Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 80 - អាល់គីតាប


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ!
គីតាបសាបូរ​របស់​លោក​អេសាភ។

1 ឱ​អុលឡោះ​ដែល​ជា​អ្នក​គង្វាល នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​ស្តាប់​យើង​ខ្ញុំ ទ្រង់​ដឹក​នាំ​ពូជ‌ពង្ស​របស់​យូសុះ ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​អុលឡោះ​ដែល​នៅ​លើ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​អើយ សូម​សំដែង​អំណាច​ដ៏​រុង‌រឿង​របស់​ទ្រង់

2 សូម​សំដែង​អំណាច​ឲ្យ​កុល‌សម្ព័ន្ធ អេប្រាអ៊ីម ពុន‌យ៉ាមីន និង​ម៉ាណា‌សេ​ឃើញ សូម​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង!

3 ឱ​អុលឡោះ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​មើល​មក​យើង​ខ្ញុំ​ដោយ​ចិត្ត សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

4 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ តើ​ទ្រង់​ខឹង មិន​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ប្រជា‌រាស្ត្រ​ទ្រង់ ដល់​កាល​ណា​ទៀត?

5 ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​សោក​សង្រេង ឥត​ស្រាក‌ស្រាន្ត ឲ្យ​យើង​ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក។

6 ទ្រង់​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ជិត​ខាង​ឈ្លោះ​គ្នា ដណ្ដើម​យក​ទឹក​ដី​យើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​ចំអក​ឡក‌ឡឺយ​ឲ្យ​យើង​ខ្ញុំ។

7 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​មើល​មក​យើង​ខ្ញុំ​ដោយ ចិត្ត​សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

8 ទ្រង់​បាន​គាស់​ទំពាំង‌បាយជូរ​មួយ​ដើម ពី​ស្រុក​អេស៊ីប​មក ទ្រង់​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី ហើយ​យក​ទំពាំង‌បាយជូរ​នេះ​មក​ដាំ​ជំនួស។

9 ទ្រង់​ឆ្ការ​ដី​កន្លែង​នោះ​យ៉ាង​ស្អាត ដើម​ទំពាំង‌បាយជូរ​ក៏​ចាក់​ឫស ហើយ​ដុះ​ពាស‌ពេញ​នៅ​ក្នុង​ស្រុក

10 ម្លប់​ទំពាំង‌បាយជូរ​គ្រប​ដណ្តប់​ទៅ​លើ​ភ្នំ​នានា ហើយ​មែក​របស់​វា​គ្រប​ពី​លើ​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ។

11 ដើម​ទំពាំង‌បាយជូរ​បែក​មែក​រហូត​ទៅ​ដល់​សមុទ្រ ហើយ​មាន​ពន្លក​លាស់​ចេញ​មក រហូត​ទៅ​ដល់​ទន្លេ​អឺប្រាត។

12 ហេតុ​អ្វី​បាន​ជា​ទ្រង់​រំលំ​របង​ចម្ការ ទំពាំង‌បាយជូរ​នេះ បណ្តាល​ឲ្យ​អស់​អ្នក​ធ្វើ​ដំណើរ កាត់​តាម​នោះ​នាំ​គ្នា​បេះ​ផ្លែ​ដូច្នេះ?

13 ជ្រូក​ព្រៃ​មក​បំផ្លិច‌បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ ហើយ​សត្វ​នានា​នៅ​ទី​វាល​ក៏​នាំ​គ្នា​ស៊ី​ដើម ទំពាំង‌បាយជូរ​នេះ​ដែរ។

14 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​មក​វិញ! សូម​មើល​ពី​សូរ៉កា​មក! សូម​មក​ជួយ​ចម្ការ​ទំពាំង‌បាយជូរ​នេះ​ផង!

15 សូម​ការពារ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ទ្រង់​បាន​ដាំ ដោយ​ទ្រង់​ផ្ទាល់ គឺ​បុត្រា​ដែល​ទ្រង់​បាន​ពង្រឹង​ឲ្យ​មាំ‌មួន​ឡើង!

16 សូម​ឲ្យ​ខ្មាំង​សត្រូវ​ដែល​បាន​ដុត​បំផ្លាញ និង​កាប់​ឆ្ការ​ចម្ការ​ទំពាំង‌បាយជូរ​នេះ ត្រូវ​វិនាស​សូន្យ​ទៅ នៅ​ពេល​ទ្រង់​គំរាម​កំហែង​ពួក​គេ។

17 សូម​ដាក់​ដៃ​លើ​មនុស្ស ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ទ្រង់ គឺ​លើ​កូន​មនុស្ស​ដែល​ទ្រង់​បាន​ពង្រឹង ឲ្យ​មាំ‌មួន​ឡើង។

18 យើង​ខ្ញុំ​នឹង​មិន​បែក​ចិត្ត​ចេញ​ពី​ទ្រង់​ទៀត​ឡើយ សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ រស់​រាន​មាន​ជីវិត​ឡើង​វិញ​ផង នោះ​យើង​ខ្ញុំ​គោរព​បម្រើ​នាម​របស់​ទ្រង់។

19 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​មើល​មក​យើង​ខ្ញុំ​ដោយ​ចិត្ត សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម