ហូសេ 14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអំពាវនាវឲ្យប្រែចិត្ត 1 ឱអ៊ីស្រាអែលអើយ ចូរវិលមករកព្រះយេហូវ៉ា ជាព្រះរបស់អ្នកវិញ ដ្បិតអ្នកបានជំពប់ដួល ព្រោះតែអំពើទុច្ចរិតរបស់អ្នក។ 2 ចូររៀបចំពាក្យសម្ដី ហើយវិលមករកព្រះយេហូវ៉ាវិញ ត្រូវឲ្យទូលព្រះអង្គថា សូមដកអំពើទុច្ចរិតទាំងប៉ុន្មានចេញ សូមទទួលយើងខ្ញុំដោយព្រះគុណផង ដើម្បីឲ្យយើងខ្ញុំបានថ្វាយផល នៃបបូរមាត់របស់យើងខ្ញុំ។ 3 ស្រុកអាសស៊ើរមិនអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏មិនព្រមជិះសេះទៀតដែរ យើងខ្ញុំលែងពោលទៅស្នាដៃរបស់យើងខ្ញុំ ថាជា "ព្រះរបស់យើងខ្ញុំ" ទៀតហើយ ដ្បិតនៅក្នុងព្រះអង្គ កូនកំព្រារកបានសេចក្ដីមេត្តាករុណា។ ព្រះបន្ទូលសន្យាអំពីការអត់ទោស 4 យើងនឹងប្រោសចិត្តដែលផិតក្បត់របស់គេឲ្យជា យើងនឹងស្រឡាញ់គេដោយស្ម័គ្រពីចិត្ត ដ្បិតកំហឹងរបស់យើង បានបែរចេញពីគេហើយ។ 5 យើងនឹងបានដូចទឹកសន្សើមដល់អ៊ីស្រាអែល គេនឹងចេញផ្កាដូចផ្កាច័ន្ធូ ហើយចាក់ឫសដូចដើមឈើនៅព្រៃល្បាណូន។ 6 មែករបស់គេនឹងត្រសាយចេញទៅ ឯលម្អរបស់គេនឹងបានដូចដើមអូលីវ ហើយមានក្លិនដូចក្លិននៅព្រៃល្បាណូន។ 7 គេនឹងវិលមកវិញ ហើយជ្រកនៅក្រោមម្លប់របស់យើង គេនឹងលាស់ឡើងដូចសម្ទូងបែកគុម្ព គេនឹងចេញផ្កា ដូចដើមទំពាំងបាយជូរ កេរ្ដិ៍ឈ្មោះរបស់គេនឹងបានដូចជាស្រាទំពាំងបាយជូរ មកពីស្រុកល្បាណូន។ 8 ឱអេប្រាអិមអើយ តើរូបព្រះធៀបជាមួយយើងម្ដេចបាន? យើងនេះហើយដែលឆ្លើយតប ហើយថែរក្សាអ្នក ។ យើងប្រៀបដូចជាដើមកកោះខៀវខ្ចី អ្នករកបានផលរបស់អ្នកពីយើង។ 9 អ្នកណាដែលមានប្រាជ្ញា ចូរឲ្យអ្នកនោះយល់សេចក្ដីទាំងនេះចុះ អ្នកណាដែលមានគំនិតវាងវៃ ចូរឲ្យអ្នកនោះស្គាល់សេចក្ដីទាំងនេះទៅ។ ដ្បិតអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ មនុស្សទៀងត្រង់នឹងដើរក្នុងផ្លូវទាំងនោះ តែមនុស្សទុច្ចរិតនឹងជំពប់ដួលក្នុងផ្លូវនោះវិញ។:៚ |
© 2016 United Bible Societies
Bible Society in Cambodia