២ ពង្សាវតារក្សត្រ 22 - អាល់គីតាបស្តេចយ៉ូសៀសសោយរាជ្យលើស្រុកយូដា 1 កាលស្តេចយ៉ូសៀសឡើងសោយរាជ្យ គាត់មានវ័យប្រាំបីឆ្នាំ ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេឌីដា ជាកូនរបស់លោកអដាយ៉ា ជាអ្នកស្រុកបូសកាថ។ 2 ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា ហើយដើរតាមមាគ៌ារបស់ទត ជាអយ្យកោឥតខ្ចោះ ដោយមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។ មូស្ទីរកឃើញគីតាបតៅរ៉តដែលជាគីតាបហ៊ូកុំ 3 នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលស្តេចយ៉ូសៀស គាត់ចាត់លោកសាផានជាស្មៀនស្តេច ដែលត្រូវជាកូនរបស់លោកអសាលា និងជាចៅរបស់លោកមស៊ូឡាម ឲ្យទៅកាន់ដំណាក់របស់អុលឡោះតាអាឡា ដោយមានប្រសាសន៍ថា៖ 4 «ចូរទៅជួបមូស្ទីហ៊ីលគីយ៉ា សុំឲ្យគាត់បូកសរុបប្រាក់ ដែលគេយកមកជូនក្នុងដំណាក់របស់អុលឡោះតាអាឡា គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជាជន។ 5 ចូរឲ្យគេប្រគល់ប្រាក់នោះ ទៅពួកមេជាងដែលទទួលខុសត្រូវជួសជុលដំណាក់របស់អុលឡោះតាអាឡា ដើម្បីបង់ថ្លៃឈ្នួលរបស់ពួកកម្មករជួសជុលដំណាក់ 6 គឺពួកជាងឈើ ជាងសំណង់ ជាងកំបោរ និងសម្រាប់ទិញឈើ ថ្មដាប់ ដើម្បីជួសជុលដំណាក់។ 7 ប៉ុន្តែ ចូរកុំសួរនាំពីប្រាក់ដែលប្រគល់ទៅឲ្យពួកមេជាងឡើយ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះបំផុត»។ 8 ពេលនោះមូស្ទីហ៊ីលគីយ៉ា មានប្រសាសន៍ទៅកាន់លោកសាផានជាស្មៀនស្តេចថា៖ «ខ្ញុំបានរកឃើញគីតាបហ៊ូកុំ នៅក្នុងដំណាក់របស់អុលឡោះតាអាឡា!»។ លោកហ៊ីលគីយ៉ាជូនគីតាបនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។ 9 បន្ទាប់មកលោកសាផានជាស្មៀនស្តេច ក៏វិលមកជួបស្តេចវិញ ហើយរៀបរាប់ដូចតទៅ៖ «យើងខ្ញុំបានប្រគល់ប្រាក់ជំនូនដែលប្រមូលនៅក្នុងដំណាក់ ទៅឲ្យពួកមេជាងជាអ្នកទទួលខុសត្រូវជួសជុលដំណាក់របស់អុលឡោះតាអាឡាហើយ»។ 10 លោកសាផានជាស្មៀនស្តេចជម្រាបស្តេចទៀតថា៖ «អ៊ីមុាំហ៊ីលគីយ៉ាបានប្រគល់គីតាបមួយក្បាល ឲ្យខ្ញុំ» រួចគាត់ក៏អានជូនស្តេចស្តាប់។ ស្តេចយ៉ូសៀសសុំឲ្យអ្នកថ្លែងបន្ទូលរបស់អុលឡោះហ៊ូលដាទូរអាសួរ អុលឡោះតាអាឡា 11 កាលស្តេចឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងក្នុងគីតាបហ៊ូកុំ ស្តេចក៏ហែកអាវ។ 12 បន្ទាប់មកស្តេចបញ្ជាទៅអ៊ីមុាំហ៊ីលគីយ៉ា លោកអហ៊ីកាម ជាកូនរបស់លោកសាផាន លោកអ័កបោរ ជាកូនរបស់លោកមីកាយ៉ា លោកសាផាន ជាស្មៀនស្តេច និងលោកអសាយ៉ា ជាអ្នកបម្រើថា៖ 13 «សូមអស់លោកអញ្ជើញទៅទូរអាសួរអុលឡោះតាអាឡាឲ្យយើង និងប្រជាជនស្រុកយូដាទាំងមូល ពីសេចក្តីទាំងប៉ុន្មានក្នុងគីតាបដែលទើបរកឃើញនេះផង។ អុលឡោះតាអាឡាមុខជាខឹងនឹងយើងយ៉ាងខ្លាំង ដ្បិតពួកដូនតារបស់យើង មិនបានស្តាប់តាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបនេះទេ ហើយក៏មិនប្រតិបត្តិតាមដែរ»។ 14 អ៊ីមុាំហ៊ីលគីយ៉ា លោកអហ៊ីកាម លោកអ័កបោរ លោកសាផាន និងលោកអសាយ៉ានាំគ្នាទៅជួបហ៊ូលដាជាអ្នកថ្លែងបន្ទូលនៃអុលឡោះជាភរិយារបស់លោកសាលូម ជាកូនរបស់លោកទីកវ៉ា ជាចៅរបស់លោកហារហាស និងជាអ្នកថែរក្សាសម្លៀកបំពាក់អ៊ីមុាំ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្រុងយេរូសាឡឹម។ កាលអ្នកបម្រើទាំងនោះរៀបរាប់ប្រាប់នាងចប់សព្វគ្រប់ហើយ 15 នាងមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលចាត់អ្នករាល់គ្នាឲ្យមករកយើងថា 16 អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះព្រមទាំងប្រជាជន ស្របតាមសេចក្តីទាំងប៉ុន្មាន ដូចមានចែងទុកក្នុងគីតាបដែលស្តេចស្រុកយូដាបានអាន។ 17 ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!” 18 ប៉ុន្តែ ចូរទៅជម្រាបស្តេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូរអាសួរអុលឡោះតាអាឡាថា អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: អ្នកបានស្តាប់ឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះហើយ។ 19 ពេលអ្នកឮសេចក្តីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះថា “ពួកគេនឹងត្រូវវិនាសអន្តរាយ ហើយសាសន៍ដទៃនឹងយកឈ្មោះពួកគេទៅដាក់បណ្តាសាគ្នា” នោះអ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះយើងក៏ស្តាប់អ្នកដែរនេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 20 ហេតុនេះហើយបានជាយើងនឹងឲ្យអ្នក ទៅជួបជុំដូនតារបស់អ្នក អ្នកនឹងស្លាប់ទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកពុំឃើញទុក្ខវេទនាទាំងប៉ុន្មាន ដែលយើងនឹងធ្វើឲ្យកើតមានដល់ក្រុងនេះឡើយ»។ អ្នកបម្រើក៏នាំយកចម្លើយនេះទៅជម្រាបស្តេចវិញ។ |
© 2014 United Bible Societies, UK.
United Bible Societies