ជនគណនា 27 - អាល់គីតាបហ៊ូកុំអំពីកេរមត៌កសម្រាប់កូនស្រី 1 ពេលនោះ កូនស្រីរបស់លោកស្លូផិហាត ជាចៅរបស់លោកហេភើរ ជាចៅទួតរបស់លោកកាឡាដក្នុងអំបូរម៉ាកៀរ នៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់យូសុះ នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ 2 ពួកនាងចូលមកជួបម៉ូសា អ៊ីមុាំអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងសហគមន៍អ៊ីស្រអែលទាំងមូល នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ពួកនាងពោលថា៖ 3 «ឪពុកយើងខ្ញុំបានស្លាប់នៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹងអុលឡោះតាអាឡាឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។ 4 មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។ 5 ម៉ូសានាំរឿងហេតុរបស់ពួកនាង ទៅជម្រាបអុលឡោះតាអាឡា។ 6 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 7 «កូនស្រីរបស់ស្លូផិហាតនិយាយត្រូវមែន។ ចូរប្រគល់ទឹកដីមួយចំណែកក្នុងចំណោមបងប្អូនរបស់ឪពុកពួកនាង ឲ្យពួកនាង គឺចំណែកមត៌ករបស់ឪពុកពួកនាង នឹងត្រូវបានទៅលើពួកនាង។ 8 អ្នកត្រូវប្រាប់កូនចៅអ៊ីស្រអែលដូចតទៅ: “ប្រសិនបើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូនប្រុសទេ ចូរប្រគល់កេរមត៌ករបស់អ្នកនោះទៅឲ្យកូនស្រីរបស់គាត់។ 9 ប្រសិនបើគាត់គ្មានកូនស្រីទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនរបស់គាត់។ 10 ប្រសិនបើគាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនឪពុកគាត់។ 11 ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កនោះទៅឲ្យសាច់ញាតិណាម្នាក់ ដែលជិតជាងគេ ក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ”»។ ជនជាតិអ៊ីស្រអែលត្រូវអនុវត្តតាមគោលការណ៍នេះជាហ៊ូកុំ ស្របនឹងបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ យ៉ូស្វេទទួលមុខងារជំនួសណាពីម៉ូសា 12 អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរឡើងទៅលើភ្នំអាបារីម ហើយសម្លឹងមើលស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រអែល។ 13 អ្នកមើលឃើញស្រុកនេះ ប៉ុន្តែ អ្នកត្រូវស្លាប់ ទៅជួបជុំនឹងសាច់ញាតិរបស់អ្នកវិញ ដូចហារូនជាបងរបស់អ្នកដែរ 14 ព្រោះអ្នកទាំងពីរបានប្រឆាំងនឹងបញ្ជារបស់យើង ក្នុងពេលដែលសហគមន៍នាំគ្នាបះបោរ នៅវាលរហោស្ថានស៊ីន គឺអ្នករាល់គ្នាពុំបានសំដែងឲ្យពួកគេឃើញភាពបរិសុទ្ធរបស់យើង នៅពេលប្រជាជនបះបោរអំពីរឿងទឹកឡើយ»។ ប្រជាជនបានបះបោរអំពីរឿងទឹកនេះ នៅកាដេស ក្នុងវាលរហោស្ថានស៊ីន។ 15 ម៉ូសាទូរអាអង្វរអុលឡោះតាអាឡាថា៖ 16 «សូមអុលឡោះតាអាឡាជាម្ចាស់នៃខ្យល់ដង្ហើមរបស់សត្វលោកទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់ឲ្យដឹកនាំសហគមន៍អ៊ីស្រអែលផង។ 17 អ្នកនោះនឹងនាំមុខប្រជាជនចេញទៅច្បាំង ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំឲ្យសហគមន៍របស់អុលឡោះតាអាឡាប្រៀបបាននឹងហ្វូងចៀមដែលគ្មានអ្នកគង្វាលនោះឡើយ»។ 18 អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាថា៖ «ចូរនាំយ៉ូស្វេ ជាកូនរបស់នូន ជាមនុស្សដែលមានរសអុលឡោះនៅជាមួយមក ហើយដាក់ដៃលើគាត់។ 19 ចូរនាំគាត់ទៅឈរនៅមុខអ៊ីមុាំអេឡាសារ និងសហគមន៍ទាំងមូល ហើយប្រកាសតែងតាំងគាត់ នៅចំពោះមុខពួកគេ។ 20 ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ ឲ្យសហគមន៍អ៊ីស្រអែលទាំងមូលដឹងឮផង។ 21 យ៉ូស្វេត្រូវឈរនៅមុខអ៊ីមុាំអេឡាសារ ហើយពេលនោះ អេឡាសារត្រូវសួរយូរីម ដើម្បីដឹងពីការសម្រេចរបស់អុលឡោះតាអាឡា។ បន្ទាប់មក យ៉ូស្វេ និងសហគមន៍អ៊ីស្រអែលទាំងមូល ចេញទៅច្បាំង ឬត្រឡប់មកវិញ តាមបញ្ជារបស់អេឡាសារ»។ 22 ម៉ូសាធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។ គាត់នាំយ៉ូស្វេមកឈរនៅចំពោះមុខអ៊ីមុាំអេឡាសារ និងសហគមន៍ទាំងមូល។ 23 គាត់ដាក់ដៃលើយ៉ូស្វេ ដើម្បីប្រគល់តំណែងឲ្យ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។ |
© 2014 United Bible Societies, UK.
United Bible Societies