ចំណង់បើលោក ដែលពោលថាលោកមើលព្រះអង្គមិនឃើញ តើយ៉ាងណាទៅ ឯរឿងនោះក៏នៅចំពោះព្រះអង្គ គឺលោកវិញដែលត្រូវរង់ចាំព្រះអង្គ។
អេសាយ 30:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ ព្រះគម្ពីរខ្មែរសាកល ទោះបីជាយ៉ាងនោះក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់រង់ចាំដើម្បីមេត្តាដល់អ្នករាល់គ្នា។ ដោយហេតុនេះ ព្រះអង្គទ្រង់ក្រោកឡើងដើម្បីអាណិតមេត្តាដល់អ្នករាល់គ្នា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌។ មានពរហើយ អស់អ្នកដែលរង់ចាំព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអម្ចាស់រង់ចាំពេលដែលព្រះអង្គ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ព្រះអង្គនឹងក្រោកឡើង ដើម្បីបង្ហាញ ព្រះហឫទ័យអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតព្រះអម្ចាស់ជាព្រះដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ ប្រាកដជាមានសុភមង្គលពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាសនឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់ អាល់គីតាប ប៉ុន្តែ អុលឡោះតាអាឡារង់ចាំពេលដែលទ្រង់ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ទ្រង់នឹងក្រោកឡើង ដើម្បីបង្ហាញ ចិត្តអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើទ្រង់ ប្រាកដជាមានសុភមង្គលពុំខាន។ |
ចំណង់បើលោក ដែលពោលថាលោកមើលព្រះអង្គមិនឃើញ តើយ៉ាងណាទៅ ឯរឿងនោះក៏នៅចំពោះព្រះអង្គ គឺលោកវិញដែលត្រូវរង់ចាំព្រះអង្គ។
ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយអ្នករាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីក្រោធរបស់ព្រះអង្គ នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកព្រះអង្គជាទីពឹងជ្រក។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អ្នកដែលទុកចិត្តដល់ព្រះអង្គ អ្នកនោះមានពរហើយ។
ព្រះមហាក្សត្រដែលប្រកបដោយឫទ្ធានុភាព ព្រះអង្គស្រឡាញ់យុត្តិធម៌ ព្រះអង្គបានតាំងឲ្យមានសេចក្ដីទៀតត្រង់ ព្រះអង្គសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប។
ព្រះយេហូវ៉ាយាងកាត់នៅមុខលោក ហើយប្រកាសថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ប្រណីសន្តោស ព្រះអង្គយឺតនឹងខ្ញាល់ មានព្រះហឫទ័យសប្បុរស ហើយស្មោះត្រង់ជានិច្ច។
អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ។
ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ «យើងនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់យើង ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅ កំពុងរដូវប្រមូលផល»។
ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងត្រូវបង្ឱនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្ឱនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
យើងនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយសេចក្ដីសុចរិតជាខ្សែប្រយោល រួចព្យុះព្រឹលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើងលិចទីពួនអស់។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
ព្រះយេហូវ៉ាបានថ្កើងឡើងហើយ ដ្បិតព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គបានធ្វើឲ្យក្រុងស៊ីយ៉ូនមានពេញដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
យើងបានអត់ទ្រាំជាយូរមកហើយ យើងបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ យើងនឹងស្រែកឡើងដូចជាស្រី ដែលឈឺនឹងសម្រាលកូន យើងនឹងដកដង្ហើមគំហុកចូល រួចទម្លាយចេញតែម្តង។
យើងនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវមួយដែលគេមិនស្គាល់ យើងនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ យើងនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលយើងនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ។
ប៉ុន្តែ យើងនឹងផ្អាកសេចក្ដីក្រោធ ដោយយល់ដល់ឈ្មោះយើង និងដោយយល់ដល់សេចក្ដីសរសើររបស់យើង នោះយើងនឹងមិនកាត់អ្នកចេញទេ។
តែព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានតម្កើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធបានរាប់ជាបរិសុទ្ធ ដោយសេចក្ដីសុចរិតវិញ។
ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។
ដ្បិតយើងមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខយើង ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលយើងបានធ្វើនេះ។
ដ្បិតយើងគឺព្រះយេហូវ៉ា យើងស្រឡាញ់សេចក្ដីយុត្តិធម៌ យើងស្អប់ការលួចប្លន់ និងអំពើទុច្ចរិត យើងនឹងឲ្យរង្វាន់ដល់អ្នកដោយសេចក្ដីពិត ហើយយើងនឹងតាំងសេចក្ដីសញ្ញា ដ៏នៅអស់កល្បជានិច្ចជាមួយអ្នក។
ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីព្រះអង្គ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ព្រះអង្គឡើយ។
ឯខ្ញុំ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលព្រះអង្គលាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែព្រះអង្គ
ប៉ុន្ដែ យើងនឹងអាណិតមេត្តាដល់ពូជពង្សយូដា ហើយយើងនឹងសង្គ្រោះគេ មិនមែនដោយធ្នូ ដាវ សង្គ្រាម សេះ ឬពលសេះឡើយ គឺនឹងសង្គ្រោះគេដោយសារព្រះយេហូវ៉ា ជាព្រះរបស់គេ»។
ដោយហេតុនោះ មើល៍ យើងនឹងប្រលោមនាង នាំនាងទៅឯទីរហោស្ថាន ហើយនិយាយលួងលោមចិត្តនាង។
យើងនឹងវិលត្រឡប់ទៅរកកន្លែងរបស់យើង រហូតទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខយើង ដ្បិតនៅពេលណាគេមានអាសន្ន គេនឹងស្វែងរកយើងយ៉ាងអស់ពីចិត្ត។
ពាក្យសម្ដីរបស់អ្នករាល់គ្នា រំខានដល់ព្រះហឫទ័យព្រះយេហូវ៉ាណាស់។ ប៉ុន្តែ អ្នករាល់គ្នាសួរថា "តើយើងបានរំខានព្រះហឫទ័យព្រះអង្គដូចម្ដេច?" គឺដោយព្រោះអ្នករាល់គ្នានិយាយថា "អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ា ព្រះអង្គសព្វព្រះហឫទ័យនឹងគេ" ឬថា "តើសេចក្ដីយុត្តិធម៌របស់ព្រះនៅឯណា?"»។
ដូច្នេះ គាត់ក៏ក្រោកឡើង ហើយទៅរកឪពុកវិញ។ កាលឪពុកឃើញពីចម្ងាយ គាត់ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូន។
នៅក្រុងយេរូសាឡិម មានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយគោរពកោតខ្លាចព្រះ គាត់កំពុងរង់ចាំវេលាសម្រាលទុក្ខរបស់សាសន៍អ៊ីស្រាអែល។ ព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់។
ព្រះបានតម្កើងព្រះយេស៊ូវឡើង ដោយព្រះហស្តស្តាំរបស់ព្រះអង្គ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការប្រែចិត្តដល់សាសន៍អ៊ីស្រាអែល និងការអត់ទោសឲ្យរួចពីបាប។
ក្រឹត្យវិន័យបានចូលមក ធ្វើឲ្យអំពើរំលងនោះកាន់តែកើនឡើង តែនៅទីណាដែលបាបកើនឡើង នោះព្រះគុណក៏រឹតតែចម្រើនជាបរិបូរឡើងដែរ។
ចុះបើព្រះចង់បង្ហាញសេចក្តីក្រោធ ហើយសម្ដែងព្រះចេស្តារបស់ព្រះអង្គ ចំពោះវត្ថុដែលគួរទទួលសេចក្ដីក្រោធ ដែលរៀបចំឡើងសម្រាប់បំផ្លាញ តែទ្រង់បានអត់ធ្មត់ជាខ្លាំង
ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។
ព្រះអង្គជាថ្មដា ការរបស់ព្រះអង្គសុទ្ធតែគ្រប់លក្ខណ៍ ដ្បិតអស់ទាំងផ្លូវរបស់ព្រះអង្គសុទ្ធតែយុត្តិធម៌ ព្រះអង្គជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ព្រះអង្គក៏ត្រឹមត្រូវ ហើយទៀងត្រង់។
មើល៍! យើងរាប់អស់អ្នកដែលចេះស៊ូទ្រាំ ថាជាអ្នកមានពរ។ អ្នករាល់គ្នាបានឮពីការស៊ូទ្រាំរបស់លោកយ៉ូបហើយ ក៏បានឃើញថា នៅទីបំផុតព្រះអម្ចាស់មានព្រះហឫទ័យយ៉ាងណាចំពោះគាត់ គឺទ្រង់មានព្រះហឫទ័យអាណិតអាសូរ និងមេត្ដាករុណាយ៉ាងពោរពេញ។
ត្រូវរាប់ព្រះហឫទ័យអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាការសង្គ្រោះ ដូចលោកប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើង ក៏បានសរសេរមកអ្នករាល់គ្នា តាមប្រាជ្ញាដែលព្រះបានប្រទានមកលោក
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។
កុំពោលពាក្យអំនួតលើសលុបដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសចេញពីមាត់ឯងឡើយ ព្រោះព្រះយេហូវ៉ាជាព្រះជ្រាបទាំងអស់ គឺព្រះអង្គហើយដែលថ្លឹងអស់ទាំងអំពើ។