អេសាយ 26 - អាល់គីតាបអុលឡោះប្រទានជ័យជំនះឲ្យប្រជារាស្ដ្រទ្រង់ 1 នៅថ្ងៃនោះ ក្នុងស្រុកយូដា គេនឹងច្រៀងបទចំរៀងដូចតទៅ: «យើងមានក្រុងមួយដ៏រឹងមាំ អុលឡោះប្រទានការសង្គ្រោះមកយើង ទុកជាកំពែង និងជញ្ជាំង ការពារយើង។ 2 ចូរបើកទ្វារឲ្យប្រជាជាតិដ៏សុចរិត ដែលមានចិត្តស្មោះស្ម័គ្រចូលផង! 3 ទ្រង់ប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍ ដល់ប្រជាជាតិនេះ ព្រោះគេមានជំហររឹងប៉ឹង ហើយផ្ញើជីវិតលើទ្រង់។ 4 ចូរនាំគ្នាផ្ញើជីវិតលើអុលឡោះតាអាឡាជានិច្ចចុះ! ដ្បិតអុលឡោះតាអាឡាជាថ្មដាដែលនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ។ 5 ទ្រង់បន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃ ទ្រង់ផ្ដួលរំលំក្រុងដែលស្ថិតនៅទីខ្ពស់ៗ ឲ្យរាបដល់ដី កប់ក្នុងធូលី 6 មនុស្សទន់ទាប និងមនុស្សទន់ខ្សោយ នឹងដើរជាន់ក្រុងនោះ»។ 7 ឱអុលឡោះតាអាឡាអើយ! ទ្រង់បង្ហាញឲ្យ មនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់ ទ្រង់ពង្រាបមាគ៌ារបស់មនុស្សសុចរិត ឲ្យរាបស្មើ។ 8 ឱអុលឡោះតាអាឡាអើយ! យើងខ្ញុំផ្ញើជីវិតលើទ្រង់ យើងខ្ញុំដើរតាមមាគ៌ា ដែលទ្រង់បានត្រួសត្រាយទុក ចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីនាម របស់ទ្រង់ប៉ុណ្ណោះ។ 9 នៅពេលយប់ ខ្ញុំចង់នៅជិតទ្រង់ ខ្ញុំក៏ស្វែងរកទ្រង់អស់ពីដួងចិត្តដែរ។ ពេលទ្រង់ដាក់ទោសមនុស្សនៅលើផែនដី ស្របតាមការវិនិច្ឆ័យរបស់ទ្រង់ ពួកគេនឹងស្គាល់សេចក្ដីសុចរិត។ 10 ប្រសិនបើទ្រង់លើកលែងទោសឲ្យ មនុស្សអាក្រក់ នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេ គឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុង ស្រុកដ៏សុចរិតនេះ ហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿង របស់អុលឡោះតាអាឡាឡើយ។ 11 ឱអុលឡោះតាអាឡាអើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ទ្រង់កំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលទ្រង់ការពារ ប្រជារាស្ដ្ររបស់ទ្រង់។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។ 12 អុលឡោះតាអាឡាអើយ! ទ្រង់ប្រទានឲ្យយើងខ្ញុំបានសុខសាន្ត អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត ទ្រង់ធ្វើឲ្យបានសម្រេចទាំងអស់។ 13 ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ! ក្រៅពីទ្រង់ យើងខ្ញុំធ្លាប់មានម្ចាស់ជាច្រើន ត្រួតត្រាលើយើងខ្ញុំ ប៉ុន្តែ មានតែនាមទ្រង់មួយប៉ុណ្ណោះ ដែលយើងខ្ញុំចង់គោរពបម្រើ។ 14 អស់អ្នកដែលស្លាប់ផុតទៅហើយ មិនរស់ឡើងវិញទេ អ្នកទាំងនោះក្លាយទៅជាស្រមោល គេមិនវិលត្រឡប់មកវិញឡើយ។ ទ្រង់បានធ្វើទោសពួកគេឲ្យវិនាសសូន្យ ឥតមាននរណានឹកនាដល់ពួកគេទៀត។ 15 ឱអុលឡោះតាអាឡាអើយ ទ្រង់បានធ្វើឲ្យ ប្រជាជាតិយើងកើនចំនួនច្រើនឡើង ទ្រង់លើកតម្កើងសិរីរុងរឿងរបស់ទ្រង់ ហើយពង្រីកព្រំប្រទល់ទឹកដីរបស់យើងខ្ញុំ។ 16 អុលឡោះតាអាឡាអើយ! ពេលមានអាសន្ន យើងខ្ញុំមករកទ្រង់ នៅពេលទ្រង់ដាក់ទោស យើងខ្ញុំទទូចអង្វរករទ្រង់។ 17 ឱអុលឡោះតាអាឡាអើយ! ស្ត្រីមានផ្ទៃពោះហៀបនឹងសំរាលកូន ស្រែកថ្ងូរ ដោយឈឺចុកចាប់យ៉ាងណា យើងខ្ញុំក៏ស្រែកថ្ងូរចំពោះ ទ្រង់យ៉ាងនោះដែរ។ 18 យើងខ្ញុំប្រៀបដូចជាស្ត្រីដែលមានផ្ទៃពោះ យើងខ្ញុំឈឺចុកចាប់ តែឥតបង្កើតអ្វីសោះឡើយ យើងខ្ញុំមិនបាននាំការសង្គ្រោះ មកឲ្យមនុស្សលោកទេ ហើយយើងខ្ញុំក៏មិនបានបង្កើតមនុស្សថ្មី នៅលើផែនដីដែរ។ មនុស្សស្លាប់នឹងរស់ឡើងវិញ ការដាក់ទោសមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិត 19 អុលឡោះតាអាឡាមានបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា អុលឡោះនឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលស្លាប់ទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។ 20 ឱប្រជាជនរបស់ខ្ញុំអើយ! ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយបិទទ្វារឲ្យជិត។ ត្រូវនៅសំងំលាក់ខ្លួន រហូតទាល់តែអុលឡោះលែងខឹង 21 ដ្បិតអុលឡោះតាអាឡាចេញពីដំណាក់ ដើម្បីដាក់ទោសមនុស្សនៅផែនដី ដែលបានប្រព្រឹត្តអំពើទុច្ចរិត។ ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត នៅលើផែនដី នឹងលាក់លែងជិតទៀតហើយ ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ គេសម្លាប់ទៀតដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies