Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

រ៉ូម 3 - ព្រះគម្ពីរខ្មែរសាកល


ភាពស្មោះត្រង់របស់ព្រះ

1 បើដូច្នេះ តើ​ជនជាតិយូដា​មាន​អ្វី​ពិសេសជាង​? ឬ​ការកាត់ស្បែក​មាន​ប្រយោជន៍​អ្វី​?

2 មាន​ច្រើន​ទេតើ ក្នុង​គ្រប់ជំពូក​។ ដ្បិត​មុនដំបូង ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ពួកគេ​មែន​។

3 ចុះ​តើ​ជា​អ្វីទៅ បើ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​មិនជឿ​? តើ​ភាពឥតជំនឿ​របស់​ពួកគេ នឹង​ធ្វើឲ្យ​ភាពស្មោះត្រង់​របស់​ព្រះ​ទៅជាមោឃៈ​ឬ​?

4 មិនមែនដូច្នោះជាដាច់ខាត​! ទោះបី​មនុស្ស​គ្រប់គ្នា​ជា​អ្នកភូតភរ​ក៏ដោយ ក៏​ព្រះ​នៅតែ​ពិតត្រង់​ដែរ​។ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “ដើម្បីឲ្យ​ព្រះអង្គ​ត្រូវបាន​បញ្ជាក់ថាសុចរិត នៅពេល​ព្រះអង្គ​មានបន្ទូល ហើយ​មានជ័យជម្នះ នៅពេល​គេ​ជំនុំជម្រះ​ព្រះអង្គ”។

5 ប៉ុន្តែ​ប្រសិនបើ​សេចក្ដីទុច្ចរិត​របស់យើង បង្ហាញឲ្យឃើញ​សេចក្ដីសុចរិត​របស់​ព្រះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា តើ​ព្រះ​ដែល​បញ្ចេញ​ព្រះពិរោធ អយុត្តិធម៌​ឬ​?

6 មិនមែនដូច្នោះជាដាច់ខាត​! បើ​ព្រះអយុត្តិធម៌​មែន តើ​ព្រះ​នឹង​ជំនុំជម្រះ​ពិភពលោក​ដូចម្ដេចកើត​?

7 ប៉ុន្តែ​ប្រសិនបើ​សេចក្ដីពិត​របស់​ព្រះ​ចម្រើនឡើង​ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះអង្គ ដោយសារតែ​ការភូតភរ​របស់ខ្ញុំ ចុះម្ដេចក៏​ខ្ញុំ​នៅតែ​ត្រូវបាន​ផ្ដន្ទាទោស​ដូចជា​មនុស្សបាប​?

8 ដូច្នេះ ម្ដេចក៏​មិន​និយាយថា‍៖ “យើង​នាំគ្នា​ប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យ​កើតមាន​ការល្អ” ដូចដែល​អ្នកខ្លះ​និយាយ​មួលបង្កាច់​យើង ថា​យើង​និយាយ​ដូច្នោះ​? អ្នកទាំងនោះ​សមតែ​ទទួល​ការផ្ដន្ទាទោស​។


គ្មានមនុស្សសុចរិត

9 ចុះ​ម្ដេចទៅ​? តើ​ជនជាតិយូដាយើង​ល្អជាង​ឬ​? មិនមែន​ទាល់តែសោះ​! យើង​បាន​បញ្ជាក់ហើយ​ថា ទាំង​ជនជាតិយូដា និង​សាសន៍ដទៃ​សុទ្ធតែ​ស្ថិតនៅ​ក្រោម​បាប

10 ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “គ្មាន​មនុស្ស​សុចរិត​ឡើយ សូម្បីតែ​ម្នាក់​ក៏គ្មានផង​។

11 គ្មាន​អ្នកណា​ដែល​យល់ គ្មាន​អ្នកណា​ដែល​ស្វែងរក​ព្រះ​។

12 មនុស្ស​គ្រប់គ្នា​បាន​បែរចេញ ហើយ​ត្រឡប់ជាឥតប្រយោជន៍​ដូចៗគ្នា​; គ្មាន​អ្នកណា​សប្បុរស​ឡើយ សូម្បីតែ​ម្នាក់​ក៏​គ្មាន​ផង​។

13 បំពង់ក​ពួកគេ​ជា​ផ្នូរ​ដែល​បើកចំហ ពួកគេ​តែងតែ​បោកបញ្ឆោត​ដោយ​អណ្ដាត បបូរមាត់​ពួកគេ​បង្កប់ដោយ​ពិស​ពស់វែក

14 មាត់​ពួកគេ​ពោរពេញ​ទៅដោយ​ពាក្យបណ្ដាសា និង​ជាតិល្វីង

15 ជើង​ពួកគេ​រហ័ស​នឹង​បង្ហូរ​ឈាម

16 ផ្លូវ​របស់​ពួកគេ​មាន​តែ​សេចក្ដីហិនវិនាស និង​សេចក្ដីវេទនា​;

17 ពួកគេ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សន្តិភាព ឡើយ​។

18 គ្មាន​ការកោតខ្លាច​ព្រះ​សោះ នៅចំពោះ​ភ្នែក​ពួកគេ ”។

19 យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។

20 ដ្បិត​គ្មាន​មនុស្សណាម្នាក់​ត្រូវបាន​រាប់ជាសុចរិត​នៅចំពោះ​ព្រះ ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ ផ្ទុយទៅវិញ មាន​តែ​ការដឹងខ្លួន​នូវ​បាប តាមរយៈ​ក្រឹត្យវិន័យ​ប៉ុណ្ណោះ​។


ត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ

21 ប៉ុន្តែ​ឥឡូវនេះ សេចក្ដីសុចរិត​របស់​ព្រះ​ត្រូវបាន​សម្ដែង​ដោយឡែកពី​ក្រឹត្យវិន័យ​ហើយ ព្រមទាំង​ត្រូវបាន​ធ្វើបន្ទាល់​ដោយ​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​ផង

22 គឺ​សេចក្ដីសុចរិត​របស់​ព្រះ​តាមរយៈ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​អស់អ្នក​ដែល​ជឿ​។ ជាការពិត គ្មាន​ភាពខុសគ្នា​ទេ

23 ដ្បិត​មនុស្ស​គ្រប់គ្នា​បាន​ប្រព្រឹត្តបាប ហើយ​ខ្វះមិនដល់​សិរីរុងរឿង​របស់​ព្រះ

24 ប៉ុន្តែ​ពួកគេ​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ឥតគិតថ្លៃ ដោយ​ព្រះគុណ​របស់​ព្រះ និង​តាមរយៈ​សេចក្ដីប្រោសលោះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

25 ព្រះ​បាន​កំណត់​ព្រះយេស៊ូវនេះ​ទុកមុន​ជា​យញ្ញបូជាលួងព្រះហឫទ័យ តាមរយៈ​ជំនឿ​លើ​ព្រះលោហិត​របស់​ព្រះយេស៊ូវ ដើម្បី​សម្ដែង​សេចក្ដីសុចរិតយុត្តិធម៌​របស់​អង្គទ្រង់​; ដ្បិត​ព្រះ​មិនប្រកាន់​បាប​ដែល​បាន​ប្រព្រឹត្តពីមុន​មក

26 ដោយ​សេចក្ដីអនុគ្រោះ​របស់​ព្រះអង្គ ដើម្បី​សម្ដែង​សេចក្ដីសុចរិតយុត្តិធម៌​របស់​អង្គទ្រង់​នៅ​គ្រានេះ និង​ដើម្បី​សម្ដែងថា​អង្គទ្រង់​សុចរិតយុត្តិធម៌ ព្រមទាំង​បញ្ជាក់ថា​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះយេស៊ូវ សុចរិត​ផងដែរ​។


គ្មានការអួតអាង

27 ដោយហេតុនេះ តើ​ការអួតអាង​នៅ​ឯណា​? វា​ត្រូវបាន​ដកចេញ​ហើយ​។ តើ​ដោយ​ច្បាប់​អ្វី​? ដោយ​ច្បាប់​នៃ​ការប្រព្រឹត្ត​ឬ​? ទេ​! គឺ​ដោយ​ច្បាប់​នៃ​ជំនឿ​វិញ​។

28 ពោលគឺ យើង​យល់ឃើញថា មនុស្ស​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ គឺ​ដោយឡែកពី​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ទេ​។

29 តើ​ព្រះ​ជា​ព្រះ​របស់​ជនជាតិយូដា​តែប៉ុណ្ណោះ​ឬ​? តើ​មិនមែន​ជា​ព្រះ​របស់​សាសន៍ដទៃ​ដែរ​ទេ​ឬ​? ត្រូវហើយ ព្រះអង្គ​ជា​ព្រះ​របស់​សាសន៍ដទៃ​ដែរ

30 ពីព្រោះ​ព្រះ​ជា​ព្រះ​តែមួយអង្គគត់​។ ព្រះអង្គ​នឹង​រាប់​អ្នកដែលទទួលពិធីកាត់ស្បែក​ជាសុចរិត​ដោយសារតែ​ជំនឿ ហើយក៏​រាប់​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​ជាសុចរិត​ដោយសារតែ​ជំនឿ​ដែរ​។

31 បើដូច្នេះ តើ​យើង​ធ្វើឲ្យ​ក្រឹត្យវិន័យ​ទៅជាមោឃៈ​ដោយ​ជំនឿ​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! ផ្ទុយទៅវិញ យើង​លើកស្ទួយ​ក្រឹត្យវិន័យ​ទេ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម