ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
អេសាយ 30:19 - ព្រះគម្ពីរខ្មែរសាកល ប្រជាជននៃស៊ីយ៉ូន ដែលរស់នៅយេរូសាឡិមអើយ អ្នកនឹងមិនយំទៀតឡើយ។ ព្រះអង្គនឹងមេត្តាដល់អ្នកជាប្រាកដចំពោះសំឡេងស្រែកយំរបស់អ្នក។ កាលណាព្រះអង្គទ្រង់ឮ ព្រះអង្គនឹងឆ្លើយមកអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱប្រជាជននៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ អ្នកនឹងមិនត្រូវយំទៀតឡើយ ព្រះអង្គនឹងមានព្រះគុណចំពោះអ្នក ដោយឮសំឡេងអ្នកស្រែក កាលណាព្រះអង្គឮ នោះព្រះអង្គនឹងឆ្លើយមកអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនក្រុងស៊ីយ៉ូន អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយ អ្នកនឹងលែងយំសោកទៀតហើយ! ពេលណាអ្នកស្រែកហៅរកព្រះអង្គ ព្រះអង្គនឹងប្រណីសន្ដោស ពេលណាព្រះអង្គឮសំឡេងអ្នក ព្រះអង្គនឹងឆ្លើយតបមកអ្នកជាមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ឱជនជាតិនៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ ឯងនឹងមិនត្រូវយំទៀតឡើយ ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែក កាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង អាល់គីតាប ប្រជាជនក្រុងស៊ីយ៉ូន អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយ អ្នកនឹងលែងយំសោកទៀតហើយ! ពេលណាអ្នកស្រែកហៅរកទ្រង់ ទ្រង់នឹងប្រណីសន្ដោស ពេលណាទ្រង់ឮសំឡេងអ្នក ទ្រង់នឹងឆ្លើយតបមកអ្នកជាមិនខាន។ |
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ មានបន្ទូលដូច្នេះថា៖ “ប្រជារាស្ត្ររបស់យើងដែលរស់នៅស៊ីយ៉ូនអើយ កុំខ្លាចអាស្ស៊ីរីឡើយ ទោះបីជាពួកគេវាយអ្នកដោយរំពាត់ ហើយលើកដំបងរបស់ពួកគេឡើងទាស់នឹងអ្នក ដូចរបៀបជនជាតិអេហ្ស៊ីបក៏ដោយ។
ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់យើងខ្ញុំផង យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ។ សូមធ្វើជាដើមដៃដល់យើងខ្ញុំរៀងរាល់ព្រឹក សូមធ្វើជាសេចក្ដីសង្គ្រោះដល់យើងខ្ញុំនៅក្នុងគ្រានៃទុក្ខវេទនាផង!
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕
មនុស្សទ័លក្រ និងមនុស្សខ្វះខាតនឹងស្វែងរកទឹក ប៉ុន្តែគ្មានសោះ អណ្ដាតរបស់ពួកគេស្ងួតទៅដោយព្រោះការស្រេកទឹក។ យើងជាយេហូវ៉ា យើងនឹងឆ្លើយតបនឹងពួកគេ យើងជាព្រះនៃអ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលពួកគេឡើយ។
យើងនាំសេចក្ដីសុចរិតរបស់យើងមកជិតហើយ សេចក្ដីនោះមិននៅឆ្ងាយឡើយ ហើយសេចក្ដីសង្គ្រោះរបស់យើង ក៏មិនបង្អង់ដែរ។ យើងនឹងផ្ដល់សេចក្ដីសង្គ្រោះនៅស៊ីយ៉ូន ក៏នឹងផ្ដល់សិរីរុងរឿងរបស់យើងដល់អ៊ីស្រាអែលផង”៕
បើធ្វើដូច្នេះ ពេលអ្នកស្រែកហៅ ព្រះយេហូវ៉ានឹងឆ្លើយតប ពេលអ្នកស្រែករកជំនួយ ព្រះអង្គនឹងមានបន្ទូលថា: ‘មើល៍! យើងនៅទីនេះ’។ ប្រសិនបើអ្នកដកនឹម ការចង្អុលដាក់គេ និងការពោលពាក្យទុច្ចរិត ចេញពីកណ្ដាលចំណោមអ្នក
ព្រះអាទិត្យរបស់អ្នកនឹងមិនលិចទៀតឡើយ ហើយព្រះចន្ទរបស់អ្នកក៏មិនជ្រេដែរ ដ្បិតព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នក ហើយគ្រានៃការកាន់ទុក្ខរបស់អ្នកនឹងផុតទៅ។
ផ្ទុយទៅវិញ ចូររីករាយ ហើយត្រេកអរជារៀងរហូតចំពោះអ្វីដែលយើងបាននិម្មិតបង្កើតនោះ ដ្បិតមើល៍! យើងនឹងនិម្មិតបង្កើតយេរូសាឡិមសម្រាប់ជាអំណរ ក៏នឹងនិម្មិតបង្កើតប្រជាជនរបស់នាងសម្រាប់ជាសេចក្ដីរីករាយ។
យើងនឹងត្រេកអរនឹងយេរូសាឡិម យើងនឹងរីករាយនឹងប្រជារាស្ត្ររបស់យើង; សំឡេងយំសោក និងសំឡេងកាន់ទុក្ខ នឹងមិនឮនៅក្នុងទីក្រុងនោះទៀតឡើយ។
ពេលនោះ មុនពេលពួកគេស្រែកហៅ យើងនឹងឆ្លើយ ខណៈដែលពួកគេកំពុងតែនិយាយនៅឡើយ យើងនឹងស្ដាប់។
យើងនឹងឲ្យមានពូជពង្សមួយចេញពីយ៉ាកុប ក៏នឹងឲ្យមានអ្នកដែលទទួលភ្នំរបស់យើងជាមរតកចេញពីយូដា; ពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងទទួលស្រុកនោះជាមរតក ហើយពួកអ្នកបម្រើរបស់យើងនឹងរស់នៅទីនោះ។
មានពរហើយ អ្នកដែលឃ្លាននៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានស្កប់ស្កល់។ មានពរហើយ អ្នកដែលយំសោកនៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងសើចវិញ។
នោះទើបអ៊ីស្រាអែលទាំងមូលនឹងបានសង្គ្រោះ ដូចដែលមានសរសេរទុកមកថា: “ព្រះរំដោះនឹងយាងមកពីស៊ីយ៉ូន ព្រះអង្គនឹងដកយកការមិនគោរពព្រះចេញពីយ៉ាកុប។
ចំពោះព្រះដែលអាចធ្វើយ៉ាងលើសលប់ហួសពីអ្វីៗទាំងអស់ដែលយើងទូលសុំ ឬគិតស្មានក្ដី ដោយព្រះចេស្ដាដែលចេញឥទ្ធិពលនៅក្នុងយើង——
ពេលនោះ ខ្ញុំក៏ចាប់ផ្ដើមយំយ៉ាងខ្លាំង ដោយព្រោះមិនឃើញមានអ្នកណាស័ក្ដិសមនឹងបើក ឬមើលក្រាំងនោះឡើយ។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្កនោះ នឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកនៃជីវិត។ ព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ”៕