១ សាំយូអែល 17 - អាល់គីតាបកូលីយ៉ាតប្រមាថកងទ័ពអ៊ីស្រអែល 1 ពួកភីលីស្ទីនប្រមូលផ្តុំកងទ័ព ដើម្បីធ្វើសង្គ្រាម។ ពួកគេប្រមូលផ្តុំគ្នានៅសូកូ ក្នុងស្រុកយូដា ហើយទៅបោះទ័ពនៅអេផេស-ដាំមីម ដែលនៅចន្លោះសូកូ និងអាសេកា។ 2 រីឯស្តេចសូល និងទាហានអ៊ីស្រអែល ក៏បានប្រមូលផ្តុំគ្នាដែរ ហើយបោះទ័ពនៅតាមជ្រលងភ្នំអេឡា រួចរៀបទ័ព ដើម្បីប្រយុទ្ធនឹងពួកភីលីស្ទីន។ 3 ពួកភីលីស្ទីន ស្ថិតនៅលើភ្នំម្ខាង ពួកអ៊ីស្រអែលស្ថិតនៅលើភ្នំម្ខាងទៀត មានជ្រលងភ្នំនៅចន្លោះកងទ័ពទាំងពីរ។ 4 មានទាហានជើងឯកម្នាក់ចេញពីជំរំភីលីស្ទីន អ្នកនោះឈ្មោះកូលីយ៉ាត មកពីក្រុងកាថ គាត់មានកំពស់ប្រមាណបីម៉ែត្រ។ 5 គាត់ពាក់មួកធ្វើពីលង្ហិន និងអាវក្រោះមានទម្ងន់ប្រមាណហាសិបប្រាំពីរគីឡូក្រាម ធ្វើពីលង្ហិនដែរ។ 6 គាត់មានប្រដាប់ស្រោបជើងធ្វើពីលង្ហិន ព្រមទាំងមានស្នធ្វើពីលង្ហិនពាក់ឆៀងដែរ។ 7 ដងលំពែងរបស់គាត់មានរាងធំដូចផ្សំកីតម្បាញ ផ្លែលំពែងនោះធ្វើពីដែក មានទម្ងន់ប្រមាណប្រាំពីរគីឡូក្រាម។ មានទាហានម្នាក់ទៀតកាន់ខែលដើរពីមុខគាត់។ 8 គាត់ឈរហើយស្រែកទៅកាន់ពលទ័ពអ៊ីស្រអែលថា៖ «ហេតុអ្វីបានជាពួកឯងចាំបាច់រៀបទ័ពច្បាំងដូច្នេះ? អញជាជនជាតិភីលីស្ទីន រីឯពួកឯងជាកញ្ជះរបស់ស្តេចសូល។ ចូររើសម្នាក់ក្នុងចំណោមពួកឯងឲ្យចេញមកប្រយុទ្ធនឹងអញ។ 9 ប្រសិនបើវាច្បាំងឈ្នះអញ ហើយសម្លាប់អញ នោះពួកអញនឹងធ្វើជាខ្ញុំកញ្ជះរបស់ពួកឯង តែប្រសិនបើអញឈ្នះ ហើយសម្លាប់វាបាន ពួកឯងនឹងក្លាយទៅជាខ្ញុំកញ្ជះ ហើយនៅបម្រើពួកអញវិញ»។ 10 ទាហានភីលីស្ទីននោះនិយាយទៀតថា៖ «ថ្ងៃនេះ អញនឹងបំបាក់មុខពលទ័ពអ៊ីស្រអែល! ចូរឲ្យម្នាក់ចេញមកប្រយុទ្ធគ្នាជាមួយអញមើល៍!»។ 11 កាលស្តេចសូល និងប្រជាជនអ៊ីស្រអែលទាំងមូល ឮពាក្យសំដីរបស់ទាហានភីលីស្ទីននោះ ក៏ញាប់ញ័រហើយភ័យខ្លាចជាខ្លាំង។ ទតប្រយុទ្ធនឹងកូលីយ៉ាត 12 ទត ជាកូនរបស់លោកអ៊ីសាយ ពីអំបូរអេប្រាតា ដែលរស់នៅភូមិបេថ្លេហិមក្នុងស្រុកយូដា។ លោកអ៊ីសាយមានកូនប្រុសប្រាំបីនាក់។ នៅជំនាន់ស្តេចសូល គាត់មានវ័យចាស់ជរាណាស់ទៅហើយ។ 13 កូនប្រុសច្បងទាំងបីរបស់គាត់ គឺអេលាប អប៊ីណាដាប់ និងសាម៉ា បានចេញទៅច្បាំង រួមជាមួយស្តេចសូល 14 រីឯទតជាកូនពៅ។ ពេលដែលបងៗទាំងបីចេញទៅជាមួយស្តេចសូលអស់ទៅ 15 ទតវិលត្រឡប់ទៅផ្ទះវិញ ដើម្បីឃ្វាលចៀមឲ្យឪពុកនៅភូមិបេថ្លេហិម។ 16 កូលីយ៉ាតជាជនជាតិភីលីស្ទីននោះ បានចេញមកសំឡុតពលទ័ពអ៊ីស្រអែល ទាំងព្រឹកទាំងល្ងាច អស់រយៈពេលសែសិបថ្ងៃ។ 17 ថ្ងៃមួយលោកអ៊ីសាយនិយាយទៅកាន់ទត ជាកូនថា៖ «ចូរយកលាជមួយថង់ និងនំបុ័ងដប់ដុំនេះ ទៅឲ្យបងៗនៅកន្លែងបោះទ័ពយ៉ាងលឿន។ 18 ចូរយកប្រូម៉ាសដប់ដុំនេះ ទៅជូនលោកមេទ័ពរបស់គេដែរ។ កូនត្រូវសួរសុខទុក្ខបងៗ ហើយយកអ្វីមួយជាសំគាល់មកផង ដើម្បីបញ្ជាក់ថាពួកគេបានសេចក្តីសុខហើយ។ 19 ពួកគេស្ថិតនៅជាមួយស្តេចសូល និងពលទាហានអ៊ីស្រអែលទាំងមូល នៅតាមជ្រលងភ្នំអេឡា ហើយកំពុងតែច្បាំងជាមួយពួកភីលីស្ទីន»។ 20 ទតក្រោកពីព្រលឹម ទុកហ្វូងចៀមឲ្យអ្នកគង្វាល ម្នាក់មើលថែទាំ រួចយកស្បៀងអាហារទាំងនោះចេញដំណើរទៅ តាមបង្គាប់របស់លោកអ៊ីសាយ។ ពេលទតទៅដល់កន្លែងបោះទ័ព ពលទាហានកំពុងរៀបទ័ព ដើម្បីប្រយុទ្ធ ព្រមទាំងស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ 21 ទាហានអ៊ីស្រអែល និងទាហានភីលីស្ទីនរៀបទ័ព នៅប្រឈមមុខគ្នា ដើម្បីប្រយុទ្ធ។ 22 ទតប្រគល់ឥវ៉ាន់របស់ខ្លួនឲ្យអ្នកថែរក្សាសម្ភារៈ រួចរត់តម្រង់ទៅជួរទ័ពខាងមុខ។ ពេលទៅដល់ភ្លាម គាត់ជម្រាបសួរសុខទុក្ខបងៗ។ 23 ពេលទតកំពុងតែសំណេះសំណាលជាមួយបងៗ ទាហានភីលីស្ទីន ឈ្មោះកូលីយ៉ាត ជាអ្នកក្រុងកាថ ចេញមកខាងមុខជួរទ័ពរបស់ខ្លួន ហើយស្រែកសួរពួកអ៊ីស្រអែលនូវពាក្យដដែល ទតក៏បានឮពាក្យទាំងនោះដែរ។ 24 កាលឃើញកូលីយ៉ាតចេញមក ទាហានអ៊ីស្រអែលនាំគ្នារត់ប្រសេចប្រសាច ដ្បិតគេភ័យខ្លាចជាខ្លាំង។ 25 ទាហានអ៊ីស្រអែលនិយាយគ្នាថា៖ «អ្នកឃើញជននោះទេ? វាចេញមកសំឡុតពលទ័ពអ៊ីស្រអែលយើង! អ្នកណាសម្លាប់វាបាន ស្តេចនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើន ព្រមទាំងលើកបុត្រីឲ្យ ហើយគ្រួសាររបស់អ្នកនោះក៏បានរួចពន្ធនៅស្រុកអ៊ីស្រអែលដែរ»។ 26 ទតសួរទាហានដែលនៅជិតខ្លួនថា៖ «តើអ្នកដែលសម្លាប់ជនភីលីស្ទីននោះ ហើយលុបលាងការអាម៉ាស់របស់អ៊ីស្រអែល នឹងទទួលអ្វីជារង្វាន់? ជនភីលីស្ទីន ជាសាសន៍មិនខតាន់នេះជានរណា បានជាហ៊ានបំបាក់មុខពលទ័ពរបស់អុលឡោះដែលនៅអស់កល្បជានិច្ចដូច្នេះ?»។ 27 ពួកទាហានឆ្លើយតាមពាក្យដែលស្តេចបានសន្យាថា នឹងប្រទានចំពោះអ្នកដែលវាយឈ្នះជនភីលីស្ទីននោះ។ 28 លោកអេលាបជាបងបង្អស់ឮទតនិយាយជាមួយនឹងពលទាហានដូច្នេះ គាត់ខឹងយ៉ាងខ្លាំង ហើយពោលថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? ឯងទុកហ្វូងចៀមនៅវាលរហោស្ថាននោះឲ្យនរណាមើល? អញស្គាល់ចរិតរប៉ិលរប៉ូចរបស់ឯងច្បាស់ណាស់ គឺឯងមកនេះ ដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះ»។ 29 ទតឆ្លើយតបថា៖ «តើខ្ញុំមានធ្វើអ្វីខុស? ខ្ញុំគ្រាន់តែសួរប៉ុណ្ណឹង មិនបានឬ!»។ 30 ទតបែរចេញពីបង សួរទាហានម្នាក់ទៀតនូវសំនួរដដែលនោះ ពួកទាហានក៏ឆ្លើយតបមកវិញដូចពីមុនដែរ។ 31 កាលពលទ័ពទាំងមូលឮពាក្យទាំងប៉ុន្មានដែលទតនិយាយ គេក៏នាំគ្នាទៅជម្រាបស្តេចសូល ហើយស្តេចឲ្យគេទៅហៅទតមក។ 32 ទតជម្រាបស្តេចសូលថា៖ «មិនត្រូវឲ្យនរណាម្នាក់បាក់ទឹកចិត្ត ដោយសារតែជនភីលីស្ទីននោះឡើយ! ខ្ញុំជាអ្នកបម្រើរបស់ស្តេច នឹងចេញទៅប្រយុទ្ធជាមួយវា»។ 33 ស្តេចសូលនិយាយទៅកាន់ទតថា៖ «អ្នកមិនអាចវាយឈ្នះជនភីលីស្ទីននេះបានទេ អ្នកនៅក្មេងណាស់ ហើយវាជាអ្នកចំបាំងតាំងពីក្មេងម៉្លេះ»។ 34 ទតជម្រាបស្តេចសូលថា៖ «ខ្ញុំធ្លាប់ឃ្វាលចៀមរបស់ឪពុកខ្ញុំ ពេលណាមានតោ ឬខ្លាឃ្មុំមកចាប់កូនចៀមនៅក្នុងហ្វូងនោះ 35 ខ្ញុំចេញទៅតាមវាភ្លាម ខ្ញុំបានវាយដណ្តើមយកកូនចៀមពីមាត់របស់វាមកវិញ។ បើវាលោតសង្គ្រប់លើខ្ញុំ ខ្ញុំក៏ច្បាមពុកចង្កាវា បោកសម្លាប់តែម្តង។ 36 ជនភីលីស្ទីន ជាសាសន៍មិនខតាន់នេះនឹងត្រូវស្លាប់ ដូចតោ ឬខ្លាឃ្មុំ ដែលខ្ញុំបានសម្លាប់នោះជាមិនខាន ដ្បិតវាបំបាក់មុខកងទ័ពរបស់អុលឡោះដែលនៅអស់កល្បជានិច្ច»។ 37 ទតពោលបន្តទៀតថា៖ «អុលឡោះតាអាឡាតែងតែជួយខ្ញុំ ឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ទ្រង់មុខជាជួយខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ស្តេចសូលបានបញ្ជាទៅកាន់ទតថា៖ «ទៅចុះ! សូមអុលឡោះតាអាឡានៅជាមួយអ្នក»។ 38 ស្តេចសូលយកអាវសឹករបស់ខ្លួនផ្ទាល់ មកបំពាក់ឲ្យទត គឺគាត់យកមួកលង្ហិន មកបំពាក់លើក្បាល ព្រមទាំងបំពាក់អាវក្រោះឲ្យដែរ។ 39 ទតយកដាវរបស់ស្តេចសូលមកស្ពាយលើអាវសឹក ហើយសាកល្បងដើរលមើល ព្រោះពុំដែលបានពាក់គ្រឿងសឹកដូច្នេះនៅឡើយ។ ប៉ុន្តែ ទតជម្រាបស្តេចសូលថា៖ «ជាមួយគ្រឿងសឹកទាំងនេះខ្ញុំដើរមិនរួចទេ ព្រោះខ្ញុំពុំធ្លាប់ពាក់សោះ»។ ទតក៏ដោះគ្រឿងទាំងនោះចោល 40 ហើយយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ ពីក្នុងជ្រោះមកដាក់ក្នុងកូនថង់មួយ រួចដាក់ថង់យាម ព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។ 41 រីឯជនភីលីស្ទីននោះវិញ ក៏ដើរចូលមករកទតដែរ ដោយមានម្នាក់កាន់ខែលដើរពីមុខ។ 42 ពេលជនភីលីស្ទីនក្រឡេកមើលមកទតវាមើលងាយ ព្រោះឃើញគាត់នៅក្មេង មានថ្ពាល់ក្រហម និងមានទឹកមុខស្រស់ល្អ។ 43 ជនភីលីស្ទីននោះជេរទតថា៖ «តើអញជាឆ្កែឬបានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកឈ្មោះព្រះរបស់វាមកដាក់បណ្តាសាទត។ 44 វាពោលមកកាន់ទតថា៖ «មកជិតអញមក៍! អញនឹងយកសាច់ឯងឲ្យត្មាត និងសត្វសាហាវស៊ី!»។ 45 ទតឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្នមកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃពលទ័ពអ៊ីស្រអែលដែលឯងបានបំបាក់មុខ។ 46 ថ្ងៃនេះអុលឡោះតាអាឡាប្រគល់ឯងមកក្នុងកណ្តាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯង ទៀតផង។ ថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឲ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា អ៊ីស្រអែលមានអុលឡោះជួយការពារ។ 47 សហគមន៍នៃជនជាតិអ៊ីស្រអែលទាំងមូលនឹងដឹងថា អុលឡោះតាអាឡាប្រទានឲ្យយើងមានជ័យជំនះ ពុំមែនដោយដាវ ឬលំពែងទេ ដ្បិតអុលឡោះតាអាឡាច្បាំងជំនួសយើង ទ្រង់នឹងប្រគល់ពួកឯងមកក្នុងកណ្តាប់ដៃរបស់ពួកយើង»។ 48 ពេលនោះជនភីលីស្ទីនដើរតម្រង់ចូលមករកទត ទតក៏រត់យ៉ាងលឿនទៅតទល់នឹងវា។ 49 ទតលូកដៃក្នុងកូនថង់យ៉ាងរហ័ស យកក្រួសមួយគ្រាប់មកដាក់នឹងខ្សែដង្ហក់ បាញ់ចំថ្ងាសជនភីលីស្ទីននោះ។ គ្រាប់ក្រួសធ្លុះចូលក្នុងថ្ងាសរបស់ជនភីលីស្ទីន វាក៏ដួលផ្កាប់មុខ។ 50 ទតវាយឈ្នះជនភីលីស្ទីន ដោយសារខ្សែដង្ហក់ និងក្រួសមួយគ្រាប់។ ទតប្រហារជនភីលីស្ទីននោះ ដោយឥតប្រើដាវឡើយ។ 51 ទតរត់ចូលទៅជិតជនភីលីស្ទីន ហើយហូតដាវរបស់វាពីស្រោមសម្លាប់វា ហើយកាត់កផង។ ពេលកងទ័ពភីលីស្ទីនឃើញវីរជនរបស់ខ្លួនស្លាប់ដូច្នេះ ពួកគេនាំគ្នារត់អស់ទៅ។ 52 កងទ័ពអ៊ីស្រអែល និងកងទ័ពយូដាក៏ស្ទុះឡើង នាំគ្នាស្រែកហ៊ោ ហើយដេញតាមពួកភីលីស្ទីនរហូតដល់ច្រកចូលជ្រលងភ្នំ និងរហូតដល់មាត់ទ្វារក្រុងអេក្រូន។ សាកសពរបស់ពួកភីលីស្ទីនដេកដួល ហូរហែតាមផ្លូវទៅស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រូន។ 53 ក្រោយពីបានដេញតាមពួកភីលីស្ទីនរួចហើយ កងទ័ពអ៊ីស្រអែលវិលមកប្រមូលយកជយភ័ណ្ឌ ក្នុងកន្លែងបោះទ័ពរបស់ពួកភីលីស្ទីន។ 54 ទតយកក្បាលជនភីលីស្ទីននោះ មកក្រុងយេរូសាឡឹម ហើយយកគ្រឿងសាស្ត្រាវុធរបស់វា មកទុកក្នុងតង់ត៍របស់ខ្លួន។ ណាពីទតចូលជួបស្តេចសូល 55 កាលស្តេចសូលឃើញទតចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន គាត់ក៏សួរលោកអប៊ីនើរជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរឆ្លើយតបវិញថា៖ «បាទខ្ញុំមិនដឹងទាល់តែសោះ»។ 56 ស្តេចបញ្ជាថា៖ «សូមលោកសាកសួរមើល យុវជននោះជាកូនរបស់អ្នកណា?»។ 57 ក្រោយពីបានសម្លាប់ជនភីលីស្ទីននោះហើយ ទតវិលមកវិញ។ លោកអប៊ីនើរនាំគាត់ចូលទៅជួបស្តេចសូល ពេលនោះទតកាន់ក្បាលជនភីលីស្ទីនទៅជាមួយផង។ 58 ស្តេចបានសាកសួរថា៖ «អ្នកកំលោះអើយ! តើអ្នកជាកូននរណា?»។ ទតប្រាប់ថា៖ «ខ្ញុំជាកូនរបស់លោកអ៊ីសាយ ជាអ្នកបម្រើរបស់ស្តេច នៅភូមិបេថ្លេហិម»។ |
© 2014 United Bible Societies, UK.
United Bible Societies