វិវរណៈ 10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទេវតាប្រគល់ក្រាំងមួយតូចឲ្យលោកយ៉ូហាន 1 ខ្ញុំឃើញទេវតាដ៏ពូកែមួយទៀត ចុះពីលើមេឃមក មានពពកព័ទ្ធជុំវិញខ្លួន ហើយមានឥន្ទធនូនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចជាបង្គោលភ្លើង។ 2 លោកកាន់ក្រាំងមួយតូចបើកនៅនឹងដៃ លោកឈានជើងស្តាំទៅលើសមុទ្រ ហើយជើងឆ្វេងទៅលើដីគោក 3 លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំង ដូចសំឡេងសិង្ហគ្រហឹម។ ពេលទេវតានោះបន្លឺសំឡេងឡើង ផ្គរលាន់ទាំងប្រាំពីរក៏លាន់ឮឡើងដែរ។ 4 កាលបានឮផ្គរលាន់ទាំងប្រាំពីរនោះរួចហើយ នោះខ្ញុំហៀបនឹងសរសេរ តែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះទៅ កុំឲ្យកត់សេចក្ដីទាំងនោះឡើយ»។ 5 ពេលនោះ ទេវតាដែលខ្ញុំឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្តាំទៅលើមេឃ 6 ហើយស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើផ្ទៃមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី ព្រមទាំងសមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ ថា «គ្មានពេលបង្អង់ទៀតឡើយ 7 តែនៅគ្រាដែលសំឡេងត្រែរបស់ទេវតាទីប្រាំពីរត្រូវផ្លុំឡើង នោះសេចក្ដីអាថ៌កំបាំងរបស់ព្រះនឹងបានសម្រេច ដូចព្រះអង្គបានប្រកាសប្រាប់ពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គ»។ 8 បន្ទាប់មក ខ្ញុំឮសំឡេងពីលើមេឃនិយាយមកខ្ញុំម្តងទៀតថា៖ «ចូរទៅយកក្រាំងដែលបើកស្រាប់នៅនឹងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។ 9 ដូច្នេះ ខ្ញុំក៏ដើរទៅរកទេវតានោះ ហើយសូមលោកឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ ទេវតានោះពោលមកខ្ញុំថា៖ «ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងល្វីងនៅក្នុងពោះអ្នក តែនៅក្នុងមាត់នឹងផ្អែមដូចទឹកឃ្មុំវិញ»។ 10 ខ្ញុំក៏យកក្រាំងតូចនោះពីដៃទេវតាមកបរិភោគ ហើយនៅក្នុងមាត់ខ្ញុំផ្អែមដូចទឹកឃ្មុំ តែកាលខ្ញុំបានបរិភោគរួចហើយ នោះក៏ល្វីងនៅក្នុងពោះខ្ញុំមែន។ 11 បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងទំនាយម្តងទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសា និងអំពីស្តេចជាច្រើនផង»។ |
© 2016 United Bible Societies
Bible Society in Cambodia