Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាថាយ 16 - ព្រះគម្ពីរខ្មែរសាកល


មេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ី

1 មាន​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ចូលមកជិត ល្បងល​ព្រះយេស៊ូវ​ដោយ​សុំ​ព្រះអង្គ​ឲ្យ​បង្ហាញ​ទីសម្គាល់​មួយ​ពី​លើមេឃ​ដល់​ពួកគេ​។

2 ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ដល់​ពេលល្ងាច អ្នករាល់គ្នា​និយាយថា​: ‘អាកាសធាតុ​នឹង​ល្អ ពីព្រោះ​មេឃ​ក្រហម’;

3 ហើយ​ពេល​ព្រឹកព្រលឹម អ្នករាល់គ្នា​ក៏​ថា​: ‘ថ្ងៃនេះ​អាកាសធាតុ​នឹង​អាប់អួ ពីព្រោះ​មេឃ​ក្រហម​ទាំង​ខ្មៅងងឹត’។អ្នករាល់គ្នា​ចេះ​វិភាគ​សណ្ឋាន​នៃ​មេឃ​មែន ប៉ុន្តែ​មិនចេះ​វិភាគ​ទីសម្គាល់​នៃ​សម័យកាល​សោះ​។

4 ជំនាន់​ដ៏អាក្រក់ និង​ផិតក្បត់​ទាមទារ​ទីសម្គាល់ ប៉ុន្តែ​ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​គេ​ឡើយ លើកលែងតែ​ទីសម្គាល់​របស់យ៉ូណាស​ប៉ុណ្ណោះ”។ រួច​ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ​ទៅ​។

5 នៅពេល​ពួក​សិស្ស​មកដល់​ត្រើយម្ខាង ពួកគេ​ភ្លេច​យក​នំប៉័ង​មក​។

6 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​យកចិត្តទុកដាក់ ហើយ​ប្រយ័ត្នប្រយែង​នឹង​មេម្សៅ​របស់​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ចុះ”។

7 ពួកសិស្ស​ក៏​ជជែក​គ្នា​ថា​៖ “នេះគឺ​ដោយសារ​យើង​មិន​បាន​យក​នំប៉័ង​មក”។

8 ព្រះយេស៊ូវ​បាន​ជ្រាប ក៏​មានបន្ទូលថា​៖“មនុស្ស​មានជំនឿតិច​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ជជែក​គ្នា​ថា​មិន​បាន​យក​នំប៉័ង​មកដូច្នេះ​?

9 តើ​អ្នករាល់គ្នា​មិនទាន់​យល់​ទេ​ឬ​? តើ​អ្នក​រាល់គ្នា​មិន​ចាំ​ទេ​ឬថា នំប៉័ង​ប្រាំ​ដែលឲ្យ​ប្រាំពាន់​នាក់​នោះ ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​?

10 ហើយក៏មិន​ចាំ​ទេ​ឬថា នំប៉័ង​ប្រាំពីរ​ដែលឲ្យ​បួនពាន់​នាក់​នោះ ប្រមូល​បាន​ប៉ុន្មាន​កញ្ឆេ​?

11 ម្ដេចក៏​អ្នករាល់គ្នា​មិន​យល់​ថា​ខ្ញុំ​បាន​និយាយ​នឹង​អ្នករាល់គ្នា​មិនមែន​អំពី​នំប៉័ង​ទេ គឺ​ឲ្យ​ប្រយ័ត្នប្រយែង​នឹង​មេម្សៅ​របស់​ពួកផារិស៊ី និង​ពួកសាឌូស៊ី​វិញ​?”។

12 ពេលនោះ​ទើប​ពួកគេ​យល់​ថា ព្រះអង្គ​មានបន្ទូល​មិនមែន​ឲ្យ​ប្រយ័ត្នប្រយែង​នឹង​មេម្សៅ​នំប៉័ង​នោះ​ទេ គឺ​ឲ្យ​ប្រយ័ត្នប្រយែង​នឹង​សេចក្ដីបង្រៀន​របស់​ពួកផារិស៊ី និង​ពួកសាឌូស៊ី​វិញ​។


ពេត្រុសទទួលស្គាល់ព្រះយេស៊ូវជាព្រះគ្រីស្ទ

13 នៅពេល​យាង​មកដល់​តំបន់​សេសារា​-​ភីលីព ព្រះយេស៊ូវ​មានបន្ទូល​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“តើ​គេ​និយាយថា​កូនមនុស្ស​ជា​នរណា​?”។

14 ពួកគេ​ទូល​ឆ្លើយថា​៖ “គេ​ថា​ជា​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះ​ថា​ជា​អេលីយ៉ា ហើយ​អ្នក​ខ្លះទៀត​ថា​ជា​យេរេមា ឬក៏​ជា​ម្នាក់​ក្នុងបណ្ដា​ព្យាការី”។

15 ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“ចុះ​អ្នករាល់គ្នា​វិញ តើ​អ្នករាល់គ្នា​ថា​ខ្ញុំ​ជា​នរណា​?”។

16 ស៊ីម៉ូន​ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “លោក​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​ដែល​មានព្រះជន្មរស់​!”។

17 ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ស៊ីម៉ូន​កូនយ៉ូណាស​អើយ​! អ្នក​មានពរ​ហើយ ដ្បិត​មនុស្សមិន​បាន​បើកសម្ដែង​ដល់​អ្នក​ទេ គឺ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ ដែល​បាន​បើកសម្ដែង​ដល់​អ្នក​។

18 ខ្ញុំ​ប្រាប់​អ្នក​ទៀត​ថា អ្នក​គឺ​ពេត្រុស ខ្ញុំ​នឹង​សាងសង់​ក្រុមជំនុំ​របស់ខ្ញុំ​នៅលើ​ថ្មដា​នេះ ហើយ​ទ្វារនៃ​ស្ថានមនុស្សស្លាប់​នឹង​មិន​ឈ្នះ​ក្រុមជំនុំនេះ​ឡើយ​។

19 ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​អាណាចក្រស្ថានសួគ៌​ដល់​អ្នក​។ អ្វីក៏ដោយដែល​អ្នក​ចង​នៅលើ​ផែនដី នោះ​ត្រូវបាន​ចង​នៅ​ស្ថានសួគ៌​រួចហើយ ហើយ​អ្វីក៏ដោយដែល​អ្នក​ស្រាយ​នៅលើ​ផែនដី នោះ​ក៏​ត្រូវបាន​ស្រាយ​នៅ​ស្ថានសួគ៌​រួចហើយ​ដែរ”។

20 បន្ទាប់មក ព្រះយេស៊ូវ​ក៏​ហាម​ពួក​សិស្ស​មិន​ឲ្យ​ប្រាប់​អ្នកណា​ថា ព្រះអង្គ​ជា​ព្រះ​គ្រីស្ទ​ឡើយ​។


ប្រាប់ជាមុនអំពីការសុគត និងការរស់ឡើងវិញ

21 តាំងពី​ពេលនោះ​មក ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​ថា ព្រះអង្គ​ត្រូវតែ​យាង​ទៅ​យេរូសាឡិម ហើយ​រងទុក្ខ​ជាច្រើន​ពី​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ រួច​ត្រូវគេ​ធ្វើគុត ហើយ​នៅ​ថ្ងៃ​ទីបី​ព្រះអង្គ​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​។

22 ពេត្រុស​ក៏​នាំ​ព្រះអង្គ​មក​ក្បែរ ហើយ​ចាប់ផ្ដើម​បន្ទោស​ព្រះអង្គ​ថា​៖ “គ្មានផ្លូវទេ ព្រះអម្ចាស់​អើយ​! ការនេះ​នឹង​មិន​កើតឡើង​ដល់​ព្រះអង្គ​សោះឡើយ”។

23 ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ងាកមក មានបន្ទូល​នឹង​ពេត្រុស​ថា​៖“សាតាំង​អើយ ថយទៅ​ក្រោយ​ខ្ញុំ​ទៅ​! អ្នក​ជា​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ដល់​ខ្ញុំ ដ្បិត​អ្នក​មិន​គិត​រឿង​របស់​ព្រះ​ទេ គឺ​គិត​រឿង​របស់​មនុស្ស​វិញ”។


លីឈើឆ្កាងរបស់ខ្លួន

24 បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។

25 ដ្បិត​អ្នកណាក៏ដោយដែល​ចង់​រក្សាជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នកណាក៏ដោយដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ អ្នកនោះ​នឹង​រកបាន​ជីវិត​វិញ​។

26 ជាការពិត ប្រសិនបើ​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹងរបស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​? ឬ​តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​?

27 ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។

28 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​អ្នកខ្លះ​ដែល​កំពុង​ឈរ​នៅ​ទីនេះ នឹង​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ រហូតដល់​បាន​ឃើញ​កូនមនុស្ស​មក​ជាមួយ​អាណាចក្រ​របស់​លោក”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម