អេសាយ 54 - អាល់គីតាបអុលឡោះតាអាឡាមិនបោះបង់ក្រុងយេរូសាឡឹមទៀតឡើយ 1 អុលឡោះតាអាឡាមានបន្ទូលថា: ក្រុងយេរូសាឡឹមអើយ អ្នកដែលលែងមានកូន គឺប្រៀបដូចជាស្ត្រីអារ តែឥឡូវនេះចូរស្រែកហ៊ោយ៉ាងសប្បាយ! អ្នកដែលលែងសំរាលកូនអើយ! ចូរអបអរសាទរឡើង ដ្បិតភរិយាដែលស្វាមីបោះបង់ចោល នឹងមានកូនច្រើនជាងភរិយាដែលស្វាមី នៅជាមួយទៅទៀត។ 2 ចូរពង្រីកជំរំរបស់អ្នកឲ្យទូលាយឡើង ចូរលាតដំបូលក្រណាត់នៃលំនៅរបស់អ្នក ឲ្យវែងកុំសំចៃឡើយ! ចូរទាញខ្សែឲ្យវែង និងបោះចម្រឹងឲ្យមាំ 3 ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង ពូជពង្សអ្នកនឹងទទួលស្រុករបស់ ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល គេបានបោះបង់ចោលផង។ 4 កុំភ័យខ្លាចអ្វី អ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយ កុំព្រួយចិត្តឲ្យសោះ ដ្បិតអ្នកនឹងលែងបាត់បង់កិត្តិយសទៀតហើយ អ្នកនឹងភ្លេចភាពអាម៉ាស់ ដែលអ្នកធ្លាប់ជួបប្រទះកាលនៅពីក្មេង អ្នកនឹងឈប់នឹកនាពីការត្មះតិះដៀល នៅគ្រាដែលយើងបោះបង់ចោលអ្នក។ 5 ស្វាមីរបស់អ្នក គឺទ្រង់ដែលបានបង្កើតអ្នក! ទ្រង់មាននាមថា «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល»។ ម្ចាស់ដែលបានលោះអ្នកមកនោះ គឺម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ទ្រង់មាននាមថា «អុលឡោះជាម្ចាស់នៃផែនដីទាំងមូល»។ 6 អ្នកប្រៀបដូចជាស្ត្រីដែលប្ដីបោះបង់ចោល ហើយកើតទុក្ខក្រៀមក្រំ តែឥឡូវនេះ អុលឡោះតាអាឡាត្រាស់ហៅអ្នក ឲ្យវិលមកវិញហើយ។ អុលឡោះជាម្ចាស់របស់អ្នកមានបន្ទូលថា: “បុរសពុំអាចបោះបង់ចោលភរិយាដែល ខ្លួនរៀបការកាលពីនៅវ័យក្មេងបានឡើយ”។ 7 យើងបានបោះបង់អ្នកមួយភ្លែតមែន តែយើងនឹងទទួលអ្នកមកវិញ ដោយចិត្តអាណិតអាសូរពន់ពេកណាស់។ 8 យើងបានខឹងសម្បារនឹងអ្នក ព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែន ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា ដែលលោះអ្នកមកវិញ។ 9 កាលពីជំនាន់ណុះហ៍ យើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថា លែងឲ្យទឹកជន់លិចផែនដីម្ដងទៀត ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា លែងខឹង លែងគំរាមអ្នកទៀតហើយ។ 10 ទោះបីភ្នំតូចភ្នំធំកក្រើករំពើកក្ដី សេចក្ដីស្រឡាញ់របស់យើង មិនឃ្លាតចេញពីអ្នកឡើយ រីឯសម្ពន្ធមេត្រីរបស់យើង ដែលផ្ដល់ឲ្យអ្នកបានសុខសាន្តនោះ ក៏មិនប្រែប្រួលដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា ដែលអាណិតមេត្តាអ្នក។ 11 ក្រុងដ៏សែនវេទនាអើយ! អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសំរាលទុក្ខអ្នកទេ។ ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត មកសង់អ្នកឡើងវិញ យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ 12 យើងយកត្បូងទទឹមធ្វើជាប៉ម យកពេជ្រចរណៃធ្វើជាទ្វារ ព្រមទាំងយកត្បូងមកធ្វើជាកំពែង។ 13 យើងជាអុលឡោះតាអាឡានឹងប្រៀនប្រដៅកូនចៅអ្នក ដោយខ្លួនយើងផ្ទាល់ ហើយកូនចៅរបស់អ្នក នឹងមានសេចក្ដីសុខសាន្តយ៉ាងបរិបូណ៌។ 14 អ្នកនឹងបានរឹងមាំ ដោយសារសេចក្ដីសុចរិត ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ។ គ្មាននរណាមកសង្កត់សង្កិន មកបំភ័យ ឲ្យអ្នកតក់ស្លុតទៀតទេ។ 15 ប្រសិនបើមាននរណាវាយប្រហារអ្នក នោះមិនមែនយើងចាត់គេឲ្យមកទេ បើគេវាយប្រហារអ្នក គេនឹងដួលនៅមុខអ្នកជាមិនខាន។ 16 យើងបានបង្កើតជាងដែក ដែលដុតធ្យូងលត់ដំ ផលិតគ្រឿងអាវុធ ដើម្បីធ្វើសឹកសង្គ្រាម ហើយយើងក៏បានបង្កើតអ្នកកំទេច គ្រឿងអាវុធនោះដែរ។ 17 គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies