វិវរណៈ 13 - អាល់គីតាបសត្វតិរច្ឆានដែលចេញពីសមុទ្រ 1 បន្ទាប់មកទៀត ខ្ញុំឃើញសត្វតិរច្ឆានមួយមានស្នែងដប់ និងក្បាលប្រាំពីរឡើងពីសមុទ្រមក នៅលើស្នែងទាំងដប់របស់វា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានសរសេរឈ្មោះផ្សេងៗដែលប្រមាថអុលឡោះ។ 2 សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិនជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សឹង្ហ។ នាគបានប្រគល់អំណាច និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅឲ្យសត្វនោះ។ 3 ខ្ញុំក៏ឃើញក្បាលមួយរបស់សត្វនោះ ដូចជាត្រូវរបួសជិតស្លាប់ តែមុខរបួសដ៏ធ្ងន់ជិតស្លាប់នេះបានជាសះស្បើយឡើងវិញ។ មនុស្សម្នានៅលើផែនដីទាំងមូលកោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយនាំគ្នាទៅតាមសត្វនោះ។ 4 គេនាំគ្នាក្រាបថ្វាយបង្គំនាគ ព្រោះនាគបានប្រគល់អំណាចឲ្យសត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន? តើនរណាអាចច្បាំងតទល់នឹងសត្វនេះបាន?»។ 5 សត្វនោះបានទទួលសិទ្ធិពោលពាក្យព្រហើនៗ ព្រមទាំងប្រមាថអុលឡោះទៀតផង។ វាបានទទួលអំណាចបញ្ចេញសកម្មភាព ក្នុងអំឡុងពេលសែសិបពីរខែ។ 6 វាបានហាមាត់ប្រមាថអុលឡោះ គឺវាប្រមាថនាមរបស់ទ្រង់ ប្រមាថជំរំសក្ការៈរបស់ទ្រង់ និងប្រមាថអស់អ្នកដែលរស់នៅក្នុងសូរ៉កា។ 7 វាបានទទួលសិទ្ធិធ្វើសឹកសង្គ្រាមជាមួយប្រជាជនដ៏បរិសុទ្ធ ព្រមទាំងមានជ័យជំនះលើពួកគេទៀតផង។ វាបានទទួលអំណាចត្រួតត្រាលើកុលសម្ព័ន្ធ ទាំងអស់ប្រជារាស្ដ្រទាំងអស់ ភាសាទាំងអស់ និងជាតិសាសន៍ទាំងអស់ 8 ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។ 9 ចូរផ្ទៀងត្រចៀកស្ដាប់ឲ្យមែនទែន!។ 10 បើអ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះមុខតែជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់នឹងមុខដាវ អ្នកនោះមុខតែស្លាប់នឹងមុខដាវមិនខាន។ ដូច្នេះ ប្រជាជនដ៏បរិសុទ្ធត្រូវមានចិត្ដព្យាយាម និងមានជំនឿ។ សត្វតិរច្ឆានដែលចេញពីដី 11 បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀត ផុសចេញពីដី មានស្នែងពីរដូចស្នែងកូនចៀម ហើយមានសំឡេងដូចនាគ។ 12 សត្វនោះបានយកអំណាចទាំងអស់របស់សត្វទីមួយមកប្រើ នៅចំពោះមុខសត្វទីមួយទាំងនាំផែនដី និងមនុស្សដែលរស់នៅលើផែនដីឲ្យក្រាបថ្វាយបង្គំសត្វទីមួយ ដែលមានរបួសជិតស្លាប់ ហើយបានជាសះស្បើយវិញនោះផង។ 13 សត្វនោះបានសំដែងទីសំគាល់ដ៏សម្បើមអស្ចារ្យ រហូតដល់ទៅធ្វើឲ្យមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដី ឲ្យមនុស្សលោកឃើញ។ 14 វាបាននាំមនុស្សដែលរស់នៅលើផែនដីនេះឲ្យវង្វេង ដោយធ្វើទីសំគាល់ផ្សេងៗនៅមុខសត្វទីមួយ តាមអំណាចដែលវាបានទទួល។ វាប្រាប់មនុស្សរស់នៅលើផែនដីឲ្យឆ្លាក់រូបសត្វ ដែលត្រូវរបួសនឹងមុខដាវ ហើយបានរួចជីវិតនោះ។ 15 វាបានទទួលអំណាចធ្វើឲ្យរូបចម្លាក់ សត្វនោះមានដង្ហើមឡើង ដើម្បីនិយាយស្ដីបាន និងប្រហារជីវិតអស់អ្នកដែលពុំព្រមក្រាបថ្វាយបង្គំរូបចម្លាក់សត្វនោះ 16 វាបានបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកជា ទាំងអ្នកងារ ឲ្យទទួលសញ្ញាសំគាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាស។ 17 ប្រសិនបើគ្មានសញ្ញាសំគាល់នេះ គ្មានឈ្មោះរបស់សត្វ ឬគ្មានលេខសំគាល់ឈ្មោះរបស់សត្វនោះទេ គ្មាននរណាម្នាក់មានសិទ្ធិទិញ ឬលក់អ្វីបានសោះឡើយ។ 18 ត្រង់ហ្នឹងហើយដែលត្រូវមានប្រាជ្ញារិះគិត!។ អ្នកណាឆ្លាត ចូរយកលេខសំគាល់របស់សត្វនោះទៅគិតមើលទៅ ដ្បិតលេខនេះ ជាលេខរបស់មនុស្ស គឺប្រាំមួយរយហុកសិបប្រាំមួយ។ |
© 2014 United Bible Societies, UK.
United Bible Societies