Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 26 - អាល់គីតាប


ស្តេច​អូសៀស​ឡើង​គ្រង​រាជ្យ​ជា​ស្តេច​ស្រុក​យូដា

1 ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ស្តេច​អូសៀស ដែល​មាន​អាយុ​ដប់​ប្រាំ​មួយ​ឆ្នាំ ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​ឪពុក។

2 ក្រោយ​ពេល​ស្តេច​អម៉ា‌ស៊ីយ៉ា​ស្លាប់ ស្តេច​អូសៀស​បាន​សង់​ក្រុង​អេឡុត​ឡើង​វិញ រួច​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា​ដូច​ពី​មុន។

3 ស្តេច​អូសៀស​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​អាយុ​ដប់​ប្រាំ​មួយ​ឆ្នាំ ស្តេច​សោយ​រាជ្យ​បាន​ហា‌សិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។

4 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ដែល​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​ឪពុក​ដែរ។


ស្តេច​អូសៀស​បែក​ចិត្ត​ចេញ​ពី​អុលឡោះ‌តាអាឡា

5 ស្តេច​អូសៀស​យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​អុលឡោះក្នុង​ពេល​ដែល​លោក​សាកា‌រីយ៉ា​នៅ​រស់​នៅ​ឡើយ ព្រោះ​គាត់​ណែ‌នាំ​ស្តេច​ឲ្យ​គោរព​កោត​ខ្លាច​អុលឡោះ។ ដរាប​ណា​ស្តេច​ស្វែង​រក​អុលឡោះទ្រង់​ប្រទាន​ឲ្យ​ស្តេច​បាន​ចំរុង​ចំរើន​ជា‌និច្ច។

6 ស្តេច​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​ភីលី‌ស្ទីន ហើយ​ទម្លុះ​កំពែង​ក្រុង​កាថ ក្រុង​យ៉ាប់‌ណេ និង​ក្រុង​អាស‌ដូឌ។ ស្តេច​បាន​សង់​ក្រុង​នៅ​តំបន់​ក្រុង​អាស‌ដូឌ និង​ក្នុង​ទឹក​ដី​ភីលី‌ស្ទីន។

7 អុលឡោះ​ជួយ​ស្តេច​នៅ​ពេល​ធ្វើ​សង្គ្រាម​ទល់​នឹង​ជន‌ជាតិ​ភីលី‌ស្ទីន ជន‌ជាតិ​អារ៉ាប់​ដែល​រស់​នៅ​ក្រុង​គើរ-បាល និង​ជន‌ជាតិ​ម៉ាអូន។

8 ជន‌ជាតិ​អាំម៉ូន​នាំ​យក​សួយសារ‌អាករ​មក​ជូន​ស្តេច​អូសៀស។ កិត្តិ‌នាម​របស់​ស្តេច​ល្បី​រន្ទឺ រហូត​ដល់​ទល់​ដែន​ស្រុក​អេស៊ីប ដ្បិត​ទ្រង់​មាន​ប្ញទ្ធិ​អំណាច​យ៉ាង​ខ្លាំង។

9 ស្តេច​អូសៀស​បាន​សង់​ប៉ម​ដ៏​រឹង‌មាំ​នៅ​ក្រុង​យេរូ‌សាឡឹម ខាង​លើ​ខ្លោង​ទ្វារ​នៅ​ជ្រុង​កំពែង​ទ្វារ​ជ្រលង​ភ្នំ និង​នៅ​លើ​មុម​កំពែង។

10 ស្តេច​បាន​សង់​ប៉ម​ចាំ​យាម​នៅ​តាម​វាល​រហោ‌ស្ថាន និង​ជីក​ស្រះ​ជា​ច្រើន ដ្បិត​ស្តេច​មាន​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​នៅ​តំបន់​ខ្ពង់​រាប និង​តំបន់​វាល​ទំនាប ហើយ​ស្តេច​ក៏​មាន​កសិករ​ដែល​ធ្វើ​ស្រែ និង​ដាំ​ទំពាំង‌បាយ‌ជូរ​ជូន​នៅ​តាម​តំបន់​ភ្នំ និង​នៅ​ភ្នំ​កើមែល​ដែរ ព្រោះ​ស្តេច​ពេញ​ចិត្ត​ខាង​វិស័យ​កសិ‌កម្ម។

11 ស្តេច​អូសៀស​មាន​កង‌ទ័ព ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។ កង‌ទ័ព​នេះ​ចែក​ជា​កង‌ពល​ផ្សេងៗ ដូច​លោក​យីអែល​ជា​ស្មៀន​ស្តេច និង​លោក​ម៉ាសេ‌យ៉ា ជា​មន្ត្រី​រដ្ឋ‌បាល​បាន​ជំរឿន ហើយ​ដឹក​នាំ​ដោយ​លោក​ហា‌ណា‌នា ជា​មេ‌ទ័ព​របស់​ស្តេច។

12 ទាហាន​ដ៏​អង់‌អាច​ទាំង​នោះ ស្ថិត​នៅ​ក្រោម​បញ្ជា​មេ​ក្រុម​គ្រួសារ ២ ៦០០ នាក់

13 និង​មាន​ចំនួន​ទាំង​អស់ ៣០៧ ៥០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ មាន​ចិត្ត​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ខ្មាំង​សត្រូវ​របស់​ស្តេច។

14 ស្តេច​អូសៀស​បាន​ប្រគល់​ខែល លំពែង មួក​ដែក អាវ​ក្រោះ ធ្នូ ព្រម​ទាំង​ដង្ហក់​សម្រាប់​បាញ់​គ្រួស​ឲ្យ​ទាហាន​គ្រប់ៗ​គ្នា។

15 នៅ​ក្រុង​យេរូ‌សាឡឹម ស្តេច​ឲ្យ​ជាង​ដ៏​ជំនាញ​ផលិត​គ្រឿង​សស្ត្រា‌វុធ​ដាក់​នៅ​តាម​ប៉ម និង​តាម​មុម​កំពែង​ក្រុង ដើម្បី​បាញ់​ព្រួញ និង​ចោល​ដុំ​ថ្ម។ កិត្តិ‌នាម​របស់​ស្តេច​បាន​ល្បី​ខ្ចរ‌ខ្ចាយ​រហូត​ដល់​ស្រុក​ឆ្ងាយៗ ដ្បិត​អុលឡោះ​បាន​ជួយ​ស្តេច​យ៉ាង​ច្រើន​បំផុត ធ្វើ​ឲ្យ​ស្តេច​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។


ស្តេច​អូសៀស​កើត​រោគ​ឃ្លង់

16 ប៉ុន្តែ ពេល​បាន​អំណាច​រឹង‌ប៉ឹង​ហើយ ស្តេច​ក៏​មាន​អំនួត រហូត​ដល់​បណ្តាល​ឲ្យ​ស្តេច​ត្រូវ​វិនាស។ ស្តេច​ក្បត់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន គឺ​ស្តេច​បាន​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ហើយ​ដុត​គ្រឿង​ក្រអូប នៅ​លើ​អាសនៈ​ជូន​គ្រឿង​ក្រអូប។

17 អ៊ីមុាំ​អសា‌រា​ចូល​មក​តាម​ក្រោយ​ស្តេច ដោយ​មាន​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា​ចំនួន​ប៉ែត‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច​មក​ជា​មួយ​ផង។

18 អ្នក​ទាំង​នោះ​ឈរ​នៅ​មុខ​ស្តេច​ជម្រាប​ថា៖ «ស្តេច​អូសៀស​អើយ! ស្តេច​គ្មាន​សិទ្ធិ​ដុត​គ្រឿង​ក្រអូប​ជូនអុលឡោះ‌តាអាឡា​ឡើយ គឺ​មាន​តែ​ក្រុម​អ៊ីមុាំ​ជា​ពូជ‌ពង្ស​របស់​ហារូន​ប៉ុណ្ណោះ ដែល​បាន​ទទួល​ពិធី​តែង‌តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប។ សូម​ស្តេច​ចេញ​ពី​ទី‌សក្ការៈ​នេះ​ទៅ ដ្បិត​ស្តេច​ក្បត់​អុលឡោះហើយ​ស្តេច​នឹង​មិន​ទទួល​កិត្តិ‌យស​អ្វី​ពីអុលឡោះ‌តាអាឡា​ឡើយ»។

19 ស្តេច​អូសៀស​កាន់​ពាន​សម្រាប់​ដុត​គ្រឿង​ក្រអូប ហើយ​ពេល​ស្តេច​ខឹង​ឡើង​ទាស់​នឹង​អ៊ីមុាំ ស្រាប់​តែ​មាន​រោគ​ឃ្លង់​កើត​ពាស‌ពេញ​ថ្ងាស នៅ​ចំពោះ​មុខ​ក្រុម​អ៊ីមុាំ ក្បែរ​អាសនៈ​ដុត​គ្រឿង​ក្រអូប​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

20 មូស្ទី​អសា‌រា និង​អ៊ីមុាំ​ទាំង​អស់ បែរ​ទៅ​ឃើញ​ស្តេច​កើត​ឃ្លង់​នៅ​លើ​ថ្ងាស​ដូច្នេះ ពួក​គាត់​ក៏​នាំ​ស្តេច​ចេញ​មក​ក្រៅ​ជា​បន្ទាន់។ រីឯ​ស្តេច​ផ្ទាល់​ក៏​ប្រញាប់​ចេញ​មក​ដែរ ព្រោះ​ស្តេច​ជ្រាប​ថា អុលឡោះ‌តាអាឡា​បាន​វាយ​ប្រហារ​ស្តេច។

21 ស្តេច​អូសៀស​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​គាត់​ស្លាប់។ ដោយ​ស្តេច​កើត​ឃ្លង់​ដូច្នេះ គាត់​ត្រូវ​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ ហើយ​មិន​អាច​ចូល​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន​ឡើយ។ សម្តេច​យ៉ូថាម​ជា​កូន​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។

22 ណាពី​អេ‌សាយ​ជា​កូន​របស់​លោក​អម៉ូស​បាន​កត់‌ត្រា​ទុក នូវ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ស្តេច​អូសៀស​តាំង​ពី​ដើម​ដល់​ចប់។

23 ស្តេច​អូសៀស​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្នុង​ទី‌ធ្លា​នៃ​ផ្នូរ​របស់​រាជ‌វង្ស ដ្បិត​ស្តេច​កើត​ឃ្លង់។ ស្តេច​យ៉ូថាម​ជា​កូន​ឡើង​ស្នង​រាជ្យ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម