថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រិស្ដដែលយើងបានសរសេរ គឺមិនបានសរសេរនឹងទឹកខ្មៅទេ ប៉ុន្ដែនឹងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ហើយមិនមែននៅលើបន្ទះថ្មទេ គឺនៅក្នុងចិត្ដខាងសាច់ឈាមវិញ 4 ហើយយើងមានការទុកចិត្ដបែបនេះចំពោះព្រះជាម្ចាស់ ដោយសារព្រះគ្រិស្ដ 5 មិនមែនថាយើងមានសមត្ថភាពផ្ទាល់ខ្លួន ដើម្បីចាត់ទុកថាអ្វីមួយមកពីខ្លួនយើងទេ ព្រោះសមត្ថភាពរបស់យើងមកពីព្រះជាម្ចាស់។ 6 ព្រះអង្គក៏បានធ្វើឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើកិច្ចព្រមព្រៀងថ្មីដែលមិនមែនសរសេរជាអក្សរទេ ប៉ុន្ដែដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរសម្លាប់ ប៉ុន្ដែព្រះវិញ្ញាណផ្ដល់ជីវិត។ 7 បើអក្សរចារឹកលើថ្ម ដែលជាមុខងារបម្រើសេចក្ដីស្លាប់មានសិរីរុងរឿងរហូតធ្វើឲ្យកូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេចំដោយព្រោះតែសិរីល្អនៅលើមុខរបស់គាត់ ដែលនឹងសាបសូន្យទៅ 8 ចុះទម្រាំបើមុខងារបម្រើព្រះវិញ្ញាណវិញ នឹងមានសិរីរុងរឿងលើសជាងយ៉ាងណាទៀត។ 9 បើមុខងារបម្រើការផ្ដន្ទាទោសមានសិរីរុងរឿង នោះមុខងារបម្រើសេចក្ដីសុចរិតនឹងមានសិរីរុងរឿងកាន់តែច្រើនជាងទៅទៀត 10 ដោយព្រោះតែសិរីរុងរឿងដ៏លើសលប់នៅពេលនេះ នោះអ្វីដែលធ្លាប់មានសិរីរុងរឿង គ្មានសិរីរុងរឿងទៀតទេ 11 ហើយបើអ្វីដែលនឹងបាត់ទៅមានសិរីរុងរឿង នោះអ្វីដែលនៅស្ថិតស្ថេរនឹងមានសិរីរុងរឿងលើសជាងទៅទៀត។ 12 ដូច្នេះដោយមានសង្ឃឹមបែបនេះហើយ ទើបយើងនិយាយដោយក្លាហាន 13 មិនមែនដូចលោកម៉ូសេដែលបាំងស្បៃមុខរបស់ខ្លួន ដើម្បីកុំឲ្យកូនចៅអ៊ីស្រាអែលមើលឃើញទីបញ្ចប់នៃអ្វីមួយដែលនឹងសាបសូន្យទៅ 14 ប៉ុន្ដែគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស ដ្បិតពេលអានកិច្ចព្រមព្រៀងចាស់ ស្បៃដដែលនោះនៅមានរហូតដល់សព្វថ្ងៃនេះ មិនទាន់ដោះចេញនៅឡើយទេ ព្រោះវានឹងត្រូវដោះចេញនៅក្នុងព្រះគ្រិស្ដ 15 រហូតដល់សព្វថ្ងៃនេះ ពេលណាក៏ដោយដែលពួកគេអានក្រឹត្យវិន័យរបស់លោកម៉ូសេ នោះមានស្បៃបាំងចិត្ដរបស់ពួកគេ។ 16 ប៉ុន្ដែស្បៃនោះត្រូវបានដោះចេញ ពេលណាដែលពួកគេបែរមករកព្រះអម្ចាស់ 17 រីឯព្រះអម្ចាស់ជាព្រះវិញ្ញាណ ហើយកន្លែងណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ កន្លែងនោះមានសេរីភាព 18 ដូច្នេះយើងទាំងអស់គ្នាកំពុងឆ្លុះឲ្យឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយគ្មានស្បៃបាំងមុខ យើងត្រូវបានផ្លាស់ប្រែពីសិរីរុងរឿងទៅសិរីរុងរឿងឲ្យមានរូបរាងដូចព្រះអង្គ នេះគឺមកពីព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.