Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

បរិទេវ 1 - អាល់គីតាប


សំណោក​អំពី​ក្រុង​យេរូ‌សាឡឹម

1 ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន ប្រជា‌ជន​ច្រើន​កុះ‌ករ បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ! ក្រុង​ដ៏​រុង‌រឿង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ក្រុង​ដែល​ជា​ម្ចាស់‌ក្សត្រី​លើ​អាណា‌ខេត្ត​នានា ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី!

2 នៅ​ពេល​យប់ នាង​យំ​ឥត​ស្រាក‌ស្រាន្ត ទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​ថ្ពាល់​ទាំង​ពីរ។ ក្នុង​ចំណោម​គូ​ស្នេហ៍​របស់​នាង​ទាំង​ប៉ុន្មាន គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​នាង​ឡើយ មិត្ត‌ភក្ដិ​របស់​នាង​នាំ​គ្នា​ក្បត់​នាង ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​នាង​វិញ។

3 កុល‌សម្ព័ន្ធ​យូដា​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​អាម៉ាស់ និង​ធ្លាក់​ខ្លួន​ជា​ទាសី នាង​តែល‌តោល​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង‌ឡាយ រក​កន្លែង​ស្នាក់​អាស្រ័យ​ពុំ​បាន។ ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​នាង ធ្វើ​ឲ្យ​នាង​រក​ច្រក​ចេញ​ពុំ​រួច។

4 ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ប្រែ​ជា​ស្ងាត់​ជ្រងំ ដ្បិត​គ្មាន​នរណា​ឡើង​ទៅ ប្រារព្ធ​ពិធី​បុណ្យ​ទៀត​ទេ។ ទ្វារ​ក្រុង​បាក់​បែក​អស់ អ៊ីមុាំ​របស់​ក្រុង​នេះ​នាំ​គ្នា​យំ​ថ្ងូរ ស្រី​ក្រមុំ​នៅ​ក្រុង​នេះ​ត្រូវ​កើត​ទុក្ខ​ក្រៀម‌ក្រំ ហើយ​ក្រុង​នេះ​ផ្ទាល់​ត្រូវ​វេទនា​ឥត​ឧបមា។

5 បច្ចា‌មិត្ត​មាន​ប្រៀប​លើ​នាង ខ្មាំង​សត្រូវ​របស់​នាង​រស់​នៅ​យ៉ាង​សុខ‌សាន្ត អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​វេទនា ព្រោះ​តែ​អំពើ​បាប​ដ៏​ច្រើន​របស់​នាង កូន​ចៅ​របស់​នាង​ត្រូវ​បច្ចា‌មិត្ត​ចាប់​យក ទៅ​ជា​ឈ្លើយ។

6 ក្រុង​ស៊ីយ៉ូន​បាន​បាត់​បង់​ភាព​រុង‌រឿង​របស់​ខ្លួន ពួក​មន្ត្រី​របស់​នាង​ប្រៀប​បាន​នឹង​ប្រើស ដែល​រក​វាល​ស្មៅ​ស៊ី​លែង​បាន​ទៀត។ ពួក​គេ​ចាក​ចេញ​ទៅ ទាំង​បាក់​កម្លាំង នៅ​មុខ​សត្រូវ​ដែល​ដេញ​តាម។

7 នៅ​គ្រា​មាន​ទុក្ខ​វេទនា តែល‌តោល យេរូ‌សាឡឹម​នឹក​ឃើញ​អ្វីៗ​ដ៏​ថ្លៃ‌ថ្នូរ ដែល​នាង​ធ្លាប់​មាន​កាល​ពី​មុន។ ពេល​ប្រជា‌ជន​របស់​នាង​ធ្លាក់ ក្នុង​កណ្ដាប់​ដៃ​សត្រូវ គ្មាន​នរណា​មក​ជួយ​ទេ បច្ចា‌មិត្ត​បាន​ឃើញ ហើយ​នាំ​គ្នា​សើច​ចំអក ព្រោះ​នាង​ត្រូវ​វិនាស​បាត់​បង់។

8 យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន ហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅ ជា​មិន​បរិសុទ្ធ អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុន បែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាង ដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេ នាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។

9 ភាព​ស្មោក‌គ្រោក​ស្ថិត​នៅ​ជាប់​នឹង សំពត់​របស់​នាង នាង​ពុំ​បាន​គិត​ដល់​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​នាង នាង​ផុង​ខ្លួន​ជ្រៅ​ពេក គ្មាន​នរណា​អាច​សំរាល​ទុក្ខ​នាង​ឡើយ។ «ឱអុលឡោះ‌តាអាឡា​អើយ សូម​មើល​មក​ទុក្ខ​វេទនា របស់​ខ្ញុំ​ផង សត្រូវ​មាន​ជ័យ‌ជំនះ​លើ​ខ្ញុំ​ហើយ!»

10 សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាង នាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង ទី‌សក្ការៈ​របស់​អុលឡោះ‌តាអាឡា គឺ​ប្រជា‌ជាតិ​ដែល​ទ្រង់​បាន​ហាម​មិន​ឲ្យ ចូល​ក្នុង​អង្គ​ប្រជុំ​របស់​ទ្រង់​ឡើយ។

11 ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​យំ​ថ្ងូរ គេ​ចង់​បាន​អាហារ​បរិភោគ គេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ អុលឡោះ‌តាអាឡា​អើយ សូម​មើល​មក​ខ្ញុំ​ផង ខ្ញុំ​អាម៉ាស់​មុខ​ខ្លាំង​ណាស់!

12 អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ​អើយ សូម​មើល​មក​ចុះ! តើ​មាន​នរណា​ម្នាក់​ឈឺ​ចុក​ចាប់​ដូច​ខ្ញុំ​ទេ! នៅ​ថ្ងៃអុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​ឥត​ឧបមា!

13 ទ្រង់​បាន​បោះ​ភ្លើង​ពី​ស្ថាន​លើ ចូល​មក​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ទ្រង់​ដាក់​អន្ទាក់​នៅ​ក្រោម​ជើង​របស់​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ថយ ទ្រង់​ទុក​ឲ្យ​ខ្ញុំ​នៅ​ឯកោ ហើយ​ឈឺ​ចាប់​រៀង​រាល់​ថ្ងៃ។

14 ទ្រង់​ប្រមូល​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត យក​មក​ចង​ភ្ជាប់​គ្នា បំពាក់​នៅ​ក​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ។ អុលឡោះ​បាន​ប្រគល់​ខ្ញុំ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ ហើយ​ខ្ញុំ​ពុំ​អាច​រើ​ខ្លួន​រួច​ឡើយ។

15 អុលឡោះ​បាន​កំចាត់​ទាហាន​ដ៏​ចំណាន ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំ ទ្រង់​ចាត់​កង‌ទ័ព​ឲ្យ​មក​ប្រហារ ពួក​យុវជន​របស់​ខ្ញុំ អុលឡោះ​បាន​កំទេច​ប្រជា‌ជន​យូដា ដូច​គេ​ជាន់​ផ្លែ​ទំពាំង‌បាយជូរ។

16 ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ស្រាក‌ស្រាន្ត ខ្ញុំ​យំ​សោក​ស្រណោះ​អ្នក​ទាំង​នោះ គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ខ្ញុំ គ្មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​រស់​រាន ឡើង​វិញ​ឡើយ។ កូន​ចៅ​របស់​ខ្ញុំ​ត្រូវ​វិនាស ព្រោះ​ខ្មាំង​សត្រូវ​មាន​កម្លាំង​ជាង។

17 ក្រុង​ស៊ីយ៉ូន​លើក​ដៃ​ហៅ​គេ​ជួយ តែ​គ្មាន​នរណា​មក​សំរាល​ទុក្ខ​នាង​ទេ អុលឡោះ‌តាអាឡា​បញ្ជា​ឲ្យ​សត្រូវ​ដែល​នៅ​ជុំ‌វិញ មក​វាយ​ប្រហារ​ពូជ‌ពង្ស​របស់​យ៉ាកកូប យេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ នៅ​ក្នុង​ចំណោម​ពួក​គេ។

18 អុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​សុចរិត​មែន ដ្បិត​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ទ្រង់។ ប្រជា‌ជន​ទាំង‌ឡាយ​អើយ សូម​ស្ដាប់​ខ្ញុំ សូម​មើល​មក​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។ យុវជន និង​យុវ‌នារី​របស់​ខ្ញុំ ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​អស់​ហើយ!។

19 ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​មក​ជួយ តែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។ ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ខ្ញុំ ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្នុង​ពេល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

20 អុលឡោះ‌តាអាឡា​អើយ សូម​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ចិត្ត​ឥត​ឧបមា ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា​ជា​ខ្លាំង ដ្បិត​ខ្ញុំ​ពិត​ជា​បាន​បះ‌បោរ​ប្រឆាំង នឹង​ទ្រង់​មែន! នៅ​ខាង​ក្រៅ សត្រូវ​កាប់​សម្លាប់ នៅ​ខាង​ក្នុង ដូច​នរ៉កា។

21 គេ​បាន​ឮ​ខ្ញុំ​យំ​ថ្ងូរ ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ខ្ញុំ​ទេ សត្រូវ​ទាំង​ប៉ុន្មាន​បាន​ឮ​ថា ខ្ញុំ​រង​ទុក្ខ​វេទនា គេ​នាំ​គ្នា​សប្បាយ​ចិត្ត ដោយ​ឃើញ​ទ្រង់​ធ្វើ​ទោស​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ទ្រង់​កំណត់​ទុក បាន​មក​ដល់។ សូម​ឲ្យ​ពួក​គេ​រង​ទុក្ខ​ដូច​ខ្ញុំ​ដែរ!

22 សូម​មើល​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត។ សូម​ដាក់​ទោស​ពួក​គេ ដូច​ទ្រង់​បាន ដាក់​ទោស​ខ្ញុំ ព្រោះ​តែ​កំហុស​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រព្រឹត្ត ខ្ញុំ​យំ​ថ្ងូរ​យ៉ាង​សែន​វេទនា ហើយ​ចិត្ត​ខ្ញុំ​ក៏​ឈឺ​ចាប់​ជា​ខ្លាំង​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម