ហូសេ 11 - អាល់គីតាបការរមិលគុណរបស់ជនជាតិអ៊ីស្រអែល 1 «កាលអ៊ីស្រអែលនៅពីក្មេង យើងបានស្រឡាញ់អ៊ីស្រអែល យើងហៅបុត្រារបស់យើងចេញពី ស្រុកអេស៊ីប។ 2 យើងបានហៅគេមកយ៉ាងណា គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា សែនព្រះបាលទាំងឡាយ ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា ចំពោះរូបបដិមា។ 3 យើងនេះហើយដែលបានកាន់ដៃ និងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។ 4 យើងបានណែនាំគេដោយចិត្តអាណិតអាសូរ និងដោយចិត្តស្រឡាញ់។ យើងបានថ្នាក់ថ្នមគេ ដូចឪពុកលើកកូនមកបីថើប ហើយយើងអោនកាយបញ្ចុកចំណីដល់គេ។ 5 ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ ជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក យើងវិញទេ។ 6 សង្គ្រាមនឹងបំផ្លិចបំផ្លាញក្រុងរបស់ពួកគេ ព្រមទាំងរំលំកំពែងការពារក្រុង ហើយកំទេចអ្វីៗទាំងអស់។ នេះហើយជាលទ្ធផលនៃនយោបាយ របស់អ៊ីស្រអែល។ 7 ប្រជាជនរបស់យើងនៅតែរឹងចចេស បោះបង់ចោលយើងរហូត យើងហៅពួកគេឲ្យងើបមើលមកយើង តែគ្មាននរណារវីរវល់តម្កើងយើងទេ។ 8 អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ អ្នកយ៉ាងដូចម្ដេច? អ៊ីស្រអែលអើយ តើយើងអាចប្រគល់អ្នក ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ? តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច ក្រុងអាដម៉ាឬ? តើយើងគួរធ្វើឲ្យអ្នកបានដូច ក្រុងសេបោឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។ 9 យើងមិនអាចប្រព្រឹត្ត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម ព្រោះយើងជាអុលឡោះ មិនមែនជាមនុស្សទេ! យើងជាម្ចាស់ដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក យើងមិនមែនមក ដោយកំហឹងឡើយ។ 10 ពួកគេនឹងដើរតាមអុលឡោះតាអាឡា ទ្រង់នឹងបន្លឺសំឡេងដូចសត្វសិង្ហ ពេលឮទ្រង់បន្លឺសំឡេង កូនចៅរបស់ទ្រង់នឹងប្រញាប់រត់ចេញ ពីស្រុកខាងលិចទាំងញ័ររន្ធត់។ 11 ពួកគេប្រញាប់រត់ចេញពីស្រុកអេស៊ីប ដូចហ្វូងចាបទាំងញ័ររន្ធត់ ហើយរត់ចេញពីស្រុកអាស្ស៊ីរីដូចហ្វូងព្រាប យើងនឹងនាំពួកគេមករស់នៅក្នុងលំនៅដ្ឋាន របស់ខ្លួនវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies