Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

និក្ខមនំ 34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


លោក​ម៉ូសេ​ធ្វើ​បន្ទះ​ថ្ម​ថ្មី

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន នោះ​យើង​នឹង​ចារឹក​អស់​ទាំង​ពាក្យ ដូច​បាន​ចារឹក​នៅ​លើ​បន្ទះ​ថ្ម​ពី​មុន ដែល​អ្នក​បាន​បំបែក​ចោល​នោះ។

2 ចូរ​រៀបចំ​ជា​ស្រេច​ឲ្យ​ទាន់​ពេល​ព្រលឹម រួច​ឡើង​មក​លើ​ភ្នំ​ស៊ី‌ណាយ​នៅ​ពេល​ព្រឹក ហើយ​ឈរ​នៅ​ចំពោះ​យើង នៅ​លើ​កំពូល​ភ្នំ។

3 កុំ​ឲ្យ​អ្នក​ណា​ឡើង​មក​ជា‌មួយ​អ្នក​ឡើយ ហើយ​កុំ​ឲ្យ​ឃើញ​មាន​អ្នក​ណា​នៅ​ទី​ណា​លើ​ភ្នំ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ឲ្យ​ហ្វូង​ចៀម ឬ​ហ្វូង​គោ​មក​រក​ស៊ី​នៅ​មុខ​ភ្នំ​នេះ​ដែរ»។

4 លោក​ម៉ូសេ​ក៏​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ទាំង​យក​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​នោះ​កាន់​នៅ​ដៃ​ទៅ​ជា‌មួយ​ផង។

5 ព្រះ‌យេហូវ៉ា​បាន​យាង​ចុះ​មក​ក្នុង​ពពក ហើយ​គង់​នៅ​ទី​នោះ​ជា‌មួយ​លោក ទាំង​ប្រកាស​ពី​ព្រះ​នាម «យេហូវ៉ា» ផង។

6 ព្រះ‌យេហូវ៉ា​យាង​កាត់​នៅ​មុខ​លោក ហើយ​ប្រកាស​ថា៖ «យេហូវ៉ា យេហូវ៉ា ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ប្រណី​សន្តោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ មាន​ព្រះ​ហឫ‌ទ័យ​សប្បុរស ហើយ​ស្មោះ​ត្រង់​ជា‌និច្ច។

7 ព្រះ‌អង្គ​មាន​ព្រះ​ហឫទ័យ​មេត្តា‌ករុណា ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត អំពើ​រំលង និង​អំពើ​បាប ប៉ុន្តែ ព្រះ‌អង្គ​មិន​រាប់​មនុស្ស​មាន​ទោស​ថា ជា​ឥត​ទោស​ឡើយ ព្រះ‌អង្គ​ដាក់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ឪពុក រហូត​ដល់​កូន​ចៅ ដល់​បី ហើយ​បួន​ជំនាន់​ផង»។

8 នោះ​លោក​ម៉ូសេ​ក៏​ប្រញាប់‌ប្រញាល់​ក្រាប​ចុះ​ដល់​ដី ហើយ​ថ្វាយ​បង្គំ។

9 លោក​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ​គុណ​របស់​ព្រះ‌អង្គ​មែន សូម​ព្រះ‌អម្ចាស់​យាង​ទៅ​កណ្ដាល​យើង​ខ្ញុំ ដ្បិត​ប្រជា‌ជន​ទាំង​នេះ​មាន​ក្បាល​រឹង សូម​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ សូម​ទទួល​យើងខ្ញុំ​ជា​មត៌ក​របស់​ព្រះ‌អង្គ»។


ការ​តាំង​សេចក្ដី​សញ្ញា​សា​ជា​ថ្មី

10 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​តាំង​សញ្ញា​ថា នៅ​មុខ​ប្រជា‌ជន​របស់​អ្នក​ទាំង​អស់​គ្នា យើង​នឹង​ធ្វើ​ការ​អស្ចារ្យ ជា​ការ​ដែល​មិន​ធ្លាប់​កើត​មាន​យ៉ាង​ដូច្នោះ នៅ​អស់​ទាំង​នគរ​លើ​ផែន‌ដី និង​នៅ​ក្នុង​ចំណោម​អស់​ទាំង​សាសន៍​ដែល​អ្នក​រស់​នៅ គេ​នឹង​ឃើញ​ការ​របស់​ព្រះ‌យេហូវ៉ា ដ្បិត​ការ​ដែល​យើង​នឹង​ប្រោស​ដល់​អ្នក គឺ​ជា​ការ​គួរ​ស្ញែង​ខ្លាច។

11 ចូរ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ មើល៍! យើង​នឹង​បណ្តេញ​សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​អ្នក។

12 ចូរ​ប្រយ័ត្ន មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយ​អ្នក​ស្រុក​ដែល​អ្នក​ចូល​ទៅ​នោះ​ឡើយ ក្រែង‌លោ​គេ​ត្រឡប់​ជា​អន្ទាក់​នៅ​កណ្ដាល​អ្នក។

13 អ្នក​រាល់​គ្នា​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​រូប​ព្រះ និង​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ​ចេញ។

14 (ដ្បិត​អ្នក​រាល់​គ្នា​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ណា​ទៀត​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ​នាម​ជា​ព្រះ​ប្រចណ្ឌ ព្រះ‌អង្គ​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ)។

15 មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយពួក​អ្នក​ស្រុក​នោះ​ឡើយ ហើយ​កាល​ណា​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ នោះ​គេ​នឹង​អញ្ជើញ​អ្នក​ទៅ​បរិ‌ភោគ​យញ្ញ‌បូជា​របស់​គេ

16 ហើយ​អ្នក​នឹង​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​អ្នក រួច​កូន​ស្រី​របស់​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ នោះ​នឹង​នាំ​ឲ្យ​កូន​ប្រុស​របស់​អ្នក​ទៅ​ផិត​តាម​ព្រះ​របស់​គេ​ដែរ។

17 មិន​ត្រូវ​សិត​ធ្វើ​រូប​ព្រះ​ឡើយ។

18 ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដោយ​បរិ‌ភោគ​នំ​ឥត​ដំបែ​ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៅ​ខែ​អាប៊ីប ដូច​យើង​បាន​បង្គាប់​អ្នក​ហើយ ដ្បិត​នៅ​ខែ​នោះ​ហើយ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

19 អស់​ទាំង​កូន​ដែល​កើត​ពី​ផ្ទៃ​មុន​គេ​ជា​របស់​យើង ព្រម​ទាំង​កូន​ឈ្មោល​ដំបូង​របស់​សត្វ​អ្នក​ទាំង​ប៉ុន្មាន ទោះ​ជា​គោ ឬ​ចៀម​ក្តី។

20 រីឯ​កូន​ដំបូង​របស់​សត្វ​លា នោះ​ត្រូវ​យក​កូន​ចៀម​មួយ​មក​លោះ តែ​បើ​មិន​ចង់​លោះ​ទេ ត្រូវ​បំបាក់​កកូន​លានោះ​ទៅ។ អស់​ទាំង​កូន​ប្រុស​ច្បង​របស់​អ្នក នោះ​អ្នក​ត្រូវ​តែ​លោះ​កុំ​ខាន។ មិន​ត្រូវ​មក​ដោយ​ដៃ​ទទេ​នៅ​មុខ​យើង​ឡើយ។

21 ត្រូវ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ឈប់​សម្រាក ទោះ​បើ​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក្ដី ក៏​ត្រូវ​ឈប់​សម្រាក​ដែរ។

22 ត្រូវ​ធ្វើ​បុណ្យ​អាទិត្យ​ទី​ប្រាំពីរ គឺ​ជា​បុណ្យ​ផល​ដំបូង​ពី​ចម្រូត​ស្រូវ​សាលី និង​បុណ្យ​ប្រមូល​ផល​ចុង​ឆ្នាំ។

23 ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​បង្ហាញ​ខ្លួន​បី​ដង​ក្នុង​មួយ​ឆ្នាំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជាព្រះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ី‌ស្រា‌អែល។

24 ដ្បិត​យើង​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ​ពី​មុខ​អ្នក ហើយ​ពង្រីក​ព្រំ​ប្រទល់​របស់​អ្នក​ឲ្យ​ធំ​ទូលាយ កាល​ណា​អ្នក​ឡើង​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បី​ដង​ក្នុង​មួយ​ឆ្នាំ នោះ​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​អ្នក​ឡើយ។

25 មិន​ត្រូវ​យក​ឈាម​នៃ​យញ្ញ‌បូជា​មក​ថ្វាយ​យើង​ជា‌មួយ​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ក៏​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ដែរ។

26 ផល​ដំបូង​បង្អស់​ដែល​កើត​ពី​ដី​របស់​អ្នក នោះ​ត្រូវ​យក​មក​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អ្នក​មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។

27 ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់​ត្រា​ពាក្យ​ទាំង​នេះ ដ្បិត​យើង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក និង​ជា‌មួយ​អ៊ី‌ស្រា‌អែល»។

28 លោក​នៅ​ទី​នោះ​ជា‌មួយ​ព្រះ‌យេហូវ៉ា​អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់ ឥត​មាន​បរិ‌ភោគ​អ្វី​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​ចារឹក​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា គឺក្រឹត្យ​វិន័យ ទាំង​ដប់​ប្រការ​នៅ​លើ​បន្ទះ​ថ្ម​ទាំង​ពីរ​ផ្ទាំង​នោះ។


មុខ​លោក​ម៉ូសេ​មាន​ពន្លឺ

29 លោក​ម៉ូសេ​ចុះ​ពី​លើ​ភ្នំ​ស៊ី‌ណាយ​មក​វិញ ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា ទាំង​ពីរ​ផ្ទាំង​នៅ​ដៃ​មក​ជា‌មួយ។ ពេល​ចុះ​ពី​ភ្នំ លោក​មិន​បាន​ដឹង​ថា​ស្បែក​មុខ​លោក​ភ្លឺ ដោយ​បាន​សន្ទនា​ជា‌មួយ​ព្រះ​នោះ​ទេ។

30 កាល​លោក​អើរ៉ុន និង​ពួក​អ៊ី‌ស្រា‌អែល​ទាំង​អស់​បាន​ឃើញ​លោក​ម៉ូសេ នោះ​ឃើញ​ស្បែក​មុខ​លោក​ភ្លឺ ហើយ​គេ​ខ្លាច​មិន​ហ៊ាន​ទៅ​ជិត​លោក​ឡើយ។

31 ប៉ុន្ដែ លោក​ម៉ូសេ​បាន​ហៅ​ពួក‌គេ​មក ហើយ​លោក​អើរ៉ុន និង​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ​ទាំង​អស់​ក៏​នាំ​គ្នា​ត្រឡប់​មក​ឯ​លោក​វិញ រួច​លោក​មាន​ប្រសាសន៍​ជា‌មួយ​ពួក‌គេ។

32 បន្ទាប់​មក កូន​ចៅ​អ៊ី‌ស្រា‌អែល​ក៏​ចូល​មក​ជិត​ទាំង​អស់​គ្នា ហើយ​លោក​បាន​ប្រាប់​ពួក‌គេ​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​នៅ​លើ​ភ្នំ​ស៊ី‌ណាយ។

33 កាល​លោក​ម៉ូសេ​មាន​ប្រសាសន៍​ជា‌មួយ​ពួក‌គេ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ

34 តែ​ពេល​ណា​លោក​ម៉ូសេ​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​សន្ទនា​ជា‌មួយ​ព្រះ‌អង្គ លោក​ដោះ​ស្បៃ​មុខ​ចេញ ដរាប​ដល់​ចេញ​មក​វិញ។ លុះ​ពេល​ចេញ​មក​វិញ លោក​ក៏​ប្រាប់​កូន​ចៅ​អ៊ី‌ស្រា‌អែល តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​បង្គាប់។

35 កូន​ចៅ​អ៊ី‌ស្រា‌អែល​មើល​មុខ​លោក​ម៉ូសេ ឃើញ​ស្បែក​មុខ​លោក​ភ្លឺ លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ​ទៀត រហូត​ទាល់​តែ​ដល់​ពេល​ចូល​ទៅ​សន្ទនា​ជា‌មួយ​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម