យ៉ូប 37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ពេលនេះធ្វើឲ្យបេះដូងខ្ញុំញ័រ វាលោតខុសចង្វាក់ហើយ។ 2 ចូរស្តាប់ ឱសូមស្តាប់សូរគឹកកង នៃសំឡេងព្រះអង្គផង គឺជាសូររំពងពីព្រះឧស្ឋរបស់ព្រះអង្គ 3 ព្រះអង្គតែងកម្ចាយឲ្យឮពេញក្រោមផ្ទៃមេឃ ព្រះអង្គឲ្យឃើញផ្លេកបន្ទោររបស់ព្រះអង្គ ទៅដល់ចុងផែនដីបំផុត 4 រួចមកមានឮសូរគំរាមគ្រាំគ្រេង ព្រះអង្គបញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពព្រះអង្គ ព្រះអង្គមិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងព្រះអង្គបានឮនោះទេ។ 5 ព្រះបញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ ក៏ធ្វើការយ៉ាងធំដែលយើងរាល់គ្នា រកយល់មិនបាន។ 6 ដ្បិតព្រះអង្គបង្គាប់ដល់ហិមៈថា "ចូរធ្លាក់ទៅលើផែនដី" ក៏បង្គាប់ដល់ភ្លៀងមួយមេ និងភ្លៀងធំរបស់ព្រះអង្គយ៉ាងដូច្នោះដែរ។ 7 ព្រះអង្គបំបិទដៃមនុស្សទាំងឡាយ ដើម្បីឲ្យមនុស្សទាំងប៉ុន្មាន ដែលព្រះអង្គបានបង្កើតបានដឹង។ 8 គ្រានោះ សត្វព្រៃរកទីជ្រក ហើយក៏នៅតែក្នុងរូងរបស់វា។ 9 ខ្យល់ព្យុះផាត់មកពីទិសខាងត្បូង ហើយរងាក៏មកពីខាងជើង។ 10 ព្រះទ្រង់ប្រទានឲ្យមានទឹកកក ដោយសារខ្យល់ដង្ហើមព្រះអង្គ ឯទីទឹកទាំងប៉ុន្មានក៏កករួញទៅដែរ។ 11 ព្រះអង្គផ្ទុកពពកយ៉ាងក្រាស់ ដោយចំហាយទឹក ហើយព្រះអង្គផ្សាយពពក នៃផ្លេកបន្ទោរព្រះអង្គឲ្យសុសសាយ។ 12 ពពកនោះក៏អណ្តែត្រសែត ទៅតាមព្រះហឫទ័យព្រះអង្គ ដើម្បីឲ្យបានធ្វើគ្រប់ទាំងអស់ដែលព្រះអង្គបង្គាប់ នៅលើទីផ្សេងៗនៅផែនដី ដែលមានមនុស្សនៅ។ 13 ព្រះអង្គធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសម្រាប់ស្រោចដីគេ ដោយសេចក្ដីសប្បុរសរបស់ព្រះអង្គ។ 14 ឱលោកយ៉ូបអើយ សូមស្តាប់សេចក្ដីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណា អស់ទាំងការអស្ចារ្យរបស់ព្រះសិន។ 15 តើលោកជ្រាបពីព្រះដាក់កម្រិតរបស់ទាំងនោះ ជាយ៉ាងណា ពីព្រះអង្គធ្វើឲ្យផ្លេកបន្ទោរ នៃពពកព្រះអង្គភ្លឺផ្លេកៗដូចម្តេចឬទេ? 16 តើលោកយល់ពីទម្ងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះ ដ៏មានតម្រិះសព្វគ្រប់ឬទេ? 17 តើលោកជ្រាបពីហេតុអ្វី ដែលសម្លៀកបំពាក់លោកក្តៅពេក ក្នុងកាលដែលផែនដីស្ងប់ ដោយខ្យល់បក់មកពីខាងត្បូងឬ? 18 តើលោកអាចនឹងជួយព្រះអង្គក្នុងការផែផ្ទៃមេឃ រឹងជាងផែនកញ្ចក់សិតបានឬទេ? 19 សូមបង្ហាញសេចក្ដីដែលយើងរាល់គ្នា ត្រូវទូលដល់ព្រះអង្គ ដ្បិតនៅក្នុងសេចក្ដីងងឹតដែលគ្របលើយើង នោះយើងមិនចេះរៀបចំពាក្យសម្ដីទេ។ 20 តើត្រូវមានអ្នកណាទូលព្រះអង្គ ពីខ្ញុំកំពុងតែទូលឬ? បើអ្នកណាទូល នោះនឹងត្រូវលេបបាត់ជាពិតប្រាកដ។ 21 រីឯមនុស្ស គេមើលថ្ងៃដែលភ្លឺ នៅលើមេឃមិនឃើញទេ ទាល់តែមានខ្យល់បក់មកផាត់ ពពកឲ្យស្រឡះទៅ។ 22 ពីទិសខាងជើងមានចេញជារស្មីដ៏រុងរឿង តែព្រះមានឫទ្ធានុភាពគួរស្ញែងខ្លាច។ 23 ឯព្រះដ៏មានគ្រប់ព្រះចេស្តា យើងរាល់គ្នាពុំអាចនឹងរកព្រះអង្គឃើញទេ ព្រះអង្គមានតេជានុភាពដ៏ខ្ពស់បំផុត តែដោយព្រះអង្គមានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតពោរពេញ បានជាព្រះអង្គនឹងមិនធ្វើទុក្ខទេ។ 24 ហេតុនោះបានជាមនុស្ស តែងតែកោតខ្លាចព្រះអង្គ តែព្រះអង្គមិនយោគយល់អ្នកណា ដោយសារគេមានប្រាជ្ញានោះទេ»។ |
© 2016 United Bible Societies
Bible Society in Cambodia