វិវរណៈ 8 - Khmer Christian Bible1 ពេលកូនចៀមបកត្រាទីប្រាំពីរ នោះមានសភាពស្ងាត់ស្ងៀមនៅស្ថានសួគ៌ ប្រហែលកន្លះម៉ោង 2 ហើយខ្ញុំក៏ឃើញទេវតាទាំងប្រាំពីររូបដែលឈរនៅមុខព្រះជាម្ចាស់ បានទទួលត្រែប្រាំពីរ។ 3 មានទេវតាមួយរូបទៀតកាន់ពានមាសមួយ បានមកឈរនៅមុខកន្លែងថ្វាយតង្វាយ ហើយបានទទួលគ្រឿងក្រអូបជាច្រើនដើម្បីថ្វាយជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់នៅលើកន្លែងថ្វាយតង្វាយធ្វើអំពីមាសដែលនៅពីមុខបល្ល័ង្ក។ 4 ផ្សែងនៃគ្រឿងក្រអូបនោះក៏ហុយចេញពីដៃរបស់ទេវតាឡើងទៅលើជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធនៅចំពោះមុខព្រះជាម្ចាស់។ 5 ទេវតានោះបានយកពានមក ហើយយកភ្លើងពីកន្លែងថ្វាយតង្វាយមកដាក់ពេញពាននោះ រួចក៏បោះទៅលើផែនដី នោះកើតមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរ និងរញ្ជួយផែនដី។ 6 រួចទេវតាទាំងប្រាំពីរដែលមានត្រែប្រាំពីរនោះបានប្រុងប្រៀបផ្លុំត្រែ។ 7 ទេវតាទីមួយក៏ផ្លុំត្រែឡើង នោះកើតមានព្រឹល និងភ្លើងលាយជាមួយឈាមដែលបានបោះទៅលើផែនដី ហើយផែនដីឆេះអស់មួយភាគបី ដើមឈើឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងឡាយក៏ឆេះអស់ដែរ។ 8 ទេវតាទីពីរក៏ផ្លុំត្រែឡើង នោះហាក់ដូចជាមានភ្នំមួយយ៉ាងធំកំពុងឆេះ ដែលបានបោះទៅក្នុងសមុទ្រ ហើយសមុទ្រមួយភាគបីក៏ត្រលប់ជាឈាម 9 រីឯសត្វដែលមានជីវិតរស់នៅក្នុងសមុទ្របានស្លាប់អស់មួយភាគបី ហើយនាវាទាំងឡាយក៏ត្រូវបានបំផ្លាញអស់មួយភាគបីដែរ។ 10 ទេវតាទីបីក៏ផ្លុំត្រែឡើង នោះមានផ្កាយមួយយ៉ាងធំឆេះដូចចន្លុះបានធ្លាក់ពីលើមេឃទៅក្នុងទន្លេទាំងឡាយអស់មួយភាគបី និងទៅក្នុងប្រភពទឹកទាំងឡាយដែរ 11 ផ្កាយនោះឈ្មោះស្លែង ហើយទឹកមួយភាគបីបានត្រលប់ទៅជាល្វីងដូចស្លែង។ មនុស្សជាច្រើនបានស្លាប់ដោយសារទឹកនោះ ពីព្រោះបានត្រលប់ជាល្វីងអស់ហើយ។ 12 ទេវតាទីបួនក៏ផ្លុំត្រែឡើង នោះដួងអាទិត្យមួយភាគបី លោកខែមួយភាគបី និងផ្កាយមួយភាគបីត្រូវបានបំផ្លាញ ដូច្នេះធ្វើឲ្យងងឹតមួយភាគបី ហើយនៅពេលថ្ងៃលែងមានពន្លឺមួយភាគបី រីឯនៅពេលយប់ក៏ដូច្នោះដែរ។ 13 នោះខ្ញុំបានឃើញមានសត្វឥន្រ្ទីមួយកំពុងហើរលើអាកាស ហើយឮវាស្រែកខ្លាំងៗថា៖ «វេទនាហើយ វេទនាហើយ វេទនាហើយ ដល់ពួកអ្នកដែលរស់នៅលើផែនដីដោយព្រោះសំឡេងត្រែរបស់ទេវតាបីរូបទៀតដែលបម្រុងនឹងផ្លុំ»។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.