Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 1 - អាល់គីតាប


ណាពី​អៃយ៉ូប​បាត់​បង់​អ្វី​ទាំង​អស់ ទុក្ខ​លំបាក​លើក​ទី​មួយ​របស់​ណាពី​អៃយ៉ូប

1 កាល​ពី​ដើម នៅ​ស្រុក​អ៊ូស មាន​បុរស​ម្នាក់​ឈ្មោះ​អៃយ៉ូប ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត។ គាត់​គោរព​កោត​ខ្លាច​អុលឡោះហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។

2 អៃយ៉ូប​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។

3 គាត់​មាន​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ គាត់​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។

4 កូន​ប្រុសៗ​របស់​គាត់​តែងតែ​ទៅ​ជប់‌លៀង​នៅ​ផ្ទះ​របស់​ពួក​គេ តាម​វេន​រៀងៗ​ខ្លួន ហើយ​ក៏​អញ្ជើញ​បង​ប្អូន​ស្រីៗ​ទាំង​បី​នាក់​ទៅ​ចូល​រួម​ដែរ។

5 ក្រោយ​ពេល​ជប់‌លៀង អៃយ៉ូប​តែងតែ​ហៅ​កូនៗ​របស់​គាត់ មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ។ គាត់​ក្រោក​ពី​ព្រលឹម ធ្វើ​គូរបាន​ដុត សម្រាប់​កូន​នីមួយៗ ដ្បិត​គាត់​ខ្លាច​ក្រែង​កូន​របស់​គាត់​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​អុលឡោះនៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ អៃយ៉ូប​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ជា‌និច្ច។

6 ថ្ងៃ​មួយ ពពួក​ម៉ាឡា‌អ៊ីកាត់ នាំ​គ្នា​ចូល​ទៅ​ជួបអុលឡោះ‌តាអាឡា អ៊ីព្លេស‌ហ្សៃតន​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​ដែរ។

7 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​អ៊ីព្លេស‌ហ្សៃតន​ថា៖ «តើ​អ្នក​ទើប​នឹង​មក​ពី​ណា?»។ អ៊ីព្លេស‌ហ្សៃតន​ជម្រាបអុលឡោះ‌តាអាឡា​វិញ​ថា៖ «ខ្ញុំ​ទើប​នឹង​ដើរ​កំសាន្ត​នៅ​លើ​ផែនដី»។

8 អុលឡោះ‌តាអាឡា​សួរ​អ៊ីព្លេស‌ហ្សៃតន​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី គ្មាន​នរណា​ម្នាក់​ដូច​អៃយ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់»។

9 អ៊ីព្លេស‌ហ្សៃតន​ជម្រាបអុលឡោះ‌តាអាឡា​វិញ​ថា៖ «តើ​អៃយ៉ូប​ពិត​ជា​គោរព​កោត​ខ្លាច​ទ្រង់​ដោយ​សុទ្ធ​ចិត្ត​មែន​ឬ?

10 តាម​ពិត គាត់​គោរព​ទ្រង់​ដូច្នេះ មក​ពី​ទ្រង់​ការពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន។ ទ្រង់​ប្រទាន​ពរ​ឲ្យ​គាត់​បាន​ចំរើន​ក្នុង​កិច្ចការ​ដែល​គាត់​ធ្វើ ហើយ​ក៏​ប្រទាន​ឲ្យ​ហ្វូង​សត្វ​របស់​គាត់ កើន​ចំនួន​ច្រើន​ពាស‌ពេញ​ស្រុក​ដែរ។

11 ប្រសិន​បើ​ទ្រង់​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នោះ​គាត់​មុខ​ជា​ប្រមាថ​ទ្រង់​មិន​ខាន»។

12 អុលឡោះ‌តាអាឡាមាន​បន្ទូល​ទៅ​កាន់​អ៊ីព្លេស‌ហ្សៃតន​ថា៖ «អ្វីៗ​ដែល​អៃយ៉ូប​មាន ស្ថិត​នៅ​ក្នុង​អំណាច​របស់​អ្នក​ស្រាប់​ហើយ ប៉ុន្តែ កុំ​ប៉ះ‌ពាល់​រូប​គាត់​ផ្ទាល់​ឲ្យ​សោះ»។ ពេល​នោះ អ៊ីព្លេស‌ហ្សៃតន​ក៏​ចាក​ចេញ​ពីអុលឡោះ‌តាអាឡា​ទៅ។


ណាពី​អៃយ៉ូប​បាត់​បង់​កូន និង​ទ្រព្យ‌សម្បត្តិ

13 ថ្ងៃ​មួយ ពេល​កូន​ប្រុស​កូន​ស្រី​របស់​អៃយ៉ូប​កំពុង​តែ​ជប់‌លៀង​នៅ​ផ្ទះ​កូន​ច្បង

14 នោះ​មាន​អ្នក​បម្រើ​ម្នាក់​មក​ជម្រាប​គាត់​ថា៖ «យើង​ខ្ញុំ​កំពុង​តែ​ភ្ជួរ​ស្រែ​ជា​មួយ​គោ ហើយ​ហ្វូង​លា​ក៏​កំពុង​តែ​ស៊ី​ស្មៅ​នៅ​ក្បែរ​នោះ

15 ស្រាប់​តែ​មាន​ជន‌ជាតិ​សេបា មក​វាយ​ពួក​យើង ប្លន់​យក​ហ្វូង​សត្វ​របស់​លោក​អស់។ ពួក​គេ​បាន​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក គឺ​មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក»។

16 ពេល​អ្នក​នោះ​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​គាត់​ថា៖ «មាន​រន្ទះ​បាញ់​ពី​លើ​មេឃ ឆេះ​ហ្វូង​ចៀម​របស់​លោក ហើយ​អ្នក​បម្រើ​ឯ​ទៀតៗ​ក៏​ស្លាប់​អស់​ដែរ។ មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក»។

17 អ្នក​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​គាត់​ថា៖ «មាន​ជន‌ជាតិ​ខាល់ដេ លើក​គ្នា​មក​ជា​បី​ក្រុម ហើយ​ប្លន់​យក​ហ្វូង​អូដ្ឋ និង​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក គឺ​មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក»។

18 អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​គាត់​ថា៖ «កូន​ប្រុស កូន​ស្រី​របស់​លោក កំពុង​ជប់‌លៀង​នៅ​ផ្ទះ​កូន​ច្បង

19 ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​ពី​វាល​រហោ‌ស្ថាន ប៉ះ​នឹង​ជ្រុង​ផ្ទះ​ទាំង​បួន ផ្ទះ​ក៏​រលំ​សង្កត់​យុវជន​ទាំង​នោះ ស្លាប់​អស់​ហើយ។ មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់ ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក»។

20 ពេល​នោះ អៃយ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​គាត់ ហើយ​កោរ​សក់។ បន្ទាប់​មក គាត់​ផ្ដួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយ‌បង្គំ

21 ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ អុលឡោះ‌តាអាឡា​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ទ្រង់​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា»។

22 ក្នុង​ស្ថាន‌ភាព​ទាំង​នេះ អៃយ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឬ​ពោល​ពាក្យ​ចោទ​ប្រកាន់​អុលឡោះ​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម