អេសេគាល 35 - អាល់គីតាបបន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកអេដុម 1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 2 «កូនមនុស្សអើយ ចូរបែរមុខទៅរកភ្នំសៀរ ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងភ្នំនោះទៅ! 3 ចូរពោលទៅគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ភ្នំសៀរអើយ យើងប្រឆាំងនឹងអ្នកហើយ យើងដាក់ទោសអ្នក ធ្វើឲ្យអ្នកក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ។ 4 យើងនឹងកំទេចក្រុងទាំងឡាយរបស់អ្នក អ្នកនឹងក្លាយទៅជាទីស្មសាន។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ 5 ដោយអ្នកចេះតែចាត់ទុកអ៊ីស្រអែលថាជាសត្រូវសួរពូជ ហើយបង្ហូរឈាមពួកគេដោយមុខដាវ ក្នុងពេលដែលពួកគេត្រូវអន្តរាយ និងពេលដែលអំពើបាបរបស់ពួកគេកើនដល់កំរិតនោះ 6 យើងជាអុលឡោះដ៏នៅអស់កល្ប! យើងនឹងបង្ហូរឈាមអ្នក ហើយឈាមនឹងតាមអ្នកជាប់ជានិច្ច។ ដោយអ្នកចូលចិត្តបង្ហូរឈាម ឈាមនឹងតាមអ្នកជាប់ជានិច្ច - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 7 យើងនឹងធ្វើឲ្យភ្នំសៀរក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ លែងឲ្យមាននរណាធ្វើដំណើរទៅមកកាត់តាមនោះទៀតហើយ។ 8 យើងនឹងរាយសាកសពពាសពេញភ្នំ។ អស់អ្នកដែលស្លាប់ដោយមុខដាវនឹងស្ថិតនៅពាសពេញភ្នំ តាមជ្រលងភ្នំ និងតាមជ្រោះទាំងប៉ុន្មាន។ 9 យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាទីស្ងាត់ជ្រងំរហូតតទៅ គ្មាននរណារស់នៅក្នុងក្រុងរបស់អ្នកទៀតទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ 10 អ្នកបានពោលថា “ប្រជាជាតិទាំងពីរ និងស្រុកទាំងពីរនេះនឹងទៅជាកម្មសិទ្ធិរបស់ខ្ញុំ ដូច្នេះ ពួកយើងត្រូវទៅចាប់យក!”។ ប៉ុន្តែ អុលឡោះតាអាឡានៅក្នុងស្រុកនោះ។ 11 យើងជាអុលឡោះដ៏នៅអស់កល្ប! យើងដាក់ទោសអ្នកតាមកំហឹង ចិត្តច្រណែន និងចិត្តស្អប់ ដែលអ្នកសំដែងចំពោះពួកគេ។ នៅពេលយើងវិនិច្ឆ័យទោសអ្នក យើងនឹងសំដែងឲ្យពួកគេស្គាល់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 12 អ្នកនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងឮពាក្យទាំងប៉ុន្មានដែលអ្នកជេរប្រមាថអ៊ីស្រអែល គឺអ្នកពោលថា “ពួកវាវិនាសអន្តរាយអស់ហើយ! ពួកយើងចាប់យកស្រុករបស់ពួកវាបាន!”។ 13 អ្នករាល់គ្នាអួតបំប៉ោងពោលពាក្យព្រហើនកោងកាចដាក់យើង គឺយើងបានឮផ្ទាល់។ 14 ហេតុនេះ យើងដែលជាអុលឡោះតាអាឡា យើងប្រាប់អ្នកថា នៅពេលនគរទាំងប៉ុន្មានសប្បាយរីករាយ យើងនឹងធ្វើឲ្យអ្នកសោកសង្រេង។ 15 ដោយអ្នកសប្បាយរីករាយនៅពេលឃើញពូជពង្សអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង សោកសង្រេង យើងក៏នឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនវេទនាយ៉ាងនោះដែរ។ ភ្នំសៀរអើយ អ្នក និងស្រុកអេដុមទាំងមូលមុខជាត្រូវវិនាស។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies