Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សាការី 2 - អាល់គីតាប


និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​ខ្សែ​រង្វាស់

1 ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​បុរស​ម្នាក់​កាន់​ខ្សែ​រង្វាស់​មួយ។

2 ខ្ញុំ​សួរ​បុរស​នោះ​ថា អ្នក​អញ្ជើញ​ទៅ​ណា។ គាត់​តប​មក​វិញ​ថា៖ «ខ្ញុំ​ទៅ​វាស់​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ដឹង​ប្រវែង​ទទឹង និង​បណ្ដោយ»។

3 ពេល​នោះ ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ ដើរ​ទៅ​មុខ ហើយ​មាន​ម៉ាឡា‌អ៊ីកាត់​មួយ​នាក់​ទៀត​មក​ជួប

4 ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​យុវជន​ដែល​កាន់​ខ្សែ​រង្វាស់​នោះ​ថា: យេរូ‌សាឡឹម​នឹង​ទៅ​ជា​ក្រុង​មួយ​ដែល​គ្មាន​កំពែង ព្រោះ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​រស់​នៅ។

5 រីឯ​យើង​វិញ យើង​នឹង​នៅ​ទី​នេះ​ធ្វើ​ជា​កំពែង​ភ្លើង​ការពារ​ក្រុង ហើយ​យើង​ក៏​នឹង​ទៅ​ជា​សិរី‌រុង‌រឿង​របស់​ក្រុង​នេះ​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ​ហៅ​អ្នក​ជាប់​ជា​ឈ្លើយ​ត្រឡប់​មក​វិញ

6 «យើង​បាន​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា ទៅ​តាម​ទិស​ទាំង​បួន! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ឥឡូវ​នេះ ចូរ​នាំ​គ្នា​ប្រញាប់‌ប្រញាល់ រត់​ចាក​ចេញ​ពី​ស្រុក​ខាង​ជើង​មក! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

7 ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​ដែល​តាំង​ទី​លំ‌នៅ ក្នុង​ស្រុក​បាប៊ី‌ឡូន​អើយ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់!»។

8 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ប្រទាន​អំណាច និង​ចាត់​ខ្ញុំ​ឲ្យ​ទៅ ប្រាប់​ប្រជា‌ជាតិ​នានា ដែល​រឹប​អូស​យក​ស្រុក​របស់​អ្នក​រាល់​គ្នា​ថា: «អ្នក​ណា​ប៉ះ‌ពាល់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ប៉ះ‌ពាល់​ប្រស្រី​ភ្នែក​របស់​យើង​ដែរ។

9 យើង​នឹង​លើក​ដៃ​ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ នៃ​ពួក​ទាសករ​របស់​ខ្លួន» ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ពិត​ជា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។

10 «ប្រជា‌ជន​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ! ចូរ​សប្បាយ​រីក‌រាយ​ឡើង! ដ្បិត​យើង​មក​រក​អ្នក​ហើយ យើង​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក!» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

11 «នៅ​ថ្ងៃ​នោះ ប្រជា‌ជាតិ​ជា​ច្រើន នឹង​ជំពាក់​ចិត្ត​លើ​យើង ជាអុលឡោះ‌តាអាឡា ហើយ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក។

12 អុលឡោះ‌តាអាឡា​នឹង​យក​ស្រុក​យូដា ធ្វើ​ជា​ទឹក​ដី​របស់​ទ្រង់​ផ្ទាល់ ក្នុង​ទឹក​ដី​ដ៏‌វិសុទ្ធ ទ្រង់​នឹង​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម ដូច​ពី​មុន។

13 សត្វ​លោក​ទាំង‌ឡាយ​ត្រូវ​ស្ងៀម‌ស្ងាត់ ចំពោះអុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ក្រោក​ឡើង ហើយ​ចេញ​ពី ដំណាក់​ដ៏‌វិសុទ្ធ​របស់​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម