Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 88 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អធិស្ឋានសុំ​ជំនួយ​នៅ​ពេល​ខូច​ចិត្ត
ទំនុក​ជា​បទ​ចម្រៀង​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង។ ត្រូវ​លេង​ដោយ​ខ្លុយ ជា​សេចក្ដី​បង្រៀន​របស់​លោក​ហេម៉ាន អ្នក​ស្រុក​អេស‌រ៉ាគីត។

1 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌សង្គ្រោះ​របស់​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែកអំពាវ​នាវ​នៅ​ចំពោះ​ព្រះ‌អង្គ ទាំង​យប់​ទាំង​ថ្ងៃ។

2 សូម​ឲ្យពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ បាន​ចូលឡើង​ទៅ​ដល់​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សម្រែក របស់​ទូល‌បង្គំ​ផង។

3 ដ្បិត​ព្រលឹង​ទូល‌បង្គំ​មាន​ពេញ ដោយ​សេចក្ដី​វេទនា ហើយ​ជីវិត​ទូល‌បង្គំ​ខិត​ទៅ​ជិត ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ។

4 គេ​រាប់​ទូល‌បង្គំ​ក្នុង​ចំណោម​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ ទូល‌បង្គំ​ជា​មនុស្ស​ដែល​គ្មាន​កម្លាំង

5 ដូច​ជា​អ្នកដែល​ត្រូវ​គេ​បោះ‌បង់​ចោល នៅ​កណ្ដាល​ពួក​មនុស្ស​ស្លាប់ ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ដែល​ដេក​នៅ​ក្នុង​ផ្នូរ ដូច​ជា​អស់​អ្នក​ដែល​ព្រះ‌អង្គ​លែង​នឹក​នា ហើយ​ត្រូវ​បាន​កាត់​ចេញ ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

6 ព្រះ‌អង្គ​បាន​ផ្តេក​ទូល‌បង្គំ​នៅ​ក្នុង​រណ្តៅ​ដ៏​ជ្រៅ នៅ​ក្នុង​ទី​ងងឹត និង​ទី​ជម្រៅ។

7 សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សង្កត់​លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ហើយ​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ទូល‌បង្គំ ដោយ​អស់​ទាំង​រលក​របស់​ព្រះ‌អង្គ។ –បង្អង់

8 ៙ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យគូកន​របស់​ទូល‌បង្គំ គេច​មុខ​ពីទូល‌បង្គំ ក៏​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ត្រឡប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​គេ ទូល‌បង្គំ​ត្រូវ​បង្ខាំង មិន​អាច​គេច​ចេញ​បាន​ឡើយ។

9 ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​សារ​ទុក្ខ​ព្រួយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​អំពាវនាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ ទូល‌បង្គំ​បាន​ប្រទូល​ដៃ​ទៅ​រក​ព្រះ‌អង្គ។

10 តើ​ព្រះ‌អង្គ​ធ្វើ​ការ​អស្ចារ្យ សម្រាប់​មនុស្ស​ស្លាប់​បានឬ? តើ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ ងើប​សរសើរ​ព្រះ‌អង្គ​ដែរ​ឬ? –បង្អង់

11 តើ​គេ​ថ្លែង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​នៅ​ក្នុង​ផ្នូរ ឬ​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ទី​ហិន​វិនាស​កើត​ឬ?

12 តើ​មាន​អ្នក​ណា​ស្គាល់​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ទី​ងងឹត ឬ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ នៅ​ក្នុង​ទឹក​ដីដែល​គេ​ភ្លេច​បាត់​ទៅ​ហើយ​ដែរ​ឬ?

13 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ចូល​មក​ចំពោះ​ព្រះ‌អង្គ។

14 ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ បោះ‌បង់​ព្រលឹង​ទូល‌បង្គំ​ចោល ហេតុ​អ្វី​បានជាព្រះ‌អង្គ លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ?

15 ទូល‌បង្គំ​មាន​ទុក្ខ​វេទនា ហើយ​ជិត​ស្លាប់តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ​ស្ញែង​ខ្លាច ទូល‌បង្គំ​តែល​តោល​គ្មាន​ទី​ពឹង។

16 សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ បាន​គ្រប​លើ​ទូល‌បង្គំ សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ បាន​បំផ្លាញ​ទូល‌បង្គំ។

17 សេចក្ដី​ទាំង​នោះ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ ដូច​ទឹក​ជំនន់ជា​រៀង​រាល់​ថ្ងៃ ក៏រួម​គ្នា​រួប​រឹត​ទូល‌បង្គំទាំង​អស់។

18 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យមនុស្ស​ជា​ទី​ស្រឡាញ់ និង​មិត្ត​ភក្ដិ​របស់​ទូល‌បង្គំ គេច​មុខ​ចេញ​ពី​ទូល‌បង្គំ គូកន​របស់​ទូល‌បង្គំ​បាន​ទុក​ទូល‌បង្គំ​ចោល ក្នុង​ទី​ងងឹត។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម