ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច
ណាហ៊ុម 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាល្អ ព្រះអង្គជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកព្រះអង្គជាទីពឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះអង្គជាជម្រកនៅគ្រាមានអាសន្ន ព្រះអង្គមើលថែទាំអស់អ្នកដែលផ្ញើជីវិត លើព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក អាល់គីតាប អុលឡោះតាអាឡាមានចិត្តសប្បុរស ទ្រង់ជាជំរកនៅគ្រាមានអាសន្ន ទ្រង់មើលថែទាំអស់អ្នកដែលផ្ញើជីវិត លើទ្រង់ |
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច
ហើយពេលគេបានទទួលជំនួយ ទាស់នឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្ដាប់ដៃគេ ព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចម្បាំង ព្រះអង្គក៏ជួយ ដោយព្រោះគេបានទីពឹងព្រះអង្គ។
នៅវេលានោះ ពួកកូនចៅអ៊ីស្រាអែលត្រូវក្រាបចុះ ឯពួកកូនចៅយូដា គេមានជ័យជម្នះ ដោយព្រោះគេបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ
តើព្រះបាទហេសេគាមិនបញ្ចុះបញ្ចូលអ្នករាល់គ្នា ដើម្បីប្រគល់អ្នកឲ្យត្រូវស្លាប់ ដោយអត់បាយ អត់ទឹក ដោយនិយាយថា "ព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នានឹងប្រោសយើងឲ្យរួចពីកណ្ដាប់ដៃស្តេចអាសស៊ើរទេឬ?"។
រួចព្រះយេហូវ៉ាចាត់ទេវតាឲ្យមកបំផ្លាញមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានក្នុងទីបោះទ័ពរបស់ស្តេចអាសស៊ើរ ព្រមទាំងពួកអ្នកនាំមុខ និងពួកមេទ័ពទាំងអស់។ ស្ដេចក៏វិលទៅឯនគររបស់ទ្រង់វិញ ដោយសេចក្ដីអៀនខ្មាស ហើយពេលទ្រង់បានចូលទៅក្នុងវិហារនៃព្រះរបស់ទ្រង់ នោះបុត្របង្កើតរបស់ទ្រង់ក៏ធ្វើគុតទ្រង់ ដោយដាវនៅទីនោះ។
ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា សម្រាប់នឹងជួយ ហើយធ្វើចម្បាំងជំនួសយើង»។ ពួកបណ្ដាជនក៏ផ្អែកចិត្តទៅលើរាជឱង្ការនៃព្រះបាទហេសេគា ជាស្តេចយូដា។
គេច្រៀងឆ្លើយឆ្លងគ្នា ដោយពាក្យសរសើរតម្កើង និងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ចំពោះអ៊ីស្រាអែល»។ ប្រជាជនទាំងអស់ក៏ស្រែកឡើង ដោយសម្រែកយ៉ាងខ្លាំង នៅពេលគេសរសើរតម្កើងព្រះយេហូវ៉ា ព្រោះគេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះយេហូវ៉ា។
ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។
៙ ដ្បិតព្រះយេហូវ៉ាល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។
សូមព្រះយេហូវ៉ាឆ្លើយតបដល់ព្រះករុណា នៅថ្ងៃមានចលាចល សូមព្រះនាមនៃព្រះរបស់លោកយ៉ាកុប ការពារព្រះករុណា!
ព្រះយេហូវ៉ាល្អ ហើយទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គបង្រៀន មនុស្សបាបឲ្យស្គាល់ផ្លូវដែលត្រូវដើរ។
ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។
ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។
ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។
ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
ឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀង ពីឫទ្ធានុភាពរបស់ព្រះអង្គ ទូលបង្គំនឹងស្រែកច្រៀងពី ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅពេលព្រឹក ដ្បិតព្រះអង្គជាបន្ទាយ និងជាជម្រកដល់ទូលបង្គំ នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា។
សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាកន្លែងដែលទូលបង្គំ ចូលមករកថ្មដានេះជានិច្ច ព្រះអង្គបានចេញបញ្ជាឲ្យសង្គ្រោះទូលបង្គំ ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ។
នៅថ្ងៃទូលបង្គំមានសេចក្ដីវេទនា ទូលបង្គំអំពាវនាវរកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។
អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
ដ្បិតព្រះអង្គបានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកម្សត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរា ជាម្លប់បាំងកម្ដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង។
ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ និងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ
ក្នុងពួកអ្នករាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបម្រើព្រះអង្គ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយត្រូវពឹងផ្អែកទៅលើព្រះនៃខ្លួនចុះ។
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
សូមព្រះអង្គកុំបំភ័យទូលបង្គំ ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំក្នុងថ្ងៃអាក្រក់។
«ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ដូចជាអ្នកបានស្គាល់ផ្លែល្វាល្អនេះ យើងក៏នឹងស្គាល់ពួកយូដា ដែលត្រូវគេនាំទៅជាឈ្លើយនោះដែរ ដើម្បីនឹងប្រោសឲ្យគេបានសេចក្ដីល្អ គឺជាពួកអ្នកដែលយើងបានបណ្តេញចេញពីទីនេះ ទៅដល់ស្រុកខាល់ដេហើយ។
ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ាល្អដល់អស់អ្នកដែលរង់ចាំព្រះអង្គ គឺដល់ព្រលឹងអ្នកណាដែលស្វែងរកព្រះអង្គ។
ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការថា៖ «សូមឲ្យព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ ដែលទុកចិត្តដល់ព្រះអង្គ។ គេមិនបានធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តប្រថុយខ្លួន ជាជាងគោរពបម្រើ ឬថ្វាយបង្គំព្រះណាផ្សេង ក្រៅពីព្រះរបស់ខ្លួនឡើយ។
ពេលនោះ ស្ដេចមានព្រះហឫទ័យរីករាយក្រៃលែង ហើយក៏បញ្ជាឲ្យគេយោងដានីយ៉ែលចេញពីរូង។ ដូច្នេះ គេក៏យោងដានីយ៉ែលចេញពីរូង ហើយមិនឃើញមានរបួសណានៅខ្លួនលោកឡើយ ព្រោះលោកបានទុកចិត្តដល់ព្រះរបស់លោក។
ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីភ្នំស៊ីយ៉ូន ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម ផ្ទៃមេឃ និងផែនដីកក្រើករំពើក តែព្រះយេហូវ៉ាជាជម្រកដល់ប្រជារាស្ត្ររបស់ព្រះអង្គ ជាទីមាំមួនដល់ប្រជាជនអ៊ីស្រាអែល។
ប៉ុន្ដែ យើងនឹងទុកប្រជាជនមួយពួកដែលទន់ទាប ហើយកម្សត់ទុគ៌តនៅកណ្ដាលអ្នក គេនឹងស្វែងរកទីពួនជ្រកក្នុងព្រះនាមព្រះយេហូវ៉ា
វាទុកចិត្តដល់ព្រះ សូមឲ្យព្រះរំដោះវាឥឡូវចុះ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងវា! ដ្បិតវាពោលថា "ខ្ញុំជាព្រះរាជបុត្រារបស់ព្រះ"»។
ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា "យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ" »។
ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះដែរ ហើយចៀមទាំងនោះមកតាមខ្ញុំ។
ដូច្នេះ ចូរពិចារណាមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបរបស់ព្រះចុះ គឺទ្រង់ប្រិតប្រៀបចំពោះអស់អ្នកដែលដួល តែមានព្រះហឫទ័យសប្បុរសចំពោះអ្នក ដរាបណាអ្នកនៅជាប់នឹងសេចក្តីសប្បុរសរបស់ព្រះអង្គ ពុំនោះ អ្នកក៏នឹងត្រូវកាត់ចេញដែរ។
តែឥឡូវនេះ ដែលអ្នកបានស្គាល់ព្រះហើយ ឬថា ព្រះបានស្គាល់អ្នករាល់គ្នាវិញប្រសើរជាង នោះម្ដេចបានជាអ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍ផ្សេងៗខាងបឋមសិក្សា ដែលខ្សោយ ហើយឥតបានការដូច្នេះ? តើអ្នករាល់គ្នាចង់នៅជាប់ជាបាវបម្រើដល់ការទាំងនោះទៀតឬ?
ប៉ុន្តែ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានត្រាចារឹកថា «ព្រះអម្ចាស់ស្គាល់អស់អ្នកដែលជារបស់ព្រះអង្គ» ហើយថា «ចូរឲ្យអស់អ្នកដែលហៅព្រះនាមព្រះអម្ចាស់ ថយចេញពីអំពើទុច្ចរិតទៅ» ។