Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ កូរិន‌ថូស 2 - ព្រះគម្ពីរខ្មែរសាកល


ការប្រកាសរបស់ប៉ូល

1 បងប្អូន​អើយ រីឯខ្ញុំវិញ កាល​ខ្ញុំ​បាន​មករក​អ្នករាល់គ្នា ខ្ញុំ​បាន​មក​ប្រកាស​អាថ៌កំបាំង​របស់​ព្រះ​ដល់​អ្នករាល់គ្នា មិនមែន​ដោយ​ពាក្យសម្ដី​ដ៏ពូកែ ឬ​ប្រាជ្ញា​ទេ

2 ពីព្រោះ​ខ្ញុំ​បាន​សម្រេចចិត្ត​ថា ក្នុងចំណោម​អ្នករាល់គ្នា ខ្ញុំ​នឹង​មិន​ព្រម​ដឹង​អ្វី​ឡើយ ក្រៅពី​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ព្រះអង្គនោះ​ដែល​ត្រូវគេ​ឆ្កាង​។

3 ខ្ញុំ​បាន​នៅ​ជាមួយ​អ្នករាល់គ្នា ទាំង​ស្ថិតក្នុង​ភាពខ្សោយ ការភិតភ័យ និង​ការញ័ររន្ធត់​យ៉ាងខ្លាំង

4 ហើយ​ពាក្យសម្ដី និង​ការប្រកាស​របស់ខ្ញុំ ក៏​មិនមែន​ដោយ​ពាក្យ​ដ៏ទាក់ទាញ​នៃ​ប្រាជ្ញា​ដែរ គឺ​ដោយ​ការបញ្ជាក់​របស់​ព្រះវិញ្ញាណ និង​ព្រះចេស្ដា​វិញ

5 ដើម្បីកុំឲ្យ​ជំនឿ​របស់អ្នករាល់គ្នា​ពឹងផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ពឹងផ្អែក​លើ​ព្រះចេស្ដា​របស់​ព្រះ​វិញ។


ប្រាជ្ញាខាងព្រះវិញ្ញាណ

6 យ៉ាងណាមិញ នៅក្នុងចំណោម​មនុស្ស​ពេញវ័យ យើង​ថ្លែង​ប្រាជ្ញា ប៉ុន្តែ​មិនមែន​ប្រាជ្ញា​របស់​សម័យ​នេះ​ទេ ហើយក៏មិនមែន​ប្រាជ្ញា​របស់​ពួក​មេគ្រប់គ្រង​នៃ​សម័យ​នេះ​ដែល​រមែងតែងតែ​សាបសូន្យ​នោះ​ដែរ

7 គឺ​យើង​ថ្លែង​ព្រះប្រាជ្ញាញាណ ដែល​ត្រូវបាន​លាក់ទុក​ក្នុង​អាថ៌កំបាំង ជា​ព្រះប្រាជ្ញាញាណ​ដែល​ព្រះ​បាន​កំណត់ទុកមុន​តាំងពីមុន​ពិភពលោក ដើម្បី​ជា​សិរីរុងរឿង​របស់យើង​។

8 គ្មានអ្នកណា​ក្នុងចំណោម​ពួក​មេគ្រប់គ្រង​នៃ​សម័យ​នេះ​បាន​ស្គាល់​ព្រះប្រាជ្ញាញាណនេះ​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​បាន​ស្គាល់ ម្ល៉េះសម​ពួកគេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​នៃ​សិរីរុងរឿង​ឡើយ​។

9 យ៉ាងណាមិញ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “អ្វីដែល​ភ្នែក​មិនដែល​ឃើញ និង​ត្រចៀក​មិនដែល​ឮ ហើយ​មិនដែល​ផុសឡើង​ក្នុង​ចិត្ត​មនុស្ស នោះ​ជា​អ្វីដែល​ព្រះ​បាន​រៀបចំ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ”។

10 ប៉ុន្តែ​ព្រះ​បាន​បើកសម្ដែង​សេចក្ដីទាំងនោះ​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​ហើយ ដ្បិត​ព្រះវិញ្ញាណ​តែងតែ​ស្ទង់មើល​អ្វីៗ​ទាំងអស់ សូម្បីតែ​សេចក្ដីជ្រាលជ្រៅ​របស់​ព្រះ​។

11 តើ​នរណា​ស្គាល់​គំនិត​របស់​មនុស្ស ក្រៅពី​វិញ្ញាណ​របស់​អ្នក​នោះ ដែល​នៅក្នុង​ខ្លួនអ្នកនោះ​? ដូចគ្នាដែរ គ្មានអ្នកណា​ស្គាល់​គំនិត​របស់​ព្រះ​ឡើយ លើកលែងតែ​ព្រះវិញ្ញាណ​របស់​ព្រះ​ប៉ុណ្ណោះ​។

12 ឥឡូវនេះ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​ពិភពលោក​ទេ គឺ​បាន​ទទួល​ព្រះវិញ្ញាណ​ពី​ព្រះ​វិញ ដើម្បីឲ្យ​យើង​បាន​ស្គាល់​អ្វីៗ​ដែល​ព្រះ​ប្រទាន​មក​យើង

13 ហើយ​យើង​ក៏​ថ្លែង​សេចក្ដីទាំងនោះ​ដែរ មិនមែន​ដោយ​ពាក្យសម្ដី​ដែល​បង្រៀន​ដោយ​ប្រាជ្ញា​របស់​មនុស្ស​ទេ គឺ​បង្រៀន​ដោយ​ព្រះវិញ្ញាណ​វិញ ព្រមទាំង​ប្រៀបធៀប​សេចក្ដី​ខាងវិញ្ញាណ​ជាមួយ​សេចក្ដី​ខាងវិញ្ញាណ​ផង​។

14 យ៉ាងណាមិញ មនុស្ស​ខាងសាច់ឈាម​មិន​ព្រម​ទទួល​អ្វីៗ​ខាង​ព្រះវិញ្ញាណ​របស់​ព្រះ​ទេ ពីព្រោះ​វា​ជា​សេចក្ដីល្ងង់ខ្លៅ​សម្រាប់​គេ ហើយ​គេ​មិនអាច​យល់​បានទេ ដោយសារ​សេចក្ដីទាំងនេះ​ត្រូវ​វិនិច្ឆ័យ​ខាងវិញ្ញាណ​។

15 រីឯ​មនុស្ស​ខាងវិញ្ញាណ​វិញ វិនិច្ឆ័យ​អ្វីៗ​ទាំងអស់ ប៉ុន្តែ​មិន​ត្រូវ​អ្នកណា​វិនិច្ឆ័យ​ឡើយ​។

16 “តើ​នរណា​បាន​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់? តើ​នរណា​នឹង​បង្រៀន​ព្រះអង្គ​?”។ ប៉ុន្តែ​យើង​មាន​គំនិត​របស់​ព្រះ​គ្រីស្ទ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម