Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហូសេ 13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​ជំនុំ​ជម្រះ​ឥត​ឈប់​ឈរ​ធ្លាក់​មក​លើ​អ៊ីស្រា‌អែល

1 ពី​ដើម​កាល​អេប្រាអិម​និយាយ មនុស្ស​រន្ធត់​ញាប់‌ញ័រ គេ​បាន​ថ្កើង​ឡើង​ក្នុង​ពួក​អ៊ីស្រា‌អែល តែ​គេ​មាន​ទោស​ពី​ដំណើរ​ព្រះ​បាល ហើយ​ក៏​ស្លាប់​ទៅ។

2 ឥឡូវ​នេះ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប គេ​សិត​ធ្វើ​រូប​សម្រាប់​ខ្លួន​គេ គឺ​គេ​យក​ប្រាក់​របស់​គេ​មក​សិត​ធ្វើ​រូប តាម​ទេព​កោសល្យ​របស់​ខ្លួន ដែល​រូប​ទាំង​នោះ សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា "ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ទៅ!"។

3 ហេតុ​នេះ គេ​នឹង​បាន​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​សូន្យ​បាត់​យ៉ាង​ឆាប់ ដូច​ជា​អង្កាម​ដែល​ខ្យល់​កួច​ផាត់​ចេញ​ពី​លាន​ស្រូវ ក៏​ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ជើង​ក្រាន។

4 ប៉ុន្ដែ យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីព្ទ អ្នក​មិន​ស្គាល់​ព្រះ​ណា​ក្រៅ​ពី​យើង​ឡើយ ហើយ​ក្រៅ​ពី​យើង ក៏​គ្មាន​ព្រះ‌សង្គ្រោះ​ណា​ដែរ។

5 គឺ​យើង​នេះ​ហើយ​ដែល​ថែ​ទាំ​អ្នក​នៅ​ទី​រហោ‌ស្ថាន គឺ​នៅ​លើ​ទឹក​ដី​ហួត‌ហែង

6 តែ​ពេល​គេមក​ដល់​កន្លែង​សម្បូណ៌​សប្បាយ គេ​ក៏​បាន​បរិភោគ​ឆ្អែត​ឆ្អន់ ហើយ​កាល​គេ​បាន​ស្កប់​ស្កល់​ហើយ គេ​ក៏​មាន​ចិត្ត​ប៉ោង​ឡើង ហេតុ​នេះ​ហើយ​បាន​ជា​គេ​បំ​ភ្លេច​យើង។

7 ដូច្នេះ យើង​នឹង​ត្រឡប់​ដូច​ជា​សិង្ហ​ដល់​គេ យើង​នឹង​លប​ចាំ​តាម​ផ្លូវ​ដូច​ជា​ខ្លា​រខិន។

8 យើង​នឹង​សង្រ្គុប​លើ​គេ ដូច​ខ្លា​ឃ្មុំ​ដែល​ព្រាត់​កូន យើង​នឹង​ហែក​ស្រោម​បេះ​ដូង​របស់​គេ នៅ​ទី​នោះ យើង​នឹង​ត្របាក់​ស៊ី​គេ ដូច​សិង្ហ​ញី គឺ​នឹង​ហែក​គេ ដូច​សត្វ​ព្រៃ​ហែក​ចំណី។

9 ឱ​អ៊ីស្រា‌អែល​អើយ យើង​នឹង​បំផ្លាញ​អ្នក ដ្បិត​អ្នក​ទាស់​ប្រឆាំង​នឹង​យើង គឺ​ប្រឆាំង​នឹង​អ្នក​ដែល​ជួយ​សង្គ្រោះ​អ្នក។

10 ឥឡូវ​នេះ តើ​ស្តេច​របស់​អ្នក​នៅ​ឯណា ម្ដេច​មិន​ឃើញ​គេ​ជួយ​សង្គ្រោះ​អ្នក នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ផង​ទៅ? តើ​ពួក​មេ​ដឹក​នាំ​របស់​អ្នក គឺ​អស់​អ្នក​ដែល​អ្នក​បាន​ពោល​ទៅ​គេ​ថា "សូម​ឲ្យ​យើង​មាន​ស្តេច និង​ពួក​មេ​ដឹក​នាំមក៍" នោះ​នៅ​ឯណា?

11 យើង​បាន​ឲ្យ​អ្នក​មាន​ស្តេច ទាំង​ចិត្ត​យើង​ខឹង ហើយ​ក៏​បាន​ដក​ស្តេច​នោះ​ចេញ ទាំង​ចិត្ត​យើង​ក្រេវ​ក្រោធ។

12 អំពើ​ទុច្ចរិត​របស់​អេប្រាអិម​បាន​ខ្ចប់​ទុក​ហើយ ឯ​អំពើ​បាប​របស់​គេ​ក៏​បាន​សន្សំ​ទុក​ដែរ។

13 ការ​ឈឺ​ចាប់​ដូច​ស្រ្ដី​សម្រាល​កូន បាន​មក​ដល់​គេ​ហើយ គេ​ជា​កូន​ដែល​អាប់​ឥត​ប្រាជ្ញា ដ្បិត​ដល់​ពេល​កើត វា​មិន​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ។

14 តើ​យើង​ត្រូវ​ដោះ​គេ​ចេញ​ពី​អំណាច នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឬ? តើ​យើង​ត្រូវ​លោះ​គេឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ឬ? ឱ​សេចក្ដី​ស្លាប់​អើយ តើទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា? ឱ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ តើ​ការ​ហិន​វិនាស​របស់​ឯង​នៅ​ឯ​ណា? សេចក្ដី​អាណិត​អាសូរ​ពួន​បាត់ ពី​ភ្នែក​របស់​យើង​ហើយ។

15 ទោះ​បើ​គេ​បាន​ចម្រុង​ចម្រើន នៅ​ក្នុង​ចំណោម​ពួក​បង‌ប្អូន​របស់​ខ្លួន​ក៏​ដោយ ក៏​ខ្យល់​ពី​ទិស​ខាង​កើត​នឹង​បក់​មក គឺ​ជា​ខ្យល់​របស់​ព្រះ‌យេហូវ៉ា ដែល​បក់​មក​ពី​ទី​រហោ‌ស្ថាន នោះ​ក្បាល​ទឹក​គេ​នឹង​រីង​ស្ងួត រន្ធ​ទឹក​របស់​គេ​នឹង​ហួត‌ហែង​ទៅ ខ្យល់​នោះ​នឹង​បក់​ផាត់​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ឃ្លាំង​របស់​គេ​អស់។

16 សាម៉ារី​នឹង​ត្រូវ​រង​ទ្រាំ​ទោស​របស់​ខ្លួន ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ កូន​តូចៗ​របស់​គេ​នឹង​ត្រូវ​សត្រូវ​បោក​ខ្ទេច​ខ្ចី ហើយ​ស្ដ្រី​ដែល​មាន​ទម្ងន់​នឹង​ត្រូវ​វះ​ពោះ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម