អេសាយ 26:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកស្លាប់របស់ព្រះអង្គនឹងរស់ឡើងវិញ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលដេកនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងដោយអំណរចុះ! ដ្បិតទឹកសន្សើមរបស់ព្រះអង្គ ជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញមនុស្សស្លាប់មក។ ព្រះគម្ពីរខ្មែរសាកល ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកស្លាប់របស់ឯងគេនឹងរស់ទៀត គេនឹងរស់ឡើងវិញជាមួយនឹងសពរបស់អញ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា អុលឡោះនឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលស្លាប់ទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។ |
ប្រជារាស្ត្ររបស់ព្រះកុរណា នឹងថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលព្រះករុណាដឹកនាំក្បួនទ័ព នៅលើភ្នំបរិសុទ្ធ ។ ពួកយុវជនរបស់ព្រះករុណា នឹងចូលមកគាល់ព្រះករុណា ដូចទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាល ។
កម្លាំងទូលបង្គំស្ងួត ដូចអំបែងឆ្នាំង អណ្ដាតទូលបង្គំជាប់នៅក្រអូមមាត់ ព្រះអង្គដាក់ទូលបង្គំ ចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់។
៙ អស់អ្នកដែលមានចិត្តស្កប់ស្កល់ នៅលើផែនដី នឹងបរិភោគ ហើយថ្វាយបង្គំ អស់អ្នកដែលចុះទៅក្នុងធូលី ព្រមទាំងអ្នកដែលមិនអាចរក្សាជីវិតខ្លួន ក៏នឹងក្រាបនៅចំពោះព្រះអង្គដែរ។
៙ ព្រះអង្គបានធ្វើឲ្យទូលបង្គំ ឃើញសេចក្ដីវេទនា និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំ មានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនាំទូលបង្គំឡើងចេញ ពីទីជម្រៅនៃផែនដីមកវិញ។
តើគេថ្លែងពីព្រះហឫទ័យសប្បុរស របស់ព្រះអង្គនៅក្នុងផ្នូរ ឬពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ នៅទីហិនវិនាសកើតឬ?
ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ «យើងនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់យើង ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅ កំពុងរដូវប្រមូលផល»។
ព្រះអង្គនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ានឹងជូតទឹកភ្នែក ពីមុខមនុស្សទាំងអស់ ហើយព្រះអង្គនឹងដកសេចក្ដីត្មះតិះដៀល ចំពោះប្រជារាស្ត្រព្រះអង្គ ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាបានព្រះបន្ទូលដូច្នេះហើយ។
ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹក ពីពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ អ្នកបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ។
មនុស្សជាច្រើន ក្នុងចំណោមអស់អ្នកដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើង ខ្លះភ្ញាក់ខាងឯជីវិតអស់កល្បជានិច្ច ហើយខ្លះទៀតភ្ញាក់ខាងឯសេចក្ដីអាម៉ាស់ ហើយអាប់យសអស់កល្បជានិច្ច។
តើយើងត្រូវដោះគេចេញពីអំណាច នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ឬ? តើយើងត្រូវលោះគេឲ្យរួចពីសេចក្ដីស្លាប់ឬ? ឱសេចក្ដីស្លាប់អើយ តើទុក្ខវេទនារបស់ឯងនៅឯណា? ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ តើការហិនវិនាសរបស់ឯងនៅឯណា? សេចក្ដីអាណិតអាសូរពួនបាត់ ពីភ្នែករបស់យើងហើយ។
យើងនឹងបានដូចទឹកសន្សើមដល់អ៊ីស្រាអែល គេនឹងចេញផ្កាដូចផ្កាច័ន្ធូ ហើយចាក់ឫសដូចដើមឈើនៅព្រៃល្បាណូន។
នៅតែពីរថ្ងៃទៀត ព្រះអង្គនឹងប្រោសពួកយើងឲ្យបានសះស្បើយ នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ ដើម្បីឲ្យយើងបានរស់នៅចំពោះព្រះអង្គ។
ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ហើយដើមទំពាំងបាយជូរនឹងបង្កើតផល ដីក៏ចម្រើនផល ផ្ទៃមេឃនឹងទម្លាក់សន្សើមមក ហើយយើងនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមត៌ក។
គាត់បានចូលទៅជួបលោកពីឡាត់ ហើយសុំយកព្រះសពព្រះយេស៊ូវ។ លោកពីឡាត់ក៏បង្គាប់ឲ្យគេប្រគល់ព្រះសពដល់គាត់។
ដោយសង្ឃឹមដល់ព្រះ ដែលអស់លោកទាំងនេះក៏យល់ព្រមដែរ គឺថា នឹងមានការរស់ឡើងវិញទាំងអស់ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
ប៉ុន្តែ ព្រះគ្រីស្ទពិតជាមានព្រះជន្មរស់ពីស្លាប់ឡើងវិញមែន ជាផលដំបូងក្នុងចំណោមអស់អ្នកដែលបានស្លាប់។
ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។
សូមឲ្យដំបូន្មានរបស់ខ្ញុំធ្លាក់មកដូចទឹកភ្លៀង ឲ្យពាក្យសម្ដីខ្ញុំស្រក់ដូចសន្សើម គឺដូចជាភ្លៀងរលឹម មកលើស្មៅល្បាស់ខ្ចី ហើយដូចជាភ្លៀងមួយមេមកលើតិណជាតិ។
ចំពោះកុលសម្ព័ន្ធយ៉ូសែប លោកថ្លែងថា៖ «ស្រុកគេមានពរពីព្រះយេហូវ៉ា ជាអំណោយវិសេសពីលើមេឃ គឺជាទឹកសន្សើម និងពីទីជម្រៅនៅខាងក្រោម
ដូច្នេះ អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត ហើយក្បាលទឹករបស់យ៉ាកុប នោះនៅតែឯង ក្នុងស្រុកដែលមានស្រូវ មានទំពាំងបាយជូរ ឯមេឃក៏ទម្លាក់ទឹកសន្សើមមកដែរ។
ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្តានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងរួមចំណែកក្នុងការរងទុក្ខ ដូចជាព្រះអង្គរងទុក្ខក្នុងការសុគតដែរ
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជាព្រះកាយដ៏រុងរឿងរបស់ព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះអង្គ ដែលបង្ក្រាបគ្រប់ទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះអង្គ។
សេចក្ដីស្លាប់ និងជីវិត គឺស្រេចលើព្រះយេហូវ៉ា ព្រះអង្គនាំចុះទៅដល់ ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏នាំឡើងមកវិញបានដែរ។