សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំត្រូវបានតាំងថ្វាយដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ សូមឲ្យការលើកដៃឡើងរបស់ទូលបង្គំបានដូចជាតង្វាយពេលល្ងាចផង។
វិវរណៈ 8:3 - ព្រះគម្ពីរខ្មែរសាកល មានទូតសួគ៌មួយរូបទៀតមកឈរនៅក្បែរអាសនា ទាំងកាន់ពានមាសសម្រាប់ដុតគ្រឿងក្រអូប។ មានគ្រឿងក្រអូបជាច្រើនប្រទានដល់ទូតនោះ ដើម្បីថ្វាយជាមួយសេចក្ដីអធិស្ឋានរបស់វិសុទ្ធជនទាំងអស់ នៅលើអាសនាមាសនៅមុខបល្ល័ង្ក។ Khmer Christian Bible មានទេវតាមួយរូបទៀតកាន់ពានមាសមួយ បានមកឈរនៅមុខកន្លែងថ្វាយតង្វាយ ហើយបានទទួលគ្រឿងក្រអូបជាច្រើនដើម្បីថ្វាយជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់នៅលើកន្លែងថ្វាយតង្វាយធ្វើអំពីមាសដែលនៅពីមុខបល្ល័ង្ក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានទេវតាមួយទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីថ្វាយជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ នៅលើអាសនាមាសដែលស្ថិតនៅមុខបល្ល័ង្ក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានទេវតា*មួយរូបទៀតមកឈរនៅជិតអាសនៈ* ទាំងកាន់ពានមាសមួយផង។ ទេវតានោះបានទទួលគ្រឿងក្រអូបជាច្រើនយកទៅថ្វាយ ជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានទេវតា១ទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយមានគ្រឿងក្រអូបជាច្រើនបានប្រគល់ឲ្យទេវតានោះ ដើម្បីនឹងថ្វាយជាមួយនឹងសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើអាសនាមាសដែលនៅមុខបល្ល័ង្ក អាល់គីតាប មានម៉ាឡាអ៊ីកាត់ម្នាក់ទៀតមកឈរនៅជិតអាសន ទាំងកាន់ពានមាសមួយផង។ ម៉ាឡាអ៊ីកាត់នោះបានទទួលគ្រឿងក្រអូបជាច្រើនយកទៅជូន ជាមួយពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។ |
សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំត្រូវបានតាំងថ្វាយដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ សូមឲ្យការលើកដៃឡើងរបស់ទូលបង្គំបានដូចជាតង្វាយពេលល្ងាចផង។
នោះសេរ៉ាភមួយរូបក្នុងចំណោមសេរ៉ាភីមទាំងនោះ ហើរមករកខ្ញុំ ក្នុងដៃមានរងើកភ្លើង គឺបានយកពីលើអាសនាដោយដង្កៀប
ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
តើនរណាអាចផ្ដន្ទាទោសបាន? ដ្បិតគឺព្រះគ្រីស្ទយេស៊ូវទេតើ ដែលសុគត ហើយលើសពីនេះទៅទៀត ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ព្រមទាំងគង់នៅខាងស្ដាំព្រះ ទូលអង្វរជំនួសយើងផង!
ដោយហេតុនេះ ព្រះអង្គអាចសង្គ្រោះពួកអ្នកដែលចូលមកជិតព្រះតាមរយៈព្រះអង្គបានយ៉ាងពេញលេញ ពីព្រោះព្រះអង្គមានព្រះជន្មរស់ជារៀងរហូត ដើម្បីទូលអង្វរជំនួសពួកគេ។
មានអាសនាមាសសម្រាប់ដុតគ្រឿងក្រអូប និងហិបនៃសម្ពន្ធមេត្រីដែលស្រោបមាសជុំវិញទាំងអស់; ក្នុងហិបនោះ មានក្រឡមាសមួយដាក់ម៉ាណា ព្រមទាំងមានឈើច្រត់របស់អើរ៉ុនដែលចេញពន្លក និងបន្ទះថ្មនៃសម្ពន្ធមេត្រី;
បន្ទាប់មក ខ្ញុំបានឃើញទូតសួគ៌ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃ ទាំងដណ្ដប់ដោយពពក ហើយមានឥន្ទធនូនៅលើក្បាលរបស់គាត់។ មុខគាត់ដូចព្រះអាទិត្យ ជើងគាត់ដូចសសរភ្លើង
ពេលនោះ មានទូតសួគ៌មួយរូបទៀតចេញមកពីអាសនា ជាទូតដែលមានអំណាចលើភ្លើង ទូតនោះស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់ទូតដែលមានកណ្ដៀវដ៏មុតនោះថា៖ “ចូរលូកកណ្ដៀវដ៏មុតរបស់អ្នក ហើយប្រមូលចង្កោមទំពាំងបាយជូរនៃផែនដីចុះ! ដ្បិតផ្លែទំពាំងបាយជូរបានទុំហើយ”។
នៅពេលកូនចៀមបានយកក្រាំងហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់បានក្រាបចុះនៅចំពោះកូនចៀម។ ម្នាក់ៗកាន់ពិណមួយ និងពែងមាសពេញដោយគ្រឿងក្រអូបដែលជាសេចក្ដីអធិស្ឋានរបស់វិសុទ្ធជន។
ពេលកូនចៀមបកត្រាទីប្រាំចេញ ខ្ញុំបានឃើញនៅក្រោមអាសនាមានព្រលឹងរបស់អ្នកដែលត្រូវគេសម្លាប់ដោយព្រោះព្រះបន្ទូលរបស់ព្រះ និងដោយព្រោះទីបន្ទាល់ដែលពួកគេបានរក្សា។
បន្ទាប់មក ខ្ញុំឃើញទូតសួគ៌មួយរូបទៀតឡើងមកពីទិសខាងកើត ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះជន្មរស់ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់ទូតសួគ៌ទាំងបួនរូបដែលត្រូវបានប្រទានឲ្យធ្វើទុក្ខផែនដី និងសមុទ្រនោះ
ផ្សែងពីគ្រឿងក្រអូប ព្រមទាំងសេចក្ដីអធិស្ឋានរបស់វិសុទ្ធជន បានហុយឡើងចេញពីដៃរបស់ទូតសួគ៌ នៅចំពោះព្រះ។
បន្ទាប់មក ទូតសួគ៌នោះក៏យកពានសម្រាប់ដុតគ្រឿងក្រអូប ហើយបំពេញពាននោះដោយភ្លើងពីអាសនា រួចបោះទៅលើផែនដី នោះក៏កើតមានផ្គរលាន់ សូរសន្ធឹក ផ្លេកបន្ទោរ និងរញ្ជួយផែនដី។
ទូតសួគ៌ទីប្រាំមួយផ្លុំត្រែឡើង នោះខ្ញុំបានឮសំឡេងមួយចេញពីស្នែងទាំងបួនរបស់អាសនាមាសដែលនៅចំពោះព្រះ