ហូសេ 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងដើរជាប់តាមព្រះយេហូវ៉ា ព្រះអង្គនឹងគ្រហឹមដូចជាសិង្ហ ពេលព្រះអង្គគ្រហឹម ពួកកូនរបស់ព្រះអង្គនឹងរត់មក ពីទិសខាងលិចទាំងញាប់ញ័រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងដើរតាមព្រះអម្ចាស់ ព្រះអង្គនឹងបន្លឺព្រះសូរសៀងដូចសត្វសិង្ហ ពេលឮព្រះអង្គបន្លឺព្រះសូរសៀង កូនចៅរបស់ព្រះអង្គនឹងប្រញាប់រត់ចេញ ពីស្រុកខាងលិចទាំងញ័ររន្ធត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងដើរជាប់តាមព្រះយេហូវ៉ាទ្រង់នឹងបញ្ចេញព្រះសូរសៀងដូចជាសិង្ហ កាលណាទ្រង់បញ្ចេញព្រះសូរសៀង នោះពួកកូននឹងរត់មកពីទិសខាងលិចទាំងញាប់ញ័រ អាល់គីតាប ពួកគេនឹងដើរតាមអុលឡោះតាអាឡា ទ្រង់នឹងបន្លឺសំឡេងដូចសត្វសិង្ហ ពេលឮទ្រង់បន្លឺសំឡេង កូនចៅរបស់ទ្រង់នឹងប្រញាប់រត់ចេញ ពីស្រុកខាងលិចទាំងញ័ររន្ធត់។ |
រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។
នៅគ្រានោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ តែវាមិនភ័យខ្លាច ដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ។
ព្រះយេហូវ៉ានឹងយាងចេញទៅ ដូចជាមនុស្សខ្លាំងពូកែ ព្រះអង្គនឹងបណ្ដាលសេចក្ដីឧស្សាហ៍ឡើង ដូចជាមនុស្សថ្នឹកចម្បាំង ព្រះអង្គនឹងស្រែកឡើង ព្រះអង្គនឹងស្រែកជាខ្លាំង ហើយនឹងបង្ក្រាបពួកសត្រូវដោយឫទ្ធានុភាព។
គេមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅ ឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ព្រះអង្គនឹងនាំគេទៅ ព្រះអង្គនឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក។
ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីធ្វើឲ្យពួកខ្មាំងសត្រូវព្រះអង្គបានស្គាល់ព្រះនាមព្រះអង្គ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះព្រះអង្គ
ដ្បិតរបស់ទាំងនេះ គឺដៃយើងដែលបានបង្កើតមក គឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ប៉ុន្តែ យើងនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក និងមានចិត្តខ្ទេចខ្ទាំ ជាអ្នកញាប់ញ័រ ដោយឮពាក្យរបស់យើង។
អ្នករាល់គ្នាដែលញាប់ញ័រ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ាអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអង្គចុះ ពួកបងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នក ជាពួកអ្នកដែលកាត់អ្នករាល់គ្នាចេញ ដោយព្រោះឈ្មោះយើង គេបានពោលថា ចូរអ្នករាល់គ្នាតម្កើងព្រះយេហូវ៉ា ដើម្បីឲ្យយើងបានឃើញអំណររបស់អ្នកផង ប៉ុន្តែ គេនឹងត្រូវអៀនខ្មាសវិញ។
«ចូរទៅចុះ ហើយស្រែកដាក់ត្រចៀក ពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺយើងនឹកចាំពីអ្នកកាលនៅក្មេង ដែលអ្នកមានចិត្តកួចចំពោះយើង ហើយពីសេចក្ដីស្រឡាញ់របស់អ្នក កាលទើបនឹងបានគ្នា គឺដែលអ្នកបានដើរតាមយើង នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ
ដូច្នេះ ចូរថ្លែងទំនាយតាមពាក្យទាំងនេះទាស់នឹងគេ ហើយប្រាប់គេថា ព្រះយេហូវ៉ានឹងគ្រហឹមពីខាងលើ ហើយបព្ចោញព្រះសូរសៀង ពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គនឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលព្រះអង្គ ក៏ស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់ ដូចជាសម្រែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ
គេនឹងមកទាំងយំ និងទាំងពាក្យទូលអង្វរសូមសេចក្ដីមេត្តាករុណា យើងនឹងនាំគេត្រឡប់មកវិញ យើងនឹងឲ្យគេដើរក្បែរកន្លែងដែលមានទឹកហូរ តាមផ្លូវត្រង់ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតយើងជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់យើង។
ឯទីក្រុងនេះ នឹងបានសម្រាប់ជាហេតុនាំឲ្យអរសប្បាយដល់យើង សម្រាប់ជាសេចក្ដីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលយើងប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្ដីល្អ និងសេចក្ដីសុខទាំងប៉ុន្មាន ដែលយើងផ្តល់ដល់ក្រុងនេះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាមិនកោតខ្លាចដល់យើងទេឬ? តើអ្នករាល់គ្នាមិនញាប់ញ័រនៅចំពោះយើងទេឬ? ដែលយើងបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តិនៅជានិច្ច ដើម្បីមិនឲ្យហូររំលង ហើយទោះបើរលកបោកមាត់ច្រាំង គង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គឺនៅវេលានោះឯង ពួកកូនចៅអ៊ីស្រាអែលនឹងមក ទាំងខ្លួនគេ និងពួកកូនចៅយូដាទាំងអស់គ្នា គេនឹងដើរតាមផ្លូវ ទាំងយំបណ្តើរ ហើយស្វែងរកព្រះយេហូវ៉ាជាព្រះរបស់គេ។
បើអ្នកមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា និងពួកស្ត្រីមេម៉ាយ ហើយមិនកម្ចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ
តើអ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលអ្នកមិនបានស្គាល់ពីដើម
គ្រានោះ អស់ទាំងសេដ្ឋីជើងសមុទ្រ នឹងចុះពីវេទិការបស់ខ្លួន ដោះសម្លៀកបំពាក់ចេញ ហើយផ្លាស់អាវប៉ាក់ គេនឹងភ័យខ្លាច ហើយអង្គុយនៅដីវិញ ដោយញាប់ញ័រជានិច្ច ព្រមទាំងស្រឡាំងកាំង ដោយព្រោះអ្នក។
ក្រោយមក ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់គេ ហើយដាវីឌ ជាស្តេចរបស់គេ។ នៅគ្រាចុងក្រោយ គេនឹងចូលមករកព្រះយេហូវ៉ាទាំងញាប់ញ័រ ហើយមកទទួលសេចក្ដីសប្បុរសរបស់ព្រះអង្គ។
ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីភ្នំស៊ីយ៉ូន ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម ផ្ទៃមេឃ និងផែនដីកក្រើករំពើក តែព្រះយេហូវ៉ាជាជម្រកដល់ប្រជារាស្ត្ររបស់ព្រះអង្គ ជាទីមាំមួនដល់ប្រជាជនអ៊ីស្រាអែល។
លោកពោលថា ព្រះយេហូវ៉ាគ្រហឹមពីស៊ីយ៉ូន ហើយបញ្ចេញព្រះសូរសៀងពីក្រុងយេរូសាឡិម នោះវាលស្មៅរបស់ពួកគង្វាលក៏សោកសៅ ហើយកំពូលភ្នំកើមែលក៏ហួតហែងទៅ។
តើសិង្ហគ្រហឹមនៅក្នុងព្រៃ នៅពេលចាប់រំពាមិនទាន់បានឬ? បើសិង្ហស្ទាវចាប់មិនបានអ្វីសោះ តើវាស្រែកពីក្នុងរូងរបស់វាឬ?
សិង្ហបានគ្រហឹមហើយ តើមានអ្នកណាមិនខ្លាច? ព្រះអម្ចាស់ព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ តើមានអ្នកណាទប់មិនថ្លែងទំនាយបាន?
នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះ របស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាម នៃព្រះយេហូវ៉ាជាព្រះរបស់យើងដរាបតទៅ។
ខ្ញុំបានឮ ហើយខ្ញុំក៏ញ័ររន្ធត់ បបូរមាត់ខ្ញុំក៏ញ័រ ដោយឮសំឡេងនោះ ក្នុងឆ្អឹងរបស់ខ្ញុំពុកទៅៗ ខ្ញុំក៏ទន់ជើងនៅស្ងៀម ព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់។
យើងនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេចេញពីស្រុកអាសស៊ើរ យើងនឹងនាំគេមកស្រុកកាឡាត និងស្រុកល្បាណូន ទាល់តែគ្មានកន្លែងសល់ទៀត។
យើងនឹងចម្រើនកម្លាំងគេក្នុងព្រះយេហូវ៉ា ហើយគេនឹងដើរចុះឡើង ដោយនូវព្រះនាមព្រះអង្គ» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងឲ្យរួចពីស្រុកខាងកើត និងពីស្រុកខាងលិចដែរ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។
កាលលោកបានវែកញែកអំពីសេចក្តីសុចរិត ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលនឹងមកដល់ នោះលោកភេលីចក៏ភ័យ ហើយមានប្រសាសន៍ថា៖ «ឥឡូវនេះ ចេញទៅវិញសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងហៅអ្នកមកទៀត»។
ជាពិសេសអស់អ្នកដែលប្រព្រឹត្តអំពើស្មោកគ្រោក តាមសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ហើយមើលងាយសិទ្ធិអំណាច។ ពួកគេព្រហើន មានក្បាលរឹង មិនខ្លាចនឹងជេរប្រមាថពួកអ្នកដែលប្រកបដោយសេរីល្អឡើយ
លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំង ដូចសំឡេងសិង្ហគ្រហឹម។ ពេលទេវតានោះបន្លឺសំឡេងឡើង ផ្គរលាន់ទាំងប្រាំពីរក៏លាន់ឮឡើងដែរ។