ចោទិយកថា 12 - អាល់គីតាបហ៊ូកុំផ្សេងៗ ត្រូវថ្វាយបង្គំ អុលឡោះតាអាឡា នៅកន្លែងតែមួយ 1 «នេះជាហ៊ូកុំផ្សេងៗ ដែលអ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាម ជារៀងរាល់ថ្ងៃអស់មួយជីវិត នៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រគល់ឲ្យ ទុកជាកម្មសិទ្ធិ។ 2 ត្រូវលុបបំបាត់កន្លែងសក្ការៈទាំងប៉ុន្មានដែលប្រជាជាតិនានាជូនសក្ការៈបូជាដល់ព្រះរបស់គេ នៅតាមភ្នំតូចធំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី ឥតទុកឲ្យនៅសល់ឡើយ។ 3 ចូរផ្តួលរំលំអាសនៈរបស់ពួកគេ ចូរកំទេចស្តូបរបស់ពួកគេ ចូរដុតបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងរំលំរូបបដិមាករនៃព្រះរបស់ពួកគេ និងលុបបំបាត់ឈ្មោះរបស់ព្រះនានា ឲ្យអស់ពីកន្លែងនោះផង។ 4 ក្នុងការគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា មិនត្រូវយកតម្រាប់តាមជាតិសាសន៍ទាំងនោះឡើយ។ 5 អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំអុលឡោះតាអាឡា នៅកន្លែងដែលទ្រង់បានជ្រើសរើសក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាដំណាក់សម្រាប់សំដែងនាមរបស់អុលឡោះ។ 6 ត្រូវយកគូរបានដុត ជូនមួយភាគដប់ ជំនូនពិសេស ជំនូនលាបំណន់ ឬជំនូនស្ម័គ្រចិត្ត ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នាទៅជូនអុលឡោះនៅកន្លែងនោះ។ 7 ត្រូវបរិភោគនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាត្រង់កន្លែងនោះដែរ គឺអ្នករាល់គ្នាត្រូវសប្បាយ រួមជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នាដោយសារអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានពរឲ្យអ្នករាល់គ្នា ទទួលផលពីកិច្ចការដែលអ្នករាល់គ្នាធ្វើ។ 8 នៅពេលខាងមុខ មិនត្រូវប្រព្រឹត្តដូចយើងប្រព្រឹត្តនៅពេលនេះឡើយ គឺនៅទីនេះ យើងម្នាក់ៗប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាល្អ 9 ដ្បិតអ្នករាល់គ្នាមិនទាន់ចូលទៅដល់កន្លែងសុខសាន្ត ជាទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យជាកេរមត៌កនៅឡើយទេ។ 10 អ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ ទៅរស់នៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នា ទុកជាកេរមត៌ក។ ទ្រង់នឹងឲ្យអ្នករាល់គ្នាបានសម្រាក ដោយរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ ហើយអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្ត។ 11 ពេលនោះ អ្នករាល់គ្នាត្រូវយកជំនូនទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានៅកន្លែងដែលទ្រង់នឹងជ្រើសរើសជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ គឺមានគូរបានដុត ជំនូនមួយភាគដប់ ជំនូនពិសេស និងជំនូនផ្សេងៗ ដែលអ្នករាល់គ្នាសន្យាជូនអុលឡោះតាអាឡា។ 12 អ្នករាល់គ្នាត្រូវសប្បាយរីករាយនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា រួមជាមួយកូនប្រុស កូនស្រី និងអ្នកបម្រើប្រុសស្រី ព្រមទាំងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នាដែរ ដ្បិតពួកលេវីគ្មានទឹកដីជាចំណែកមត៌ក ក្នុងចំណោមអ្នករាល់គ្នាទេ។ 13 ចូរប្រយ័ត្ន មិនត្រូវយកគូរបានដុតរបស់អ្នកទៅជូន នៅតាមកន្លែងទាំងប៉ុន្មានដែលអ្នកឃើញនោះឡើយ 14 គឺត្រូវធ្វើគូរបានដុតរបស់អ្នក តែនៅកន្លែងដែលអុលឡោះតាអាឡាជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នក។ នៅទីនោះ អ្នកត្រូវធ្វើតាម នូវអ្វីៗដែលខ្ញុំបានបង្គាប់អ្នក។ 15 ក៏ប៉ុន្តែ នៅគ្រប់ទីកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានពរឲ្យអ្នកទៅរស់នៅ អ្នកអាចសម្លាប់សត្វបរិភោគបាន តាមចិត្តប៉ងប្រាថ្នា។ មនុស្សមិនបរិសុទ្ធ និងមនុស្សបរិសុទ្ធអាចបរិភោគសាច់នេះបាន ដូចជាបរិភោគសាច់ក្តាន់ ឬសាច់ឈ្លូសដែរ។ 16 ចំណែកឯឈាមវិញ កុំបរិភោគឡើយ ត្រូវចាក់ឈាមនោះទៅលើដី ដូចគេចាក់ទឹក។ 17 រីឯជំនូនមួយភាគដប់ ដែលអ្នកត្រូវជូនអុលឡោះតាអាឡា គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ឬកូនដំបូងរបស់គោ និងចៀម ឬជំនូនផ្សេងៗទៀត ដូចជាជំនូនលាបំណន់ជំនូនស្ម័គ្រចិត្ត និងជំនូនពិសេស អ្នកពុំអាចបរិភោគនៅកន្លែងដែលអ្នករាល់គ្នារស់នៅឡើយ។ 18 ត្រូវបរិភោគជំនូនទាំងនោះ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ត្រង់កន្លែងដែលទ្រង់ជ្រើសរើស គឺបរិភោគជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក។ ត្រូវសប្បាយរីករាយនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដោយសារភោគផលទាំងប៉ុន្មានដែលអ្នកទទួល។ 19 ដរាបណាអ្នករស់នៅលើទឹកដីរបស់អ្នក ចូរប្រយ័ត្ន កុំបំភ្លេចពួកលេវីឡើយ។ 20 នៅពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ពង្រីកទឹកដីរបស់អ្នក ស្របតាមពាក្យដែលទ្រង់បានសន្យាជាមួយអ្នកហើយ ប្រសិនបើអ្នកនឹកភ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគបានតាមចិត្តប៉ងប្រាថ្នា។ 21 ប្រសិនបើកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស សម្រាប់សំដែងនាមទ្រង់ស្ថិតនៅឆ្ងាយពីផ្ទះរបស់អ្នក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលអុលឡោះតាអាឡាប្រទានមកអ្នក តាមរបៀបដូចខ្ញុំបានបង្គាប់ទុក រួចបរិភោគសាច់នៅកន្លែងដែលអ្នករស់នៅ តាមចិត្តប៉ងប្រាថ្នា។ 22 ចូរបរិភោគសាច់សត្វនោះ ដូចគេបរិភោគសាច់ក្តាន់ និងសាច់ឈ្លូសដែរ គឺទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សបរិសុទ្ធ អាចបរិភោគបានដូចគ្នា។ 23 ប៉ុន្តែ មិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិតឈាមជាជីវិត។ ដូច្នេះ មិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។ 24 កុំបរិភោគឈាមឲ្យសោះ ចូរចាក់ឈាមទៅលើដី ដូចគេចាក់ទឹក។ 25 កុំបរិភោគឈាមឲ្យសោះ ធ្វើដូច្នេះ អ្នក និងកូនចៅរបស់អ្នកនៅជំនាន់ក្រោយ មុខជាមានសុភមង្គលដោយប្រព្រឹត្តអំពើត្រឹមត្រូវ ដែលគាប់បំណងអុលឡោះតាអាឡា។ 26 ចំណែកឯសត្វ ដែលអ្នកញែកទុកដោយឡែកជូនអុលឡោះតាអាឡា ឬជំនូនលាបំណន់ ត្រូវនាំយកទៅជូននៅកន្លែងដែលអុលឡោះតាអាឡាជ្រើសរើស។ 27 ចំពោះគូរបានដុត ត្រូវយកទាំងសាច់ទាំងឈាម ទៅជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ រីឯគូរបានវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក រួចអ្នកបរិភោគសាច់ចុះ។ 28 ចូរស្តាប់ និងកាន់តាមពាក្យទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នក និងកូនចៅរបស់អ្នក នៅជំនាន់ក្រោយ មានសុភមង្គលរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងអំពើត្រឹមត្រូវ ដែលគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ 29 អុលឡោះតាអាឡាជាម្ចាស់របស់អ្នក នឹងកំចាត់ប្រជាជាតិនានាចេញអស់ពីស្រុក ដែលអ្នកត្រូវចូលទៅកាន់កាប់។ ពេលនោះ អ្នកអាចបណ្តេញពួកគេចេញពីស្រុក រួចចូលទៅរស់នៅក្នុងស្រុករបស់ពួកគេ។ 30 ពេលណាប្រជាជាតិទាំងនោះរលាយសូន្យបាត់ពីមុខរបស់អ្នកហើយ ចូរប្រយ័ត្នក្រែងលោអ្នកធ្លាក់ទៅក្នុងអន្ទាក់ ដោយយកតម្រាប់តាមពួកគេ។ មិនត្រូវសាកសួរចង់ដឹងអំពីព្រះរបស់ពួកគេ ហើយក៏មិនត្រូវសួរអំពីរបៀបដែលពួកគេគោរពបម្រើព្រះរបស់ខ្លួន ក្នុងគោលបំណងធ្វើដូចពួកគេដែរ។ 31 មិនត្រូវថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក តាមរបៀបថ្វាយបង្គំព្រះរបស់ប្រជាជាតិនានាឡើយ។ ប្រជាជាតិទាំងនោះប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង ដើម្បីគោរពបម្រើព្រះរបស់ខ្លួនជាអំពើដែលអុលឡោះតាអាឡាមិនពេញចិត្ត។ សូម្បីតែកូនប្រុសកូនស្រីរបស់ពួកគេ ក៏ពួកគេយកទៅដុត ជាគូរបាន ដល់ព្រះទាំងនោះដែរ។ 32 ចំណែកឯអ្នករាល់គ្នាវិញ ត្រូវកាន់ និងប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា ដោយឥតបន្ថែម ឬបន្ថយអ្វីឡើយ»។ |
© 2014 United Bible Societies, UK.
United Bible Societies