សាការី 12 - អាល់គីតាបការរំដោះក្រុងយេរូសាឡឹម 1 សេចក្ដីប្រកាស នេះជាបន្ទូលដែលអុលឡោះតាអាឡា ថ្លែងអំពីស្រុកអ៊ីស្រអែល។ អុលឡោះតាអាឡាដែលបានលាតសន្ធឹងផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក ទ្រង់មានបន្ទូលថា៖ 2 «យើងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំវិញ ព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។ 3 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹង លើកគ្នាមកប្រហារក្រុងនេះ។ 4 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យសេះទាំងប៉ុន្មានរបស់គេជ្រួលច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ ប៉ុន្តែ យើងនឹងតាមថែរក្សាកូនចៅយូដា ហើយធ្វើឲ្យសេះទាំងអស់របស់ជាតិសាសន៍នានាមើលអ្វីលែងឃើញ។ 5 ពួកមេដឹកនាំរបស់ជនជាតិយូដានឹងគិតគ្នាថា: ប្រជាជននៅក្រុងយេរូសាឡឹមមានកម្លាំង ព្រោះអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលជាម្ចាស់របស់ពួកគេ។ 6 នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកំទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។ 7 អុលឡោះតាអាឡានឹងសង្គ្រោះអំបូរនានានៃជនជាតិយូដាជាមុនសិន ដើម្បីកុំឲ្យរាជវង្សរបស់ស្តេចទត និងប្រជាជននៅក្រុងយេរូសាឡឹមមើលងាយជនជាតិយូដាឯទៀតៗ។ 8 នៅថ្ងៃនោះ អុលឡោះតាអាឡានឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ទ្រង់នឹងធ្វើឲ្យគេមានកម្លាំងដូចស្តេចទត ហើយពូជពង្សរបស់ស្តេចទតនឹងគ្រប់គ្រងដោយយុត្តិធម៌ប្រៀបដូចអុលឡោះឬប្រៀបដូចជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា នៅមុខពួកគេ។ ពួកគេកាន់ទុក្ខអម្ចាស់ដែលគេបានចាក់ទម្លុះ 9 នៅថ្ងៃនោះ យើងនឹងកំទេចប្រជាជាតិទាំងប៉ុន្មាន ដែលមកវាយប្រហារក្រុងយេរូសាឡឹម។ 10 យើងនឹងចាក់បង្ហូររសមកលើរាជវង្សរបស់ទត និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះទូរអា។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។ 11 នៅថ្ងៃនោះ ប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខនៅហាដាដ-រីម៉ូននៅវាលមេគីដោ។ 12 អ្នកស្រុកទាំងមូលនឹងកាន់ទុក្ខដាច់ឡែកពីគ្នា តាមអំបូររបស់គេរៀងៗខ្លួន គឺព្ញាតិវង្សរបស់ស្តេចទត ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់ណាថាន ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ 13 អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកស៊ីម៉ៃ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ 14 រីឯអំបូរឯទៀតៗក៏ដូច្នោះដែរ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ |
© 2014 United Bible Societies, UK.
United Bible Societies