Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ព្រះ‌ជាម្ចាស់​ប្រទាន​ជ័យ‌ជម្នះ​ឲ្យ​ប្រជា‌រាស្ដ្រ​ព្រះអង្គ

1 នៅ​ថ្ងៃ​នោះ ក្នុង​ស្រុក​យូដា គេ​នឹង​ច្រៀង​បទ​ចម្រៀង​ដូច​ត​ទៅ: «យើង​មាន​ក្រុង​មួយ​ដ៏​រឹង‌មាំ ព្រះ‌អម្ចាស់​ប្រទាន​ការ​សង្គ្រោះ​មក​យើង ទុក​ជា​កំពែង និង​ជញ្ជាំង ការពារ​យើង។

2 ចូរ​បើក​ទ្វារ​ឲ្យ​ប្រជា‌ជាតិ​ដ៏​សុចរិត ដែល​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចូល​ផង!

3 ព្រះអង្គ​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ជានិច្ច​និរន្តរ៍ ដល់​ប្រជា‌ជាតិ​នេះ ព្រោះ​គេ​មាន​ជំហរ​រឹង‌ប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។

4 ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ជានិច្ច​ចុះ! ដ្បិត​ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

5 ព្រះអង្គ​បន្ទាប​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រះអង្គ​ផ្ដួល​រំលំ​ក្រុង​ដែល​ស្ថិត​នៅ​ទី​ខ្ពស់ៗ ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី

6 មនុស្ស​ទន់‌ទាប និង​មនុស្ស​ទន់​ខ្សោយ នឹង​ដើរ​ជាន់​ក្រុង​នោះ»។

7 ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​បង្ហាញ​ឲ្យ មនុស្ស​សុចរិត​ស្គាល់​មាគ៌ា​ដ៏​ទៀង​ត្រង់ ព្រះអង្គ​ពង្រាប​មាគ៌ា​របស់​មនុស្ស​សុចរិត ឲ្យ​រាប​ស្មើ។

8 ឱ​ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា ដែល​ព្រះអង្គ​បាន​ត្រួស‌ត្រាយ​ទុក ចិត្ត​យើង​ខ្ញុំ​ប្រាថ្នា​ចង់​តែ​ថ្លែង​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ប៉ុណ្ណោះ។

9 នៅ​ពេល​យប់ ទូលបង្គំ​ចង់​នៅ​ជិត​ព្រះអង្គ ទូលបង្គំ​ក៏​ស្វែង​រក​ព្រះអង្គ​អស់​ពី​ដួង​ចិត្ត​ដែរ។ ពេល​ព្រះអង្គ​ដាក់​ទោស​មនុស្ស​នៅ​លើ​ផែនដី ស្រប​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះអង្គ ពួក​គេ​នឹង​ស្គាល់​សេចក្ដី​សុចរិត។

10 ប្រសិន​បើ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ មនុស្ស​អាក្រក់ នោះ​គេ​នឹង​មិន​ដឹង​ថា សេចក្ដី​សុចរិត​ជា​អ្វី​ទេ គឺ​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង ស្រុក​ដ៏​សុចរិត​នេះ ហើយ​មិន​យល់​ពី​ភាព​ថ្កុំ‌ថ្កើង​រុងរឿង របស់​ព្រះ‌អម្ចាស់​ឡើយ។

11 ឱ​ព្រះ‌អម្ចាស់​អើយ! អ្នក​ទាំង​នោះ​ពុំ​ចាប់​អារម្មណ៍​ថា ព្រះអង្គ​កំពុង​តែ​គំរាម​ពួក​គេ​ទេ។ សូម​ឲ្យ​បច្ចា‌មិត្ត​ត្រូវ​អាម៉ាស់ ដោយ​ឃើញ​របៀប​ដែល​ព្រះអង្គ​ការពារ ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ សូម​ឲ្យ​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ។

12 បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​សុខ‌សាន្ត អ្វីៗ​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ព្រះអង្គ​ធ្វើ​ឲ្យ​បាន​សម្រេច​ទាំង​អស់។

13 ឱព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! ក្រៅ​ពី​ព្រះអង្គ យើង​ខ្ញុំ​ធ្លាប់​មាន​ម្ចាស់​ជា​ច្រើន ត្រួត‌ត្រា​លើ​យើង​ខ្ញុំ ប៉ុន្តែ មាន​តែ​ព្រះ‌នាម​ព្រះអង្គ​មួយ​ប៉ុណ្ណោះ ដែល​យើង​ខ្ញុំ​ចង់​គោរព​បម្រើ។

14 អស់​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​រស់​ឡើង​វិញ​ទេ អ្នក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ស្រមោល គេ​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ។ ព្រះអង្គ​បាន​ធ្វើ​ទោស​ពួក​គេ​ឲ្យ​វិនាស​សូន្យ ឥត​មាន​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។

15 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ធ្វើ​ឲ្យ ប្រជា‌ជាតិ​យើង​កើន​ចំនួន​ច្រើន​ឡើង ព្រះអង្គ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​ពង្រីក​ព្រំ‌ប្រទល់​ទឹក​ដី​របស់​យើង​ខ្ញុំ។

16 ព្រះ‌អម្ចាស់​អើយ! ពេល​មាន​អាសន្ន យើង​ខ្ញុំ​មក​រក​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ដាក់​ទោស យើង​ខ្ញុំ​ទទូច​អង្វរ​ករ​ព្រះអង្គ។

17 ឱ​ព្រះ‌អម្ចាស់​អើយ! ស្ត្រី​មាន​ផ្ទៃ​ពោះ​ហៀប​នឹង​សម្រាល​កូន ស្រែក​ថ្ងូរ ដោយ​ឈឺ​ចុក​ចាប់​យ៉ាង​ណា យើង​ខ្ញុំ​ក៏​ស្រែក​ថ្ងូរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់ ព្រះអង្គ​យ៉ាង​នោះ​ដែរ។

18 យើង​ខ្ញុំ​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ យើង​ខ្ញុំ​ឈឺ​ចុក​ចាប់ តែ​ឥត​បង្កើត​អ្វី​សោះ​ឡើយ យើង​ខ្ញុំ​មិន​បាន​នាំ​ការ​សង្គ្រោះ មក​ឲ្យ​មនុស្ស​លោក​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​បាន​បង្កើត​មនុស្ស​ថ្មី នៅ​លើ​ផែនដី​ដែរ។


មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ការ​ដាក់​ទោស​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត

19 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​នឹង​រស់​ឡើង​វិញ! សាក‌សព​របស់​គេ​នឹង​ក្រោក​ឡើង! អស់​អ្នក​ដែល​ដេក​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង! ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ​រីក‌រាយ​ទៅ! ទឹក​សន្សើម​ធ្លាក់​ចុះ​មក​ស្រោច​ស្រព​ផែនដី ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង​យ៉ាង​ណា ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពន្លឺ​មក ប្រោស​អស់​អ្នក​ដែល​ចែក​ស្ថាន​ទៅ​ហើយ ឲ្យ​ចេញ​ពី​ដី មាន​ជីវិត​ឡើង​វិញ​យ៉ាង​នោះ​ដែរ។

20 ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ! ចូរ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា ហើយ​បិទ​ទ្វារ​ឲ្យ​ជិត។ ត្រូវ​នៅ​សម្ងំ​លាក់​ខ្លួន រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ

21 ដ្បិត​ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់ ដើម្បី​ដាក់​ទោស​មនុស្ស​នៅ​ផែនដី ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ពេល​នោះ អំពើ​ឧក្រិដ្ឋ​ដែល​មនុស្ស​ប្រព្រឹត្ត នៅ​លើ​ផែនដី នឹង​លាក់​លែង​ជិត​ទៀត​ហើយ ហើយ​ផែនដី​ក៏​នឹង​លែង​លាក់​អស់​អ្នក​ដែល​ត្រូវ គេ​សម្លាប់​ទៀត​ដែរ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម