ហូសេ 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលមកដល់ហូសេ ជាកូនប្អេរី ក្នុងរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្តេចស្រុកយូដា និងក្នុងគ្រាដែលព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែល។ គ្រួសារលោកហូសេ 2 កាលព្រះយេហូវ៉ាចាប់ផ្តើមមានព្រះបន្ទូលតាមរយៈហូសេ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរទៅយកស្ត្រីពេស្យាម្នាក់មកធ្វើជាប្រពន្ធ ហើយបង្កើតកូនពីស្ត្រីពេស្យានោះចុះ ដ្បិតស្រុកនេះចេះតែប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះយេហូវ៉ា»។ 3 ដូច្នេះ លោកក៏ទៅយកនាងកូមើរ ជាកូនឌីប្លែម ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសមួយឲ្យលោក។ 4 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរឲ្យឈ្មោះកូននេះថា "យេសរាល " ដ្បិតនៅតែបន្តិចទៀត យើងនឹងដាក់ទោសពូជពង្សយេហ៊ូវ ព្រោះតែឈាមយេសរាល ហើយយើងនឹងធ្វើឲ្យរាជ្យនៃពូជពង្សអ៊ីស្រាអែលត្រូវចប់។ 5 នៅថ្ងៃនោះ យើងនឹងបំបាក់ធ្នូរបស់អ៊ីស្រាអែល នៅជ្រលងភ្នំយេសរាល»។ 6 នាងមានទម្ងន់ម្តងទៀត ហើយបង្កើតបានកូនស្រីមួយ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរឲ្យឈ្មោះកូននេះថា "ឡូ-រូហាម៉ា " ដ្បិតយើងនឹងលែងអាណិតមេត្តាដល់ពូជពង្សអ៊ីស្រាអែល ក៏មិនអត់ទោសឲ្យគេដែរ។ 7 ប៉ុន្ដែ យើងនឹងអាណិតមេត្តាដល់ពូជពង្សយូដា ហើយយើងនឹងសង្គ្រោះគេ មិនមែនដោយធ្នូ ដាវ សង្គ្រាម សេះ ឬពលសេះឡើយ គឺនឹងសង្គ្រោះគេដោយសារព្រះយេហូវ៉ា ជាព្រះរបស់គេ»។ 8 កាលនាងបានផ្តាច់ដោះឡូ-រូហាម៉ារួចហើយ នាងក៏មានទម្ងន់ទៀត បង្កើតបានកូនប្រុសមួយ។ 9 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឲ្យឈ្មោះកូននេះថា "ឡូ-អាំមី " ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នា ដែរ»។ ការតាំងអ៊ីស្រាអែលឡើងវិញ 10 ប៉ុន្តែ កូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចខ្សាច់នៅសមុទ្រ ដែលមិនអាចវាល់ ឬកំណត់ចំនួនបានឡើយ ហើយទោះបើមានពាក្យពោលទៅគេថា៖ «អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ» នោះនឹងបែរទៅជាមានពាក្យថា៖ «អ្នករាល់គ្នាជាកូនរបស់ព្រះដ៏មានព្រះជន្មរស់»។ 11 ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រាអែលនឹងមកជួបជុំគ្នា ហើយគេនឹងតាំងឲ្យមានមេដឹកនាំតែមួយគ្រប់គ្រងលើគេ គេនឹងឡើងចេញពីស្រុកនោះ ដ្បិតថ្ងៃរបស់យេសរាល នឹងបានជាថ្ងៃមួយដ៏ធំ។ |
© 2016 United Bible Societies
Bible Society in Cambodia