យ៉ូស្វេ 1:7 - អាល់គីតាប ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមហ៊ូកុំទាំងប៉ុន្មានដែលម៉ូសា ជាអ្នកបម្រើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីហ៊ូកុំនេះ ដោយងាកទៅស្តាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យជំនះគ្រប់ទីកន្លែងដែលអ្នកទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរគ្រាន់តែមានកម្លាំង និងចិត្តក្លាហានប៉ុណ្ណោះ ទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងក្រឹត្យវិន័យ ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់អ្នក។ កុំងាកបែរចេញទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ ដើម្បីឲ្យអ្នកមានជោគជ័យគ្រប់ទីកន្លែងដែលអ្នកទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមក្រឹត្យវិន័យ*ទាំងប៉ុន្មាន ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីក្រឹត្យវិន័យនេះ ដោយងាកទៅស្ដាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យជម្នះគ្រប់ទីកន្លែងដែលអ្នកទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យឯងគ្រាន់តែមានកំឡាំង នឹងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ ប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណាដែលឯងទៅនោះ |
ចូរស្តាប់តាមបង្គាប់របស់អុលឡោះតាអាឡាជាម្ចាស់របស់កូន។ ចូរដើរក្នុងមាគ៌ារបស់ទ្រង់ជានិច្ច ហើយកាន់តាមហ៊ូកុំ តាមបញ្ជា តាមវិន័យ និងតាមដំបូន្មាន ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ដើម្បីឲ្យកូនមានជោគជ័យ ក្នុងគ្រប់កិច្ចការដែលកូនធ្វើ និងគ្រប់ទីកន្លែងដែលកូនទៅ។
ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា ហើយដើរតាមមាគ៌ារបស់ទត ជាអយ្យកោឥតខ្ចោះ ដោយមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។
ប្រសិនបើកូនកាន់ ហើយប្រតិបត្តិតាមហ៊ូកុំ និងបទបញ្ជា ដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា សម្រាប់ជនជាតិអ៊ីស្រអែល នោះកូននឹងបានចំរុងចំរើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!
ចំពោះអ្នករាល់គ្នាវិញ ចូរមានចិត្តខ្ជាប់ខ្ជួនមិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត តែងតែទទួលរង្វាន់ជាពុំខាន!»។
ស្តេចអូសៀសយកចិត្តទុកដាក់ស្វែងរកអុលឡោះក្នុងពេលដែលលោកសាការីយ៉ានៅរស់នៅឡើយ ព្រោះគាត់ណែនាំស្តេចឲ្យគោរពកោតខ្លាចអុលឡោះ។ ដរាបណាស្តេចស្វែងរកអុលឡោះទ្រង់ប្រទានឲ្យស្តេចបានចំរុងចំរើនជានិច្ច។
អុលឡោះតាអាឡាសួរអ៊ីព្លេសហ្សៃតនថា៖ «តើអ្នកសង្កេតឃើញអៃយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដី គ្មាននរណាម្នាក់ដូចអៃយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់»។
ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយចិត្ត សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
រួចហើយគាត់ពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី អុលឡោះពេញចិត្តនឹងអ្នកខ្លាំងណាស់ សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលគាត់មានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជម្រាបគាត់ថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំចុះ ព្រោះលោកម្ចាស់ធ្វើឲ្យខ្ញុំមានកម្លាំងហើយ»។
គាត់ដាក់ដៃលើយ៉ូស្វេ ដើម្បីប្រគល់តំណែងឲ្យ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។
ដូច្នេះ ត្រូវកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងទៅចាប់យកស្រុក ដែលអ្នករាល់គ្នាត្រូវឆ្លងទៅកាន់កាប់ជាកម្មសិទ្ធិ
ចំណែកឯអ្នករាល់គ្នាវិញ ត្រូវកាន់ និងប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា ដោយឥតបន្ថែម ឬបន្ថយអ្វីឡើយ»។
មិនត្រូវងាកទៅឆ្វេងទៅស្តាំ ឆ្ងាយពីបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ហើយបែរទៅជំពាក់ចិត្ត និងគោរពថ្វាយបង្គំព្រះឯទៀតៗឡើយ»។
ដូច្នេះអ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមសេចក្តីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលជោគជ័យ ក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
ថ្ងៃនេះ អ្នកទាំងអស់គ្នាចូលមកជិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺមានទាំងមេដឹកនាំ មានទាំងកុលសម្ព័ន្ធ ក្រុមអះលីជំអះ ពួកមេទ័ពប្រុសៗទាំងអស់
ម៉ូសាហៅលោកយ៉ូស្វេមក ហើយនិយាយទៅកាន់គាត់ នៅចំពោះមុខប្រជាជនអ៊ីស្រអែលទាំងមូលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ដ្បិតអ្នកត្រូវនាំប្រជាជននេះចូលទៅក្នុងស្រុក ដែលអុលឡោះតាអាឡា បានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ។ ដូច្នេះ អ្នកត្រូវនាំប្រជាជននេះទៅកាន់កាប់ទឹកដី ជាចំណែកមត៌ករបស់ពួកគេ។
មិនត្រូវបន្ថែម ឬបន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែ ត្រូវធ្វើតាមបទបញ្ជាដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។
អ្នករាល់គ្នាត្រូវគោរព និងប្រតិបត្តិតាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាបានបង្គាប់ដល់អ្នករាល់គ្នា ដោយឥតងាកទៅឆ្វេង ឬទៅស្តាំ។
ក្រោយពីម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានស្លាប់ផុតទៅ អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេ ជាកូនរបស់លោកនូន និងជាអ្នកជំនួយការរបស់ម៉ូសាថា៖
ត្រូវទន្ទេញគីតាបនៃហ៊ូកុំនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្តីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចំរុងចំរើន និងទទួលជោគជ័យ។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នក នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
អុលឡោះតាអាឡាបង្គាប់មកម៉ូសា ជាអ្នកបម្រើរបស់ទ្រង់យ៉ាងណា ម៉ូសាក៏បានបង្គាប់មកយ៉ូស្វេយ៉ាងនោះដែរ ហើយយ៉ូស្វេធ្វើតាម គឺគាត់ប្រព្រឹត្តតាមសេចក្តីទាំងអស់ ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ឥតមានធ្វេសប្រហែសត្រង់ណាឡើយ។
ចូរមានកម្លាំងខ្លាំងក្លាឡើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា ដោយមិនប្រាសចាកទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ។