ព្រះយេហូវ៉ាស្និទ្ធស្នាលនឹងអ្នកដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គទ្រង់ធ្វើឲ្យគេស្គាល់សម្ពន្ធមេត្រីរបស់ព្រះអង្គ។
ម៉ាថាយ 13:11 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។ Khmer Christian Bible ព្រះអង្គមានបន្ទូលឆ្លើយទៅគេថា៖ «ពីព្រោះអាថ៌កំបាំងនៃនគរស្ថានសួគ៌បានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែមិនបានប្រទានឲ្យអ្នកទាំងនោះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យ*នៃស្ថានបរមសុខ* រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឲ្យយល់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលឆ្លើយថា ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌ តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ អាល់គីតាប អ៊ីសាតបទៅគេវិញថា៖ «មកពីអុលឡោះបានប្រោសប្រទានឲ្យអ្នករាល់គ្នាយល់ គម្រោងការដ៏លាក់កំបាំងរបស់នគរនៃទ្រង រីឯអ្នកដទៃវិញ ទ្រង់មិនប្រទានឲ្យយល់ឡើយ។ |
ព្រះយេហូវ៉ាស្និទ្ធស្នាលនឹងអ្នកដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គទ្រង់ធ្វើឲ្យគេស្គាល់សម្ពន្ធមេត្រីរបស់ព្រះអង្គ។
គឺព្រះយេហូវ៉ាបានចាក់វិញ្ញាណនៃការលង់លក់មកលើអ្នករាល់គ្នា ព្រះអង្គបានបិទភ្នែករបស់អ្នករាល់គ្នាដែលជាព្យាការី ព្រះអង្គបានគ្របក្បាលរបស់អ្នករាល់គ្នាដែលជាអ្នកមើលឆុត។
ចំពោះអ្នករាល់គ្នា និមិត្តទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងក្រាំងដែលបិទត្រាហើយ។ នៅពេលគេឲ្យក្រាំងនោះដល់អ្នកដែលចេះអក្សរ ដោយនិយាយថា៖ “សូមអានក្រាំងនេះមើល៍” អ្នកនោះនឹងតបថា៖ “មិនបានទេ ពីព្រោះវាត្រូវបានបិទត្រា”
នៅទីនោះនឹងមានផ្លូវធំមួយ ជាផ្លូវដែលគេហៅថា “ផ្លូវដ៏វិសុទ្ធ”។ ពួកមនុស្សសៅហ្មងនឹងមិនឆ្លងតាមផ្លូវនោះឡើយ គឺផ្លូវនោះសម្រាប់តែអ្នកដែលដើរតាមផ្លូវនោះប៉ុណ្ណោះ; ទោះបើពួកគេជាមនុស្សល្ងីល្ងើក៏ដោយ ក៏ពួកគេមិនវង្វេងដែរ។
បន្ទាប់មក ពួកសិស្សក៏ចូលមកជិត ទូលសួរព្រះអង្គថា៖ “ហេតុអ្វីបានជាលោកនិយាយនឹងគេជាពាក្យឧបមា?”។
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនកូនយ៉ូណាសអើយ! អ្នកមានពរហើយ ដ្បិតមនុស្សមិនបានបើកសម្ដែងដល់អ្នកទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ ដែលបានបើកសម្ដែងដល់អ្នក។
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“មិនមែនមនុស្សទាំងអស់អាចទទួលយកពាក្យនេះបានទេ មានតែអ្នកដែលបានប្រទានឲ្យប៉ុណ្ណោះ ដែលអាចទទួលយកបាន។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នានឹងផឹកពីពែងរបស់ខ្ញុំមែន ប៉ុន្តែការដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនខ្ញុំជាអ្នកឲ្យទេ គឺសម្រាប់អ្នកដែលព្រះបិតារបស់ខ្ញុំបានរៀបចំទុកឲ្យវិញ”។
ប៉ុន្តែការដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនខ្ញុំជាអ្នកឲ្យទេ គឺសម្រាប់អ្នកដែលត្រូវបានរៀបចំទុកឲ្យវិញ”។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានមកអ្នករាល់គ្នាហើយរីឯអ្នកដទៃ រឿងទាំងអស់មកជាពាក្យឧបមាវិញ។
ព្រះអង្គមានបន្ទូលថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកដទៃ គឺមកជាពាក្យឧបមាវិញ ដើម្បីឲ្យ ‘ពួកគេមើល ប៉ុន្តែមិនឃើញ; ពួកគេស្ដាប់ ប៉ុន្តែមិនយល់’។
ព្រះអង្គមានបន្ទូលទៀតថា៖“ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា: ‘គ្មានអ្នកណាអាចមករកខ្ញុំបានឡើយ លុះត្រាតែបានប្រទានឲ្យអ្នកនោះពីព្រះបិតាប៉ុណ្ណោះ’”។
ប្រសិនបើអ្នកណាចង់ប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ អ្នកនោះនឹងដឹងអំពីសេចក្ដីបង្រៀននេះថាតើមកពីព្រះ ឬក៏ខ្ញុំនិយាយចេញពីខ្លួនខ្ញុំ។
មានស្ត្រីម្នាក់កំពុងស្ដាប់ នាងឈ្មោះលីឌា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តរបស់នាងឲ្យយកចិត្តទុកដាក់ចំពោះសេចក្ដីដែលប៉ូលនិយាយ។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
រីឯព្រះដែលអាចពង្រឹងអ្នករាល់គ្នាដោយដំណឹងល្អរបស់ខ្ញុំ និងដោយការប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដោយការបើកសម្ដែងនៃអាថ៌កំបាំងដែលត្រូវបានលាក់ទុកតាំងពីយូរលង់មកម្ល៉េះ
ប្រសិនបើខ្ញុំមានអំណោយទានខាងថ្លែងព្រះបន្ទូល ព្រមទាំងស្គាល់អាថ៌កំបាំងទាំងអស់ និងចំណេះដឹងគ្រប់យ៉ាង ហើយប្រសិនបើខ្ញុំមានជំនឿដ៏ពេញលេញ រហូតដល់រើភ្នំចេញបាន ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានតម្លៃទេ។
មើល៍! ខ្ញុំសូមប្រាប់អាថ៌កំបាំងមួយដល់អ្នករាល់គ្នា គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទេ គឺយើងទាំងអស់គ្នានឹងត្រូវបានផ្លាស់ប្រែវិញ
យ៉ាងណាមិញ មនុស្សខាងសាច់ឈាមមិនព្រមទទួលអ្វីៗខាងព្រះវិញ្ញាណរបស់ព្រះទេ ពីព្រោះវាជាសេចក្ដីល្ងង់ខ្លៅសម្រាប់គេ ហើយគេមិនអាចយល់បានទេ ដោយសារសេចក្ដីទាំងនេះត្រូវវិនិច្ឆ័យខាងវិញ្ញាណ។
គឺយើងថ្លែងព្រះប្រាជ្ញាញាណ ដែលត្រូវបានលាក់ទុកក្នុងអាថ៌កំបាំង ជាព្រះប្រាជ្ញាញាណដែលព្រះបានកំណត់ទុកមុនតាំងពីមុនពិភពលោក ដើម្បីជាសិរីរុងរឿងរបស់យើង។
ដូច្នេះ មនុស្សត្រូវចាត់ទុកយើងជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាមេការនៃអាថ៌កំបាំងរបស់ព្រះ។
តើនរណាយល់ឃើញថា អ្នកពិសេសជាងគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ប្រសិនបើអ្នកបានទទួលមែន ចុះម្ដេចក៏អ្នកអួតខ្លួនដូចជាមិនបានទទួល?
ទាំងឲ្យភ្នែកនៃចិត្តរបស់អ្នករាល់គ្នាត្រូវបានបំភ្លឺ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាសេចក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះអង្គជាអ្វី ភាពបរិបូរនៃមរតករបស់ព្រះអង្គ ដែលប្រកបដោយសិរីរុងរឿងក្នុងចំណោមវិសុទ្ធជនជាអ្វី
ព្រះអង្គបានបើកឲ្យយើងស្គាល់អាថ៌កំបាំងនៃបំណងព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមចេតនាល្អរបស់ព្រះអង្គដែលកំណត់ទុកមុនក្នុងព្រះគ្រីស្ទ
អាថ៌កំបាំងនេះជ្រាលជ្រៅណាស់ ប៉ុន្តែខ្ញុំនិយាយដូច្នេះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំប៉ុណ្ណោះ។
ព្រមទាំងសម្រាប់ខ្ញុំដែរ ដើម្បីឲ្យមានពាក្យសម្ដីប្រទានមកខ្ញុំនៅពេលខ្ញុំបើកមាត់និយាយ ធ្វើឲ្យខ្ញុំបានប្រកាសអាថ៌កំបាំងនៃដំណឹងល្អដោយភាពក្លាហាន។
ដើម្បីឲ្យចិត្តរបស់អ្នកទាំងនោះបានទទួលការកម្សាន្ត ទាំងភ្ជាប់គ្នាក្នុងសេចក្ដីស្រឡាញ់ និងក្នុងអស់ទាំងភាពបរិបូរនៃការជឿអស់ពីចិត្តដែលមកពីការយល់ដឹង រហូតដល់ការយល់ដឹងត្រឹមត្រូវអំពីអាថ៌កំបាំងរបស់ព្រះ គឺព្រះគ្រីស្ទ។
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕
ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំពីព្រះដែលតែងតែប្រទានឲ្យមនុស្សទាំងអស់ដោយសទ្ធា និងដោយឥតបន្ទោស នោះនឹងប្រទានឲ្យអ្នកនោះ។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាទទួលការចាក់ប្រេងអភិសេកពីអង្គដ៏វិសុទ្ធ ដូច្នេះអ្នកទាំងអស់គ្នាស្គាល់ហើយ។
រីឯអ្នករាល់គ្នាវិញ ការចាក់ប្រេងអភិសេកដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ ស្ថិតនៅក្នុងអ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាមិនចាំបាច់ឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាទេ។ ផ្ទុយទៅវិញ ដូចដែលការចាក់ប្រេងអភិសេកពីព្រះអង្គ បង្រៀនអ្នករាល់គ្នាអំពីអ្វីៗទាំងអស់យ៉ាងណា——ហើយជាសេចក្ដីពិត គឺមិនមែនជាសេចក្ដីកុហកទេ——ចូរស្ថិតនៅក្នុងព្រះអង្គ តាមដែលព្រះអង្គបានបង្រៀនអ្នករាល់គ្នាយ៉ាងនោះដែរ។