វិវរណៈ 21:6 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងខ្ញុំទៀតថា៖ “សម្រេចហើយ! យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាដើមដំបូង និងជាទីបញ្ចប់។ ចំពោះអ្នកដែលស្រេក យើងនឹងឲ្យទឹកពីប្រភពទឹកនៃជីវិតដោយឥតគិតថ្លៃ។ Khmer Christian Bible បន្ទាប់មក ព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «ការបានសម្រេចហើយ យើងជាអាលផា និងជាអូមេកា ជាដើមដំបូង និងជាចុងបំផុត។ អ្នកណាដែលស្រេក យើងនឹងឲ្យផឹកពីប្រភពទឹកជីវិត ដោយឥតគិតថ្លៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាលផា និងអូមេកា គឺជាដើម និងជាចុង បើអ្នកណាស្រេក យើងនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតដោយឥតគិតថ្លៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និងជាអូមេកា គឺជាដើមដំបូង និងជាចុងបំផុត។ អ្នកណាស្រេក យើងនឹងឲ្យទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះ ដោយគេមិនបាច់បង់ថ្លៃឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលមកខ្ញុំថា ស្រេចហើយ អញជាអាលផា នឹងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ អាល់គីតាប ទ្រង់មានបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និងជាអូមេកា គឺជាដើមដំបូង និងជាចុងបំផុត។ អ្នកណាស្រេក យើងនឹងឲ្យទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះដោយគេមិនបាច់បង់ថ្លៃឡើយ។ |
ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ប្រសិនបើនាងបានស្គាល់អំណោយទានរបស់ព្រះ ហើយដឹងថាអ្នកដែលកំពុងនិយាយនឹងនាងថា: ‘សូមឲ្យខ្ញុំផឹកផង’ ជាអ្នកណា ម្ល៉េះសមនាងបានសុំពីគាត់វិញ ហើយគាត់ក៏ឲ្យទឹករស់ដល់នាង”។
ស្ត្រីនោះទូលព្រះអង្គថា៖ “លោកម្ចាស់ លោកគ្មានយោងដងទឹកទេ ហើយអណ្ដូងនេះក៏ជ្រៅ ចុះលោកបានទឹករស់មកពីណា?
ប៉ុន្តែអ្នកណាក៏ដោយដែលផឹកទឹកដែលខ្ញុំនឹងឲ្យនោះ នឹងមិនស្រេកសោះឡើយ គឺជារៀងរហូត។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំនឹងឲ្យអ្នកនោះ នឹងក្លាយជាប្រភពទឹកផុសឡើងដល់ជីវិតអស់កល្បជានិច្ចនៅក្នុងអ្នកនោះ”។
ប៉ុន្តែពួកគេត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃ ដោយព្រះគុណរបស់ព្រះ និងតាមរយៈសេចក្ដីប្រោសលោះក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះបុត្រារបស់អង្គទ្រង់ គឺប្រគល់ព្រះបុត្រាសម្រាប់យើងទាំងអស់គ្នាវិញ តើព្រះអង្គនឹងមិនប្រទានអ្វីៗទាំងអស់ដល់យើង ជាមួយព្រះបុត្រាទេឬ?
ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់ពិភពលោកទេ គឺបានទទួលព្រះវិញ្ញាណពីព្រះវិញ ដើម្បីឲ្យយើងបានស្គាល់អ្វីៗដែលព្រះប្រទានមកយើង
ចុះអ័ប៉ុឡូសជាអ្វី? ហើយប៉ូលជាអ្វី? ជាអ្នកបម្រើដែលអ្នករាល់គ្នាបានជឿតាមរយៈពួកគេ តាមដែលព្រះអម្ចាស់បានប្រទានឲ្យម្នាក់ៗប៉ុណ្ណោះ។
ពោលថា៖“អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរគឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។
នៅពេលខ្ញុំបានឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោកដូចមនុស្សស្លាប់ នោះលោកក៏ដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖“កុំខ្លាចឡើយ! យើងជាដើម និងជាចុង
ព្រះអម្ចាស់ដ៏ជាព្រះ មានបន្ទូលថា៖ “យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាព្រះដ៏មានព្រះចេស្ដា ដែលមាននៅសព្វថ្ងៃ មាននៅតាំងពីដើម ហើយដែលត្រូវយាងមក”។
ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបាននិម្មិតបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ គាត់បានស្បថថា៖ “គ្មានពេលទៀតឡើយ!
ទូតសួគ៌ទីប្រាំពីរចាក់ពីពែងរបស់ខ្លួនទៅលើអាកាស នោះមានសំឡេងមួយយ៉ាងខ្លាំងចេញមកពីព្រះវិហារ គឺពីបល្ល័ង្ក ពោលថា៖ “សម្រេចហើយ!”។
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ “សូមយាងមក!” អ្នកដែលឮ ក៏ចូរនិយាយថា៖ “សូមយាងមក!”។ អ្នកដែលស្រេក ចូរឲ្យអ្នកនោះចូលមក; អ្នកដែលចង់បាន ចូរឲ្យអ្នកនោះទទួលទឹកនៃជីវិតដោយឥតបង់ថ្លៃ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅឡៅឌីសេថា: ‘ព្រះអង្គដែលជាអាម៉ែន ជាសាក្សីស្មោះត្រង់ និងពិតត្រង់ ជាដើមកំណើតនៃអ្វីដែលព្រះបាននិម្មិតបង្កើត មានបន្ទូលដូច្នេះ:
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្កនោះ នឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកនៃជីវិត។ ព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ”៕