យេរេមា 30:16 - អាល់គីតាប ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នក មុខជាត្រូវគេលេបត្របាក់វិញ បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ ទាំងអស់គ្នា។ អស់អ្នកដែលកំទេចអ្នក នឹងត្រូវគេកំទេចវិញ យើងនឹងធ្វើឲ្យពួកដែលប្លន់អ្នក ត្រូវគេប្លន់វិញដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អស់អ្នកណាដែលត្របាក់ស៊ីអ្នក នឹងត្រូវគេត្របាក់ស៊ីវិញ អស់ទាំងខ្មាំងសត្រូវរបស់អ្នក គេនឹងត្រូវចាប់ទៅជាឈ្លើយគ្រប់គ្នាដែរ ពួកអ្នកដែលជិះជាន់អ្នក នឹងត្រូវគេជិះជាន់ដូចគ្នា ហើយអស់អ្នកដែលប្លន់អ្នក យើងនឹងឲ្យមានគេប្លន់អ្នកនោះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នក មុខជាត្រូវគេលេបត្របាក់វិញ បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ ទាំងអស់គ្នា។ អស់អ្នកដែលកម្ទេចអ្នក នឹងត្រូវគេកម្ទេចវិញ យើងនឹងធ្វើឲ្យពួកដែលប្លន់អ្នក ត្រូវគេប្លន់វិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អស់អ្នកណាដែលត្របាក់ស៊ីឯង នឹងត្រូវគេត្របាក់ស៊ីវិញ ឯអស់ទាំងខ្មាំងសត្រូវរបស់ឯង គេនឹងត្រូវចាប់ទៅជាឈ្លើយគ្រប់គ្នាដែរ ពួកអ្នកដែលរឹបជាន់ឯង នឹងត្រូវគេរឹបជាន់ដូចគ្នា ហើយអស់អ្នកដែលប្លន់ឯង នោះអញនឹងឲ្យដល់គេទុកជារំពាវិញ |
ប្រសិនបើអ្នកស្តាប់បង្គាប់ម៉ាឡាអ៊ីកាត់ ហើយប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងសត្រូវរបស់អ្នក ហើយយើងក៏ធ្វើជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នកដែរ។
ដ្បិតអុលឡោះតាអាឡានឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។
ជាតិសាសន៍នានានឹងជួយជនជាតិអ៊ីស្រអែល ឲ្យវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។ នៅលើទឹកដីរបស់អុលឡោះតាអាឡា អ៊ីស្រអែលនឹងយកអ្នកទាំងនោះធ្វើជាទាសករ។ ជនជាតិអ៊ីស្រអែលនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន ធ្វើជាចំណុះវិញ។
អ្នកបានបំផ្លាញអ្នកដទៃ តែគ្មាននរណាបំផ្លាញអ្នកវិញ អ្នកមុខជាត្រូវវេទនាពុំខាន! អ្នកបានក្បត់អ្នកដទៃ តែគ្មាននរណាក្បត់អ្នកវិញទេ។ ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ នោះនឹងមានគេបំផ្លាញអ្នកវិញ ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។
ប្រសិនបើមាននរណាវាយប្រហារអ្នក នោះមិនមែនយើងចាត់គេឲ្យមកទេ បើគេវាយប្រហារអ្នក គេនឹងដួលនៅមុខអ្នកជាមិនខាន។
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
សូមបំបែរកំហឹងរបស់ទ្រង់ ទៅលើប្រជាជាតិនានាដែលពុំស្គាល់ទ្រង់ ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ នាមរបស់ទ្រង់! ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស របស់យ៉ាកកូប ពួកគេបំបាត់ពូជសាសន៍នេះ ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា ទីស្មសានទៀតផង។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងសូមប្រកាសជំទាស់នឹងនគរជិតខាងដ៏អាក្រក់ ហើយឈ្លានពានទឹកដីដែលយើងបានចែកឲ្យអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ទុកជាចំណែកមត៌ក។ យើងនឹងដកប្រជាជននៅស្រុកទាំងនោះចេញពីទឹកដីរបស់ខ្លួន ហើយយើងក៏ដកជនជាតិយូដាចេញពីទឹកដីរបស់ខ្លួនដែរ។
នៅគ្រានោះ អុលឡោះតាអាឡាបានញែកជនជាតិ អ៊ីស្រអែលទុកសម្រាប់ទ្រង់ ជាផលផ្លែដំបូងរបស់ទ្រង់ អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស ហើយរងទុក្ខវេទនាទៀតផង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។
ហេតុដូចម្ដេចបានជាអ្នកស្រែកថ្ងូរ ព្រោះមហន្តរាយកើតដល់អ្នក ធ្វើឲ្យអ្នកឈឺចាប់ឥតល្ហែ? យើងធ្វើទោសអ្នកខ្លាំងដូច្នេះ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
ប្រជាជនដែលរត់ភៀសខ្លួនចេញពីក្រុង បាប៊ីឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថា អុលឡោះតាអាឡា ជាម្ចាស់នៃយើង ទ្រង់សងសឹកហើយ គឺទ្រង់សងសឹកពួកបាប៊ីឡូន ព្រោះគេបានកំទេចម៉ាស្ជិទរបស់ទ្រង់!
សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់ សំរែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រ ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក និងអ្វីៗដែលមាននៅក្នុងស្រុក ពួកគេបំផ្លាញក្រុង និងប្រជាជនដែលរស់នៅក្នុងក្រុង»។
គេបានឮខ្ញុំយំថ្ងូរ ក៏ប៉ុន្តែ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំទេ សត្រូវទាំងប៉ុន្មានបានឮថា ខ្ញុំរងទុក្ខវេទនា គេនាំគ្នាសប្បាយចិត្ត ដោយឃើញទ្រង់ធ្វើទោសខ្ញុំ ទ្រង់ធ្វើឲ្យថ្ងៃដែលទ្រង់កំណត់ទុក បានមកដល់។ សូមឲ្យពួកគេរងទុក្ខដូចខ្ញុំដែរ!
សូមមើលអំពើអាក្រក់ទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្ត។ សូមដាក់ទោសពួកគេ ដូចទ្រង់បាន ដាក់ទោសខ្ញុំ ព្រោះតែកំហុសទាំងប៉ុន្មាន ដែលខ្ញុំប្រព្រឹត្ត ខ្ញុំយំថ្ងូរយ៉ាងសែនវេទនា ហើយចិត្តខ្ញុំក៏ឈឺចាប់ជាខ្លាំងដែរ។
ប្រជាជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ដ្បិតពួកគេប្រៀបដូចជាដើមត្រែង ដែលកូនចៅអ៊ីស្រអែលយកធ្វើជាបង្អែក។
ដោយអ្នកចេះតែចាត់ទុកអ៊ីស្រអែលថាជាសត្រូវសួរពូជ ហើយបង្ហូរឈាមពួកគេដោយមុខដាវ ក្នុងពេលដែលពួកគេត្រូវអន្តរាយ និងពេលដែលអំពើបាបរបស់ពួកគេកើនដល់កំរិតនោះ
យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅឲ្យប្រជាជនស្រុកយូដា ហើយប្រជាជនយូដានឹងលក់ពួកគេ ទៅឲ្យអ្នកស្រុកសេបា ជាប្រជាជាតិដែលនៅស្រុកឆ្ងាយ» នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ឥឡូវនេះ ប្រជាជាតិជាច្រើន លើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា: “សូមឲ្យក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស ដើម្បីឲ្យយើងឃើញក្រុងនេះអន្តរាយ!”។
សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ គេធ្លាប់ពោលមកខ្ញុំថា “តើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅណាបាត់ហើយ?” ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។
នៅពេលមានទឹកជំនន់។ ប៉ុន្តែ ទ្រង់កំទេចទីតាំងរបស់ខ្មាំងសត្រូវ ទ្រង់ទម្លាក់ពួកគេក្នុងទីងងឹត។
អ្នកមិនទទួលកិត្តិយសទេ ផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំង ចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាស ដែលមិនខតាន់ឲ្យគេឃើញទៅ! អុលឡោះតាអាឡានឹងបែរទៅដាក់ទោសអ្នក ដោយអំណាចរបស់ទ្រង់ ភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជា ភាពអាម៉ាស់វិញ!
«យើងបានឮពាក្យដែលអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកអាំម៉ូនជេរប្រមាថ ត្មះតិដៀលប្រជារាស្ត្ររបស់យើង ព្រមទាំងឈ្លានពានទឹកដីរបស់គេផង។
ពេលនោះ ម៉ាឡាអ៊ីកាត់ដែលនិយាយជាមួយខ្ញុំពោលមកខ្ញុំថា៖ «ចូរប្រកាសដូចតទៅ: អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា យើងស្រឡាញ់ក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូនពន់ពេកណាស់
តែយើងខឹងយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងខឹងនឹងអ៊ីស្រអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រអែលយ៉ាងសែនវេទនា»។
«យើងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំវិញ ព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។
យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជាជនដែលនៅសេសសល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។
អុលឡោះតាអាឡានឹងយកស្រុកយូដា ធ្វើជាទឹកដីរបស់ទ្រង់ផ្ទាល់ ក្នុងទឹកដីដ៏វិសុទ្ធ ទ្រង់នឹងជ្រើសរើសក្រុងយេរូសាឡឹម ដូចពីមុន។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ ប្រាប់ប្រជាជាតិនានា ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា: «អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងធ្វើឲ្យបណ្តាសាទាំងនេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់អ្នក ព្រមទាំងអស់អ្នកដែលស្អប់ និងបៀតបៀនអ្នក។
បើអ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះមុខតែជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់នឹងមុខដាវ អ្នកនោះមុខតែស្លាប់នឹងមុខដាវមិនខាន។ ដូច្នេះ ប្រជាជនដ៏បរិសុទ្ធត្រូវមានចិត្ដព្យាយាម និងមានជំនឿ។
ក្រោយពីបានដេញតាមពួកភីលីស្ទីនរួចហើយ កងទ័ពអ៊ីស្រអែលវិលមកប្រមូលយកជយភ័ណ្ឌ ក្នុងកន្លែងបោះទ័ពរបស់ពួកភីលីស្ទីន។